មកស្ដាប់ការបកស្រាយ ម្ចាស់ស្នាដៃមីល្ពៅខ្មែរបន្តិចមើល៍ !

298

ខេត្តបាត់ដំបង ៖ កំពុងតែល្បីនៅក្នុងប្រទេសកម្ពុជាដោយសារស្នាដៃសិស្សខ្មែរម្នាក់ ឈ្មោះ គិម វ៉ាង ភេទប្រុស អាយុ២៥ឆ្នាំ បានបញ្ចប់ការសិក្សានៅឆ្នាំ២០១៧ ផ្នែកបរិញ្ញាបត្រជំនាញ វិទ្យាសាស្ត្រចំណីអាហារ នៅសាកលវិទ្យាល័យបាត់ដំបង ហើយបានចេញទៅប្រឡូក ការងារ ស្រាវជ្រាវបន្តនៅក្រុងភ្នំពេញរបស់ក្រុមហ៊ុនធំៗ របស់បរទេសចំនួន២ក្រុមហ៊ុន។

Loading...

ដើម្បីស្រាវជ្រាវសម្រេចធ្វើការផលិតចេញជាមីល្ពៅ នេះឡើង ក្នុងគោលដៅជួយទិញ ល្ពៅពីកសិករខ្មែរ និងបង្កើតផលិតផលថ្មី ប្លែក ហើយមានរសជាតិខុសគេ ពណ៌ល្ពៅ ក្លិនល្ពៅ រសជាតិល្ពៅ និងពិសោធន៍អស់រយៈពេលជិតពីរឆ្នាំចុងក្រោយនេះ គឺចង់ឲ្យកូនខ្មែរយើង និងជនជាតិផ្សេងទៀតទទួលទាន អាហារដែលលមានសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព ថែមទាំងជួយដល់សុខភាពទៀតផង។

ទើបបញ្ចេញលទ្ធផលនៃការស្រាវជ្រាវនោះ មកនៅថ្ងៃទី២៨ និង២៩ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ ទើបមានការភ្ញាក់ផ្អើលភ្លាមៗផងដែរ ហើយក៏មានអ្នកមានលុយ លំដាប់តំណាងក្រុមហ៊ុន បានធ្វើការចូលរួមសហការ ឬទិញផ្តាច់ចំណេះដឹង ដើម្បីទៅស៊ីឈ្នួលឲ្យក្រុមហ៊ុននោះទៅវិញ។ ដែលក្នុងរយៈពេល ក្នុង១សប្តាហ៍កន្លងមកនេះ និស្សិតជាម្ចាស់មីល្ពៅ បានបដិសេធមិនទទួលការវិនិយោគឡើយ ហើយរាល់ការផ្សាយអំពី មីល្ពៅតាមប្រព័ន្ធបណ្តាញសង្គមនោះក៏មិនមែនជារបស់ខ្ញុំដែរ គឺជាព័ត៌មានក្លែងក្លាយ ក្នុងការឈ្នានីស ច្រណែននិន្ទាតែប៉ុណ្ណោះ។

នេះជាសម្តីសិស្សនិស្សិត គិម វ៉ាង ដែលធ្វើការប្រកាសបែបនេះ ធ្វើឲ្យមតិជាច្រើនបានបញ្ចេញឡើង មានអ្នកខ្លះរិះគន់ទាំងគ្មានមូលដ្ឋានគ្រឹះសេដ្ឋកិច្ច អ្នកខ្លះទៀតបញ្ចេញ យោបល់ប្រៀបដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនគេ ខ្លះទៀតថាគេល្ងង់ ថាគេមិនឆ្លាត មិនចេះទទួលយក ព្រោះមានគេត្រូវការទិញយកទាន់មានឱកាស  ហើយក៏មានមតិល្អៗ ក្នុងន័យជួយផ្ដល់ជាគំនិត និងប្រកបដោយការយល់ដឹង មានក្រមសីលធម៌ដូចគ្នាផងដែរ។

យុវជននិស្សិត គិម វ៉ាង បានបង្ហាញជំហរថា (ខ្ញុំមិនបានខឹងអាក់អន់ស្រពន់ចិត្តអ្វីទេចំពោះការវាយប្រហារមកនោះ ព្រោះមនុស្សមានគំនិតខុសគ្នា មានយុទ្ធសាស្ត្រខុសៗគ្នា) តែសំខាន់ខ្ញុំចង់ជួយលើកតម្កើងផលិតផលខ្មែរ ត្រូវរក្សាឲ្យបាននូវគុណភាព តម្លៃមិនឡើងថ្លៃនៅពេលមានតម្រូវការច្រើន ត្រូវធានាគុណភាពសម្រាប់នាំចេញក្រៅប្រទេស តាមកម្រិតស្តង់ដារនៃប្រទេសនីមួយៗ។

ព្រោះមានប្រទេសធំៗចំនួន២ កំពុងតែទាក់ទងមករៀបចំផលិតតាមតម្រូវការ តែមិនទាន់ធានាបាន ព្រោះពេលនេះខ្លួនខ្ញុំទើបតែចាប់ផ្តើមឈរតែប៉ុណ្ណោះ ហើយមិនចង់ឲ្យផលិតផលនេះ សាបរលាបគ្មានតម្លៃក្រៅពីបានស្រាវជ្រាវរកឃើញនៅបាត់ដំបងនេះឡើយ។ ហើយពេលនេះគឺគោលបំណង សំខាន់ចង់បានការជួយរៀបចំជំរុញពីរាជរដ្ឋាភិបាលកម្ពុជា ទាំងផ្នែកច្បាប់ និងរសជាតិ គុណភាព ដែលប្រជាជនកម្ពុជាកំពុងទទួលស្គាល់នេះ ឲ្យមានការធានាបានរីកចម្រើននៅពេលខាងមុខជាបន្តទៅទៀត ។

ដោយមានការចាប់អារម្មណ៍ពីរាជរដ្ឋាភិបាល លោក សុង សេងហួត អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បានដឹកនាំប្រធានមន្ទីរ សិប្បកម្ម និងមន្ត្រីជំនាញក្នុងខេត្តបានចុះត្រួតពិនិត្យមើលការផលិត កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ហើយការផលិត យុវជន គិម វ៉ាង បានប្រាប់ថា ក្នុងមួយថ្ងៃសិប្បកម្មលោកអាចផលិតមីល្ពៅ បានចន្លោះពី២០ ទៅ៣០ថង់ ក្នុងមួយថ្ងៃ ដោយមួយថង់មាន១០ដុំ តម្លៃ៤,៥០០ រៀល ក្នុងនោះអាចរកប្រាក់ ចំណូលបានប្រមាណ១០ម៉ឺនរៀលជារៀងរាល់ថ្ងៃ ដោយប្រើបុគ្គលិកសុទ្ធតែជាសិស្ស និសិ្សតប្អូនៗ ដែលទុកចិត្តចំនួន៥នាក់ ធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។

ហើយបានធ្វើការ សុំទោសចំពោះការកុម្មង់ទិញមិនទាន់បានគ្រប់គ្រាន់នៅតាមទីផ្សារ ហើយក៏មិនទាន់មានហាងណាមួយ យកទៅប្រើប្រាស់លក់ឲ្យបានគ្រប់គ្រាន់ផងដែរ ព្រោះផលិតមិនទាន់ ក្នុងគម្រោងទៅអនាគតត រូបគេនឹងពង្រីកសិប្បកម្មនេះឲ្យកាន់តែធំឡើង ដើម្បីជួយប្រមូលទិញផលល្ពៅពីប្រជាកសិករបានកាន់តែច្រើន ទោះយ៉ាងណាក្ដីយុវជនរូបនេះ ប្រាប់ថា ប្រមូលទិញផ្លែល្ពៅណាដែលប្រើប្រាស់តែជីធម្មជាតិតែប៉ុណ្ណោះ មិនទទួលទិញល្ពៅប្រើប្រាស់សារធាតុគីមីឡើយ។

យុវនិស្សិត គិម វ៉ាង ជាកូនកសិករម្នាក់មានប្អូន៤នាក់ មានឪពុកជាកសិករ និងម្ដាយជាមេផ្ទះ កំពុងរស់នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដោយសារជីវភាពខ្វះខាត រូបគេខិតខំរៀនសូត្ររហូតបានទទួលជោគជ័យ ហើយបានយកតម្រិះវិជ្ជាដែលខ្លួនមានមកច្នៃឲ្យចេញជារូបរាង ដែលអាចជួយដល់គ្រួសារ ហើយថែមទាំងជួយដល់ប្រជាកសិករដែលដាំបន្លែគ្មានទីផ្សារទៀតផង៕ ដោយ ៖ ហួត សុងហាក់