ជនជាប់ចោទ ហូ ចំរើន រត់គេច​ពី​ម៉ាស៊ីន​ថត​អ្នកកាសែត​នៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍

164

រាជធានី​ភ្ន​ពេញ ៖ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ កុម្ភៈ ២០១៩​នេះ បាន​បើ​សវនាការ​សាកសួរ​ដេញដោល លើ​បណ្តឹង​ជំទាស់​សុំ​នៅ​ក្រៅ​ឃុំ (​មុន​កាត់ទោស​លើ​អង្គសេចក្តី​) របស់​ជនជាប់ចោទ​គឺ​ឧកញ៉ា ហូ ចំរើន ចំពោះ​ការ​សម្រេច​ឃុំខ្លួន​បន្ត ពី​សំណាក់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ​។ សវនាការ​បាន​ធ្វើ​ឡើង​ដោយ​អសាធារណៈ ពោល​គឺ​ចំពោះ​មុខ​ជនជាប់ចោទ និង​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ដើមបណ្តឹង និង​ចុង​ចម្លើយ​តែ​ប៉ុណ្ណោះ ដែល​សវនាការ​នោះ​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល ជា​ច្រើន​ម៉ោង និង​ត្រូវ​បាន​បញ្ចប់​វិញ ទើប​សភា​ស៊ើប​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ខាង​មុខ​នេះ​។

Loading...

ប៉ុន្តែ​អ្វី​ដែល​គួ​ឲ្យ​គត់​សម្គាល់​នោះ​គឺ ក្រោយ​ពេល​សវនាការ​ចប់​ភ្លាម ជនជាប់ចោទ​(​ឧកញ៉ា ហូ ចំរើន​) ត្រូវ​បាន​សាច់ញាតិ និង​ក្រុម​គ្រួសារ រួម​ទាំង​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ផង បាន​នាំ​គ្នា​បិទ​បាំង និង​ជម្លៀស​ខ្លួន​ជនជាប់ចោទ ហូ ចំរើន ចេញ​តាម​ទ្វារ​ចំហៀង នៃ​សាល​សវនាការ​សាលាឧទ្ធរណ៍ គេច​ពី​ម៉ាស៊ីន​ថត​របស់​អ្នកកាសែត​។ ខណៈ​ពេល​អ្នកកាសែត​នៅ​រង់ចាំ​ទ្វារ​មុខ ជាមួយ​រថយន្ត​ទំនើប​របស់ ពន្ធនាគារ​ព្រៃ​ស ដែល​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ទៅ​មក ស្រាប់តែ​គេ​នាំ​ជនជាប់ចោទ ហូ ចំរើន ចូល​ទៅ​រថយន្ត​សាច់ញាតិ​មួយ​ផ្សេង​ទៀត ហើយ​បាន​បើក​ចេញ​ទៅ​ផ្ទេរ​គ្នា​វិញ នៅ​ផ្លូវ​សាធារណៈ​ក្បែរ​ព្រះ​បរមរាជវាំង ។

ដើមចម បណ្តាល​ឲ្យ​សភា​ស៊ើបសួរ​សួរ​បើក​សវនាការ​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​ជនជាប់ចោទ ហូ ចំរើន នេះ កាលពី​ស​ប្តា​ហ៍​មុន​នោះ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាប់ចោទ ហូ ចំរើន បន្ត​ពី​ទោស​ដែល​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ស្រាប់ ករណី​ទៅ​នឹង​បណ្តឹង​ថ្មី​មួយទៀត​របស់​ឈ្មោះ KIM MYUNGIL ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​ជនជាតិ​កូរ៉េ អតីត​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​(​អ្នកលក់​) ក្រុមហ៊ុន KTC INTERNATIONAL CO.LTD ជា​សហគ្រាស​ឯកជន ស្នាក់​នៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ពោធិ សង្កាត់​គោក​រកា ខណ្ឌ​ព្រែ​ព្នៅ រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ពី​បទ​.​ឆបោក រំលោភ​ទំនុកចិត្ត មិន​បំពេញ​កាតព្វកិច្ច​ចំពោះ ឧបករណ៍​ជួញដូរ​បាន បាន​ប្រព្រឹត្ត​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៥ លើ​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក​។

បាន​កត់សម្គាល់​ទៀត​ថា ជនជាប់ចោទ ហូ ចំរើន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ជិត​១​ឆ្នាំ មក​ហើយ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ផ្ទុះអាវុធ​នៅ​ក្នុង​ជម្លោះ​ក្រុម​គ្រួសារ ដែល​សំណុំរឿង​នោះ​ត្រូវ​បាន​ក្រុមប្រឹក្សា ជំនុំ​ជំ​ម្រះ សាលាដំបូង​រាជធានី​ភ្ន​ពេញ សម្រេច​ផ្ត​ន្តា​ទោស​ឧកញ៉ា ហូ ចំរើន ដាក់​ពន្ធនាគារ​កំណត់​១៨​ខែ​។ ដូច្នោះ​ជនជាប់ចោទ ហូ ចំរើន នៅ​មិន​ទាន់​អនុវត្ត​ទោស​រឿង​ផ្ទុះអាវុធ​គំរាម​ក្រុម​គ្រួសារ​គ្រប់​ចំនួន​ផង ក៏​ត្រូវ​រង នូវ​បណ្តឹង​ជាប់ចោទ​ពី​បទ​. ឆបោក និង​រំលោភ​ទំនុកចិត្ត ជា​ច្រើន​រឿង​ពី​អ្នក​វិនិយោគ​គិ​ន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ទៀត​ផង​។

អ្វី​ដែល​សំខាន់​ទៀត​នោះ​គេ​បាន​សង្កេត​ឃើញ​ថា ជនជាប់ចោទ​ឧកញ៉ា​សំបូរ​លុយ ហូ ចំរើន មិន​ដែល​ស្លៀក​សម្លៀក​បំពាក់​ឈុត​ជា​អ្នកទោស​ទេ ហើយ​នៅ​ពេល​ដឹក​មក​តុលាការ​ម្តង​ៗ ក៏​មិន​ដែល​ជិះ​រថយន្ត​រួម​សម្រាប់​ដឹក​អ្នកទោស​ដែរ គេ​ច្រើន​ជិះ​រថយន្ត​ផ្ទាល់​របស់​មន្ត្រី​អនុរក្ស​ពន្ធនាគារ​។ ចំពោះ​មុខ​មាន​ក្រុម​អា​ម៉ី​អា​ថោ​ង តាម​បិទ​បាំង​មិន​ឲ្យ​អ្នកកាសែត​ថតរូប​អ្នកទោស ហូ ចំរើន ឡើយ ជាក់ស្តែង​នៅ​សាលាឧទ្ធរណ៍​ដាក់​ឡាន​ចាំ​ទ្វារ​មុខ រួច​នាំ​ចេញ​ទ្វារ​ក្រោយ​គេ​ពី​ម៉ាស៊ីន​ថត​អ្នកកាសែត​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់