ចាប់ខ្លួន​គូស្នេហ៍​មួយគូ ក្រោយ​ពេល​ត្រួតពិនិត្យ​រក​ឃើញ​ថ្នាំ​ញៀន

184

រាជធានី​ភ្នំពេញ ៖ គូសង្សារ​១​គូ​ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរ និង​កម្លាំង​នគរបាល ផ្នែក​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ឃាត់ខ្លួន​បន្ទាប់​ពី​សង្ស័យ​ថា​ពាក់ព័ន្ធ ទៅ​នឹង​ការ ជួញដូរ​គ្រឿងញៀន​។ ការ​ចាប់ខ្លួន​នោះ​ខណៈ​ពេល​ដែល​កម្លាំង​នគរបាល​ខាងលើ អនុវត្តន៍​នូវ​បទបញ្ជា របស់​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន​។

Loading...

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវ​បាន​ឃាត់ខ្លួន បាន​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​លេខ​២១៧ នៅ ត្រង់​ចំណុច​ឃ្លាំង​ផ្គត់ផ្គង់​គ្រឿងសំណង់​មួយ​កន្លែង​ដែល​មាន​ទីតាំង​សិ្ថ​ត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ហើយ​គូសង្សារ​នេះ​ម្នាក់​ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​បន្ទប់​ជួល​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ ថា ស្រី​កែវ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា​។

ក្រោយ​ពេល​ចាប់ខ្លួន​កម្លាំង​នគរបាល​ខាងលើ ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​០៣​កញ្ចប់​តូច​, ម៉ូតូ​០១​គ្រឿង​ម៉ាក​ស៊ី​ទី​ផ្លឹ​ស​សេ​១០០​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​(​ម៉ូតូ​ចាស់​)​។ ប្រភព​ដដែល បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន លោក​វរ​សឹ​នី​យ៍​ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​បញ្ជា​កម្លាំង​នគរបាល​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរ និង​កម្លាំង​នគរបាល ផ្នែក​អន្តរាគមន៍ ឲ្យ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរ​ផ្លូវគោក​នៅ​ត្រង់​ចំណុច​ខាងលើ​នោះ​។

លុះដល់​វេលា​ម៉ោង​ខាងលើ​បានឃើញ​គូស្នេហ៍​ខាងលើ​ជិះ​ម៉ូតូឌុប​គ្នា​ឆ្លងកាត់​គោលដៅ​នោះ​ហើយដោយ​មានការ​សង្ស័យ ទើប​កម្លាំង​ហៅ​ឲ្យ​ឈប់​ធ្វើការ​ត្រួតពិនិត្យ​ហើយ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​០៣​កញ្ចប់​តូច ទើប​ចាប់ខ្លួន​តែ​ម្ដង​។ បន្ទាប់​មក​បាន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការ​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាល​ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា