ភ្ញៀវ​ទេសចរណ៍​បរទេស​មានការ​កើនឡើង​ជាង​ឆ្នាំ​មុន ខណៈ​អ្នក​ទេសចរណ៍​ជាតិ​មានការ​ថយ​ចុះ

144

ខេត្តសៀមរាប ៖ យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​បង្ហាញ​ថា នៅ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន ឆ្នាំ​២០១៩​នេះ មាន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត នៅ​តាម​រមណី​ដ្ឋា​ន​ធម្មជាតិ និង​ប្រាសាទបុរាណ​នានា​នៅ​ក្នុង​ខេត្តសៀមរាប មាន​ចំនួន ៩៣.៦០៥​នាក់ មានការ​កើនឡើង ៣,៩៨​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៨ ដែល​មាន ចំនួន​ប្រមាណ ៩០.៨២៦​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​ចំនួន ៤១.៦០៥​នាក់ មានការ​កើនឡើង ២២,២៧ ភាគរយ ខណៈ​ភ្ញៀវ​ទេសចរណ៍​ជាតិ​មាន​ចំនួន​ប្រមាណ​៥​ម៉ឺន​២​ពាន់​នាក់ មានការ​ថយ​ចុះ ៧,១៤​ភាគរយ បើ​ប្រៀបធៀប រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ចំនួន​ប្រមាណ ៥​ម៉ឺន​៦​ពាន់​នាក់​។

Loading...

លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ពី​បុណ្យចូលឆ្នាំ​ចិន​មិនមែន​ពិធីបុណ្យ​ជាតិ​របស់​ខ្មែរ​ក៏​ពិតមែន តែ​នៅ​កម្ពុជា មាន​បងប្អូន​ខ្មែរ ជាប់សែស្រឡាយ​ចិន​ច្រើន ដូច្នេះ​ហើយ​បានជា​បងប្អូន​ប្រជាពលរដ្ឋ​ខែ្ម​រដែ​ល​ជាប់​ខ្សែស្រឡាយ​ចិន បាន​ដើរទៅ​កម្សាន្ត​នៅ​តាម​រមណី​ដ្ឋា​ន​នានា​ច្រើន ជា​ពិសេស​នៅ​ខេត្តសៀមរាប​នេះ មាន​រមណី​ដ្ឋា​ន សម្រាប់​សម្រាក​លំហែកាយ​កម្សាន្ត​ច្រើន​ទាំង​បែប​ប្រវត្តិសាស្ត្រ និង​បែប​ធម្មជាតិ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ចូល​ឆ្នាំ​ចិន​ឆ្នាំ​២០១៩​នេះ អ្នក​ទេសចរណ៍​ជាតិ​មានការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ដោយសារ ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​នេះ មិន​ប៉ះ​ចំ​ថ្ងៃ​ឈប់​សម្រាក​របស់​មន្ត្រីរាជការ ដូច​កាលពី​ឆ្នាំ​២០១៨​។

លោក ចាន់ សុខ​ភា អនុប្រធាន​ក្លិប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​នេះ ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា​ខេត្តសៀមរាប​ពិតជា​ច្រើន​ជាង​ឆ្នាំ​មុន ព្រោះ​តាម​ការ​ស្ទង់​ពី​ក្លិប​ប្រតិបត្តិ​ករ​ទេសចរណ៍​ឃើញ​ថា នៅ​តាម​បណ្តា​សណ្ឋាគារ​ស្ទើរ​ទាំងអស់ មានការ​កក់​ស្នាក់​នៅ​ពេញ​ចាប់ពី​ថ្ងៃ​ទី​០៤​ដល់​ថ្ងៃ​ទី​០៧ ប៉ុន្តែ​សម្រាប់​ថ្លៃ​បន្ទប់ គឺ​គ្មាន​ការ​ដំឡើង​ថ្លៃ ហូ​សហេតុ​ពេក​នោះ​ទេ ហើយ​ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប ឃើញ​ថា អ្នក​ទេសចរណ៍​ជនជាតិ​ចិន​ស្ថិត​នៅ​លំដាប់​លេខ​១ រីឯ​ជនជាតិ​អា​មេ​រិ​ក​ស្ថិត​នៅ​លំដាប់​លេខ​២ និង​ភ្ញៀវ​ជាតិ​នៅ​លំដាប់​លេខ​៣៕ ដោយ ៖ ច័ន្ទ រស្មី