រាជធានីភ្នំពេញ ៖ បើតាមការពិនិត្យជាក់ស្តែងថ្ងៃចូលឆ្នាំចិនវៀតណាមនាថ្ងៃដំបូងដែលបងប្អូនចិនហៅថា «ថ្ងៃឈីវអិត» សម្រាប់រាជធានីភ្នំពេញហាក់ដូចជាមានសភាពស្ងាត់ជាងឆ្នាំមុនៗ ក៏ប៉ុន្តតាមដងវិថីនានា ក្នុងនោះមាន មហាវិថីព្រះមុនីវង្ស, មហាវិថីព្រះនរោត្តម,វិថីព្រះស៊ីសុវត្ថិ រហូតដល់រសៀលទើបចរាចរ គឺមានការស្ងប់ស្ងាត់ មិនសូវមានរថយន្តម៉ូតូធ្វើដំណើរនោះទេ វាខុសថ្ងៃធម្មតាតែងតែស្ទះចរាចរគ្រប់ដងវិថី ។

ដោយឡែកផ្សារធំៗវិញ មានផ្សារធំថ្មី,ផ្សារអូរឫស្សី,ផ្សារចាស់,ផ្សារកណ្តាល ត្រូវបានបិទទ្វារដោយ ជីវករខ្លះបង្ខំចិត្តចេញមកតាំងលក់ខោអាវនៅក្រៅរបង ដោយសារតែកន្លែងផ្ញើកង់គេបានឈប់ នេះនិយាយតែផ្សារធំថ្មីមួយប៉ុណ្ណោះ តែការកកស្ទះចរាចរជុំវិញមិនមានឡើយ។ អ្នកស្រី បាន ណៃ ដែលលក់ខោអាវនៅផ្សារធំថ្មីបាននិយាយឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ សម្រាប់រូបអ្នកស្រី ដែលមានតូបលក់ត្រឹមត្រូវនៅក្នុងផ្សារធំថ្មីហើយបង្ខំចិត្តចេញមកលក់តាមចិញ្ចើមផ្លូវដោយសារតែពេលចូលឆ្នាំចិនម្តងៗខាងគណៈកម្មការផ្សារគេបិទទ្វារមិនឲ្យលក់ឡើយ។

ហើយឃើញថា យើងមិនមែនសែស្រឡាយចិន ទើបលក់ជាធម្មតាក្រែងវាចំណូលកើនជាងថ្ងៃធម្មតាតែមិននឹកស្មានថា ផ្សារគេបិទទ្វារទៅចូលឆ្នាំចិននឹងគេដែរ។ អ៊ុំស្រី ជី នាង លក់បន្លែនៅផ្សារធំថ្មីផ្នែកខាងលិចបាននិយាយថា នៅថ្ងៃចូលឆ្នាំចិន វៀតណាម ផ្សារធំថ្មីបានបិទទ្វារ ជុំវិញផ្សារទាំងអស់មិនអនុញ្ញាតឲ្យអាជីករ ណាម្នាក់ លក់នៅក្នុងផ្សារនោះទេ។ ដោយឡែកនៅតាមស្តង់លក់គ្រឿងសមុទ្រ ត្រី បន្លែ និងគ្រឿងហូបចុកលក់ជា ធម្មតា តែក៏មានក្រុមសន្តិសុខយាមប្រចាំការផងដែរ ហើយជារៀងរាល់ឲ្យតែចូលឆ្នាំចិនគឺគណៈកម្មការ ផ្សារគេចាក់ទ្វារជុំវិញតែអីចឹងទំនងជាគេជាប់សែស្រឡាយចិនហើយមើលទៅ។

មន្ត្រីសាលាខណ្ឌ ដូនពេញ មួយរូបបានប្រាប់ថា ជារៀងរាល់ឆ្នាំ គណៈកម្មការផ្សារមិនបានបិទផ្សារមិនឲ្យបងប្អូនអាជីវករ លក់ក្នុងផ្សារនោះទេគឺដោយសារតែអាជីវករមកលក់តិចព្រោះអាជីវករដែលជាប់សែបស្រឡាយ ចិនភាគច្រើនមិនមកលក់ទើបគណៈកម្មការផ្សារបង្ខំចិត្តបិទខាងក្នុងតែអនុញ្ញាតឲ្យបងប្អូនអាជីវករលក់នៅខាងក្រៅរបងហើយការលក់នេះមានរយៈពេលបីទើបផ្សារបើកដំណើរការជាធម្មតាវិញ។ ដោយឡែកនៅផ្សារកណ្តាល ផ្សារចាស់ ផ្សារអូរឫស្សី ក៏ត្រូវបានគណៈកម្មការផ្សារបិទទ្វារផងដែរ ហើយឃើញអាជីវករនាំគ្នាខាងក្រៅរបងមិនខុសគ្នាពីផ្សារធំថ្មីប៉ុន្មានឡើយ ហើយឲ្យតែចូលឆ្នាំចិនគឺបិទផ្សារ ព្រោះអាជីវករភាគច្រើនជាប់សែស្រឡាយចិន។

គេសង្កេតឃើញថា ផ្លូវនៅជុំវិញផ្សារមិនមានការកកស្ទះដូចថ្ងៃធម្មតានោះទេហើយហាងលក់គ្រឿងអេឡេត្រូនិច គ្រឿងទំនិញផ្សេងត្រូវបានបិទទ្វារ ដោយឡែកការធ្វើចរាចរនៅលើស្ពានមិត្តភាពកម្ពុជា ចិន វិញមិនមានការកកស្ទះដែរ។ បុណ្យចូលឆ្នាំប្រពៃណីចិន គឺជាបុណដ៏សំខាន់មួយ របស់បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន ហើយនៅឆ្នាំ២០១៩នេះ បុណ្យនេះត្រូវប្រារព្ធឡើងរយៈពេល៣ថ្ងៃគឺថ្ងៃទី០៥-០៦ និងថ្ងៃទី០៧ ខែកុម្ភៈ៕ ដោយ ៖ ទុយ ប៊ុនរី





