កម្លាំងប្រដាប់អាវុធ​ប្រមាណ​ជាង​២​ពាន់​នាក់ ស្តារ​កំប្លោក​ចេញពី​ស្ទឹង​ស្វាយចេក

191

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​អនុវត្ត​នូវ​សារាចរ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ទាក់ទង​នឹង​ឆ្នាំ​នេះ ប្រឈម​ទៅ​នឹង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ដោយ​កត្តា​រាំង​ស្ងួត​មាន​រយៈពេល​យូរ​នោះ​។ ឯកឧត្តម សួន បវរ អភិបាលខេត្ត និង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ រួម​មាន​កងកម្លាំង​នគរបាល​ខេត្ត កងពលតូច​ថ្មើរជើង​លេខ​៥១ តំបន់សឹករង​ខេត្ត កង​រាជ​អាវុធ​ខេត្ត មន្ត្រីរាជការ អាជ្ញាធរ​ដែនដី ប្រមាណ​ជាង​២​ពាន់​នាក់ បន្ត​ការ​ស្តា​របារ​កំប្លោក ក្នុង​ស្ទឹង​ស្វាយចេក បន្ថែម​ទៀត​ជា​លើក​ទី​៣ ដែល​មាន​ចម្ងាយ​ប្រវែង​១.៧០០​ម៉ែត្រ​។

Loading...

ឯកឧត្តម សួន បវរ អភិបាលខេត្ត និង​ជា​ប្រធាន​រដ្ឋបាល​ខេត្ត បន្ទាយ​មាន​ជ័យ មាន​មតិ​សំណេះសំណាល នា​ឱកាស​នោះ បាន​បញ្ជាក់​ថា​៖ យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើមឆ្នាំ​២០១៩​នេះ ព្រះរាជ​ណា​ចក្រ​កម្ពុជា និង​ទទួល​រង​ដោយ​ប្រយោល​ពី​ឥទ្ធិពល​បាតុភូត អែ​ល​នី​ណូ ឥទ្ធិពល​នាំ​បាតុភូត​នេះ នឹង​បង្ក​ឲ្យ​ធាតុអាកាស នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​រដូវប្រាំង​នេះ ពិសេស​ក្នុង​ខែមេសា និង​ខែឧសភា មាន​សភាព​ក្តៅ​ហួតហែង កម្ដៅ​ឡើង​ដល់​៤០-៤២​អង្សារ​សេ និង​មាន​ភ្លៀង​កក់ខែ​តិច បាតុភូត​ផ្គរ រន្ទះ និង​ខ្ស​ល់​កន្ត្រាក់​កើតឡើង​ច្រើន​។

ជាមួយ​គ្នា​នោះ​ដែរ រាជរដ្ឋាភិបាល​បាន​ធ្វើការ​ណែនាំ ១/-​ការងារ​បង្កបង្កើត​ផល ស្រូវប្រាំង​ឆ្នាំ​២០១៩​នេះ គឺ​អាច​ធ្វើ​បាន​តែ​ម្តង​ប៉ុណ្ណោះ មិន​អាច​ធ្វ​ជា​លើក​ទី​២ បាន​ទេ បើ​ទោះបី​ទឹក​នៅ​តាម​បណ្តា​អាង ដែល​បាន​រក្សា​ទុក​នៅ​កន្លែង​មួយ​ចំនួន ដែល​បាន​ទឹកជា​ធម្មជាតិ​ក៏​ដោយ ត្រូវ​តែ​រក្សា​ទឹក​ទុក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។ ក្រសួង និង​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់​ត្រូវ​ចូលរួម​ថែរក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ សម្រាប់​ផ្គត់ផ្គង់ ប្រើប្រាស់​ប្រចាំ​ថ្ងៃ​រហូត​ដល់​មាន​ភ្លៀង​ធ្លាក់ និង​ត្រៀមកម្លាំង​ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយ​គ្រោះ​ធម្មជាតិ​។ ជាក់ស្តែង​នា​ថ្ងៃនេះ យើង​បាន​យើង​បាន​ស្តារ​កំប្លោក ចក ចេញពី​ស្ទឹង​ស្វាយចេក​នេះ គឺជា​ការ​ចូលរួម​ថែរក្សា​ទឹក​ទុក​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ជូន​គាត់​ប្រើប្រាស់​នា​រដូវប្រាំង​នេះ​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ថ្លែងអំណរគុណ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ពិសេស​គឺ​កងកម្លាំង​នគរបាល ខេត្តបន្ទាយមានជ័យ ដែល​មាន​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ដឹកនាំ តែងតែ​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់ ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​សង្គម​ជា​ច្រើន ក្រៅពី​ការ​រងារ​ស្នូល​។ នា​ឱកាស​នោះ​ឯកឧត្តម សួន បវរ ក៏​បាន​ឧ​បត្ត​ម្ភ​រួម​មាន មី ទឹក​សុទ្ធ ដល់​កងកម្លាំង​ទាំង​បី​ប្រភេទ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។ ដោយ​ក្តី​អំណរ​សាទរ និង​ភាព​សប្បាយ រីករាយ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​តាម​មាត​ស្ទឹង ពួក​គាត់​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំង​បី​ប្រភេទ​បាន​ចុះ​មក​ស្តា​របារ​កំប្លោក​ចេញពី​ស្ទឹង ដែល​កន្លង​មក​មាន​កំប្លោក​ចក និង​ពើក ការ​ប្រើប្រាស់​ទឹកស្ទឹង​នេះ ជួប​បញ្ហា​ធុំក្លិន​ភក់ និង​ងូត​មាន​ភាព​រមាស់​៕ ដោយ ៖ ណុ​ប រក្សា