អាជ្ញាធរ​ស្រុក​សាលា​ក្រៅ ចុះ​ពិនិត្យ​ប្រភព​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ

219

ខេត្ត​ប៉ៃលិន ៖ ដោយ​សង្កេត​ឃើញ​ថា ឈាន​ចូល​មក​ដល់​រដូវប្រាំង​នេះ ទឹកអូរ បឹងបួរ និង​ទឹកស្ទឹង នៅ​តាម​តំបន់​នានា​មួយ​ចំនួន​ក្នុង​ខេត្ត ចាប់ផ្តើម​រីង​ខះ​បន្តិច​ម្តង​ៗ ទើប​ខាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​ទីតាំង ដើម្បី​បង្ការ​ទឹក​ទុក​សម្រាប់ ប្រជាពលរដ្ឋ​ប្រើប្រាស់​ឱ្យ​បាន​យូរអង្វែង​។ ចៀសវាង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​ពេល​មេឃ​រាំង​ស្ងួត ហួតហែង​នា​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

Loading...

ហេតុការណ៍​ចុះ​ត្រួតពិនិត្យ​ទឹក​ប្រើប្រាស់​សម្រាប់​ប្រជាពលរដ្ឋ នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​កោះ​កែវ និង​ភូមិ​ស្រែ​អន្ទាក់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ​។ ប្រភព​ព័ត៌មាន​ពី​លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ដោយ​មិន​ចង់ឱ្យ​ប្រជាពលរដ្ឋ​ទទួល​រង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នា​ពេល​ខាង​មុខ ដែល​ផ្ទៃមេឃ​នឹង​ចាប់ផ្តើម​រាំង​ស្ងួត​រយៈពេល​យូរ ទើប​ខាង​លោក​បាន​សហការ​ជាមួយ លោក យឹ​ម ភឿន មេឃុំ​សាលា​ក្រៅ និង​ក្រុមការងារ​ស្រុក​សាលា​ក្រៅ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ប្រភព​ទឹក​សម្រាប់​ប្រើប្រាស់ ប្រចាំ​ថ្ងៃ របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃុំ​ស្រុក​ខាងលើ​។

លោក​បន្ត​ទៀត​ថា រហូត​មក​ដល់​ដើមខែ​កុម្ភៈ​នេះ ទឹកអូរ និង​ទឹកស្រះ​មានការ​រីងស្ងួត​បន្តិច​ម្តង​ៗ​ហើយ ទើប​ខាង​លោក​ចុះ​ពន្យល់​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ សន្សំទុក នូវ​ទឹក​ក្នុង​ស្រះ​របស់​ខ្លួន​ឱ្យ​បាន​គង់​វង់ មិន​ត្រូវ​ខ្ជះខ្ជាយ​នោះ​ឡើយ ហើយ​ក៏​ត្រូវ​ត្រៀមខ្លួន ជា​ស្រេច ព្រោះ​អាកាសធាតុ​មានការ​ក្តៅ​ខ្លាំង​នៅ​ប៉ុន្មាន​ខែ​ឆាប់​ៗ​ខាង​មុខ​នេះ​។ លោក​បញ្ជាក់​ថា ខាង​មន្ទីរ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​បូមទឹក​ស្រះ យក​ទៅ​ដាក់​ស្រែប្រាំង​របស់​ខ្លួន​នោះ​ឡើយ ព្រោះ​ទឹក​កាន់តែ​តិច​ទៅ​ៗ បើ​នៅ​តែ​បន្ត​នាំ​គ្នា​បូម​ដាក់​ស្រែប្រាំង​ទៀត អាច​នឹង​អស់​ទឹក​ពី​ស្រះ ងាយស្រួល​ទទួល​រង​នូវ​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផង​ដែរ​។

លោក​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ​នេះ លោក​នឹង​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ឃុំ​ស្ទឹង​ត្រង់ ដើម្បី​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ឱ្យ​ចេះ​ថែរក្សា​សន្សំ​សំចៃ​ទឹក​ទុក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ព្រោះ​នៅ​ខែ​ខាង​មុខ​នេះ មេឃ​នឹង​រាំងភ្លៀង​រយៈពេល​យូរ ហើយ​បើសិនជា​ពលរដ្ឋ​មាន​ថវិកា​គ្រប់គ្រាន់ អាច​នឹង​នាំ​គ្នា​ជីក​ស្រះ ឬ​អណ្តូង​នៅ​ក្បែរ​ៗ​ផ្ទះ ដើម្បី​ងាយស្រួល​ទាញ​យក​ទឹក​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ស្រាប់​ក្រុម​គ្រួសារ​៕ ដោយ ៖ នី​យ៉ា