ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដកហូត​គ្រឿងញៀន​៨​កញ្ចប់

161

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​អង្គស្នួល​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម ដោយ​ដកហូត​បាន​គ្រឿងញៀន​រួម​ជាមួយ​វត្ថុ​តាង មួយ​ចំនួន​ផង​ដែរ​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​ខ្នង​ប្រឡាយ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ពពេល ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

Loading...

ជនសង្ស័យ​ឈ្មោះ សុង ខឺ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ផ្សា​ដែក មាន​ស្រុ​កំណើត នៅ​ក្នុងភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​(​សព្វថ្ងៃ​ស្នាក់​នៅ​ក្នុងភូមិ ខាងលើ​)​។ ក្រោយ​ពី​ការ​ចាប់ខ្លួន​នគរបាល​បាន​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៨​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​ចុច​ពិល​១​គ្រឿង ព្រមទាំង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​នេះ​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន ស្រុក​អង្គស្នួល​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​។

ភ្លាម​ៗ​នោះ នគរបាល​ខាងលើ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី យាន់ ចាន់ អធិការរង​នគរបាល​ស្រុក និង​ក្រោម​បញ្ជា​ដោយ​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​។ បាន​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ក្រាំង​ម្កាក់ ធ្វើការ​ឃាត់ខ្លួន​ខណៈ​ដែល​ជនសង្ស័យ រូប​នោះ កំពុង​ឈរ​នៅ​លើ​ផ្លូវ​ខ្នង​ប្រឡាយ​ខាងលើ​រង់ចាំ​ម៉ូយ​ទៅ​ទិញ​ថ្នាំ​ញៀន​។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​ការ​ឃាត់ខ្លួន​ត្រួតពិនិត្យ​បានឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​០៨​កញ្ចប់​តូច​នៅ​ក្នុង​ហោប៉ៅ​ខោ​របស់​ជនសង្ស័យ​ទើប​នគរបាល​នាំ​ទៅ​កាន់​ប៉ុស្ដិ៍​ធ្វើការ​សាកសួរ​។

ខណៈនោះ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​នេះ ម្ដង​ៗ​ក្នុង​តម្លៃ​១០​ម៉ឺន​រៀល ពី​បុរស​ម្នាក់​ផ្សេង​ទៀត​ឈ្មោះ សុខ សំបូរ អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ បន្ទាប់​មក​បាន​យក​ទៅ​រំលែក​លក់​បន្ត ហើយ​រាល់ពេល​លក់ដាច់​អស់​ម្ដង​ៗ​ចំណេញ​បាន​២០​ម៉ឺន​ដែរ​។ ក្រោយ​ពេល​ទទួល​បាន​ចម្លើយ​សារភាព​ខាងលើ​នេះ ហើយ​កម្លាំង​នគរបាល​ខាងលើ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់​ហើយ​៕ ដោយ ៖ យន់ ស៊ី​ថា