កម្ពុជា​-​ភូមា​ជំរុញ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ ពាណិជ្ជកម្ម និង​វិនិយោគ​អាកាសចរណ៍​ស៊ី​វិល

124

រាជធានី​ភ្នំពេញ ៖ តាម​លទ្ធផល​ផ្លូវការ​នៃ​កិច្ចប្រជុំ JCBC រវាង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​ភូមា​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២ កុម្ភៈ ២០១៩ បាន​ឲ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ស៊ីជម្រៅ​អំពី​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី និង​វិធានការ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​ដូច​ជា កិច្ច​ពិគ្រោះ​យោបល់​នយោបាយ ពាណិជ្ជកម្ម និង​វិនិយោគ​ទេសចរណ៍ អាកាសចរណ៍​ស៊ី​វិល វប្បធម៌ សាសនា អប់រំ កសិកម្ម និង​បរិស្ថាន ហិរញ្ញវត្ថុ និង​ធនាគារ​។

Loading...

គួរ​បញ្ជាក់​ថា តប​តាម​ការ​អញ្ជើញ​របស់​លោក ច ទី​ន រដ្ឋមន្ត្រីក្រសួង​សហប្រតិបត្តិការ អន្តរជាតិ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​។ លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ កម្ពុជា​ចូលរួម​ធ្វើ​ជា​សហ​ប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា – មី​យ៉ា​ន់​ម៉ា (JCBC) លើក​ទី​២ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៣១ ខែមករា -០១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​រដ្ឋធានី​ណៃ​ពិដោ ប្រទេស​មី​យ៉ា​ន់​ម៉ា​។

នៅ​មុន​កិច្ចប្រជុំ​នេះ​លោក ប្រាក់ សុ​ខុន និង​ឯកឧត្តម ច ទី​ន បាន​ជួប​គ្នា​ក្នុង​ជំនួប​ខ្លី ដែល​ក្នុង​ឱកាស​នោះ រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ជម្រាប​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​អំពី ស្ថានការណ៍​វិ​វត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា ក៏​ដូច​ជា​ការ​ចែករំលែក​ទស្សនៈ​លើ​បញ្ហា​តំបន់ ដែល​មាន​ប្រយោជន៍​រួម​។ រដ្ឋមន្ត្រី​ទាំង​ពីរ​លើកទឹកចិត្ត​ឱ្យ​មាន​សកម្មភាព​រួម​គ្នា​ដើម្បី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា នៅ​ឆ្នាំ​២០២០​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​លើក​ទី​១ នៅ​កម្ពុជា​នៅ​ឆមាស​ទី​២ នៃ​ឆ្នាំ​២០១៩​នេះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​បាន​លើក​ឡើង​ថា​៖ ដោយ​កត់សម្គាល់​ឃើញ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅ​ឆ្នាំ​២០១៨ ភាគី​ទាំង​ពីរ​បាន​ឯកភាព ពិភាក្សា អំពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀងទ្វេភាគី​ថ្មី​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ព​ន្លឿ​ន​ការ ចរចា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កឹ​ប​កេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ ទៅ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល​។ ក្រសួងការបរទេស​កម្ពុជា​បន្ត​ថា​៖ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ទេសចរណ៍ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ជំរុញ​យុទ្ធនាការ «​អង្គរ​-​បា​ហ្កា​ន​៖ ទីក្រុង​បុរាណ​ពីរ – គោលដៅ​តែ​មួយ​»​។

ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​ជើងហោះហើរ​ត្រង់​ត​ភ្ជាប់ ខេត្តសៀមរាប និង​បា​ហ្កា​ន ដើម្បី​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា ពង្រឹង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ប្រជាជន និង​ប្រជាជន​។ ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ អង្គប្រជុំ​បាន​ឯកភាព​ព​ន្លឿ​ន​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​ឆ្នាំ​២០១៧ – ២០២១ ដើម្បី​កសាង​សមត្ថភាព​យុវជន និង​ស្វ័​យ​អភិវឌ្ឍន៍​។ ក្នុង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សាសនា ភាគី​ទាំង​ពីរ​ឯកភាព​ពិចារណា​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​ទាំង​ពីរ​នេះ​។

ក្រសួងការបរទេស​កម្ពុជា​បញ្ជាក់​ថា​៖ ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ពី​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ និង​ការ​សម្របសម្រួល​ដ៏​ជិត​ស្និទ្ធ​រវាង ប្រទេស​ទាំង​ពីរ​លើ​ឆាក​តំបន់ និង​អន្តរជាតិ​។ នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ JCBC លើក​ទី​២ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន និង​លោក​រដ្ឋមន្ត្រី ច ទី​ន បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ JCBC លើក​ទី ៣ នៅ​ប្រទេស​កម្ពុជា នា​ឆ្នាំ​២០២១​។ ស្រប​នឹង​កិច្ចប្រជុំ​នេះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​លោក វិ​ន ម្ញិ​ន​ត៍ ប្រធានាធិបតី និង​លោក​ជំទាវ អ៊ុ​ង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​សហភាព មី​យ៉ា​ន់​ម៉ា​។

ក្នុង​ជំនួប​សម្តែង​ការ​គួរសម​ទាំង​ពីរ​ខាងលើ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ពាំនាំ​នូវ​ការ អញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​លោក​ប្រធានាធិបតី និង​លោក​ជំទាវ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ា​ន់​ម៉ា​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​របស់​មី​យ៉ា​ន់​ម៉ា​បាន​សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ទទួលយក​ការ​អញ្ជើញ​នេះ​។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ជម្រាប​ដោយ​សង្ខេប​ជូន​លោក ប្រធានាធិបតី និង​លោក​ជំទាវ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ា​ន់​ម៉ា​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ JCBC លើក​ទី​២​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ​របស់​មី​យ៉ា​ន់​ម៉ា​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ ក៏​ដូច​ជា​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ដែល​កំពុង​រីក​ចម្រើន​។ ថ្នាក់ដឹកនាំ​មី​យ៉ា​ន់​ម៉ា​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំង​ពីរ​ធ្វើការ​ជាមួយ​គ្នា​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​ឈាន​ដល់​កម្រិត​មួយ​ថ្មី​ទៀត​៕ ដោយ ៖ ស​.​សុខុម