ខេត្តសៀមរាប ៖ តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌ និងឃ្លាំងផ្ទុកនូវទំនៀមទម្លាប់ប្រពៃណីខ្មែរ យ៉ាងសម្បូរបែប ដែលនេះក៏ជាផ្នែកមួយនៃការលើកតម្លៃជាសាកលនៃរមណីយដ្ឋានអង្គរ។ ឯការប្រកបរបរផលិតធូបក៏ជាផ្នែកមួយដែលអ្នកស្រុកអង្គរបានប្រកបតាំងពីយូរយារណាស់មកហើយ និងនៅបន្តធ្វើរហូតដល់សព្វថ្ងៃ ដោយចំណេះជំនាញនេះក៏ជាការផ្ទេរមរតកពីជំនាន់មួយទៅជំនាន់មួយ។

សូមបញ្ជាក់ថា ធូបគឺជាគ្រឿងក្រអូបធ្វើដោយលម្អិតសំបកឈើ ស្លឹកឈើ ខ្លឹមឈើ ឬជ័រឈើ ប្រទាលមានក្លិនក្រអូបប្រហើរ សម្រាប់អុជបង្ហុយផ្សែងជាគ្រឿងបូជា។ មុខរបរនេះនៅមានបន្តធ្វើរហូតដល់ សព្វថ្ងៃក្នុងចំនួនតិចតួចគ្រួសារប៉ុណ្ណោះ មានរបៀបផលិត និងវត្ថុធាតុដើមធ្វើធូប មិនខុសគ្នាប៉ុន្មានទេ ដ្បិតរបៀបធ្វើធូបចេះតៗគ្នា ពីភូមិមួយទៅភូមិមួយ ហើយបន្សល់សម្រាប់ផលិតប្រើក្នុងគ្រួសារផង និងជាមុខរបរសម្រាប់ចិញ្ចឹមជីវិតផង។ ពួកគាត់អាចរកទិញ និងលក់ដូរបានយ៉ាងងាយស្រួលនៅតាម ទីផ្សារវត្តអារាម និងបុណ្យទាននៅតាមភូមិជាដើម។

អ្នកស្រី ហុំ មឿន រស់នៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបរាប់ប្រាប់ថា ជីវិត និងការធ្វើធូបលក់ របស់ពួកគាត់ គឺបន្តវេន មកពីម្តាយរបស់គាត់រហូតដល់សព្វថ្ងៃ ក្រោយពីម្តាយរបស់គាត់ដួលបាក់ដៃ ពុំអាចបន្តរការងារនេះកើត។ អ្នកស្រី មឿន បានរៀបរាប់ឱ្យដឹងទៀតថា «ចំពោះធូបដែលខ្ញុំធ្វើលក់ ថ្វីត្បិតមិនមានរូបរាងតូចឆ្មារ ស្អាតល្អដូចធូបដែលនាំចូលពីក្រៅប្រទេស ប៉ុន្តែអ្នកភូមិជិតឆ្ងាយតែងមកទិញយកទុកអុជ ជាប្រចាំ ព្រោះគេដឹងថាធូបខ្ញុំធ្វើជាប្រភេទធូបធម្មជាតិ គ្មានលាយឡំជាតិគីមី ប្រើតែរុក្ខជាតិ ប្រទាល ឬថ្នាំរុក្ខជាតិដែលធ្វើឱ្យមានក្លិនក្រអូប អុជឆេះល្អ»។

អ្នកស្រី ក៏រៀបរាប់ពីវត្ថុធាតុដើមដែលយកមកផលិត ធូបឱ្យប្រអូប មានខ្លះដាំទុកនៅនឹងផ្ទះស្រាប់ រីឯខ្លះទៀតទាល់តែទៅរកនៅឯភ្នំ ឬព្រៃ ដែលសុទ្ធសឹងជា រុក្ខជាតិថ្នាំបុរាណ ប្រទាលក្រអូប ពូកែស័ក្តិសិទ្ធិ ដូចជាដើមប្រាក់ ដើមពោល្យំ ពុំសែន មើមប្រោះតាសេ វល្លិ៍ឆ្នូត សំបោបាយ និងស្លឹកកំប៉ោជាដើម។ ហេតុនេះពេលអុជធូប ក្លិនក្រអូបជួយឱ្យស្មារតីធូរស្រាល កាត់បន្ថយនឿយហត់ មិនប៉ះពាល់ដល់សុខភាព។ ចំពោះវិធីធ្វើវិញ គឺយកវត្ថុធាតុទាំងអស់នេះដាក់ហាល ថ្ងៃឱ្យស្ងួត បន្ទាប់មកយកទៅបុកឱ្យម៉ដ្ឋ ហើយរែងយកតែម្សៅ រួចយកទៅលាយជាមួយទឹកដើម្បីឱ្យម្សៅ សើមស្អិត អាចលញ់ជាមួយទ្រនុងធាងដូង ហើយរូតជាមួយម្សៅស្ងួត រួចដាក់ហាលថ្ងៃឱ្យស្ងួតជាការ ស្រេច។

នេះជារូបមន្តដែលឪពុកម្តាយបន្សល់ទុកមកសម្រាប់គ្រួសារអ្នកស្រី ហើយត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យថ្នាំបុរាណនីមួយៗសមស្របគ្នា ទើបធូបមានគុណភាពខ្ពស់ ក្លិនក្រអូប»។ នេះគឺជាការផ្ទេរចំណេះដឹង និងជំនាញក្នុងការប្រកបរបរ ចិញ្ចឹមជីវិត ដល់កូនចៅជំនាន់ក្រោយដែលមនុស្ស ក្នុងតំបន់អង្គរតែងតែចែករំលែកដើម្បីកុំឱ្យបាត់បង់ ទើបនៅតំបន់អង្គរ នៅមានវប្បធម៌សម្បូរបែប នៅរស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិស្រុក ចៀសវាង ទៅចំណាកស្រុក ហើយធូបរបស់ពួកគាត់ គឺផលិតចេញពីឱសថបុរាណខ្មែរពិតៗ ១០០% មិនចាញ់ធូបនាំចូល ពីប្រទេសជិតខាងឡើយ។

ចំណែកក្រុមការងារ ស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា តែងតែខិតខំចងក្រងប្រមូលនូវទំនៀមទម្លាប់ ប្រពៃណីក្នុងតំបន់អង្គរមកផ្សព្វផ្សាយ និងសូមគាំទ្រចំពោះការ ថែរក្សាមរតកវប្បធម៌ទាំងនេះឱ្យមានភាពរស់រវើក និងសូមឱ្យប្រជាជនខ្មែរ ងាកមកគាំទ្រ ផលិតផលខ្មែរ ដើម្បីលើកស្ទួយជីវភាពប្រជាជនផង និងការអភិរក្សផង៕ ដោយ ៖ ច័ន្ទ រស្មី

