រត់គេច​ខ្លួន​ពី​ខេត្តកំពង់ធំ មក​ជាប់​ខ្នោះ​នៅ​ប៉ៃ​លិ​ន !

186

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​បាន​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម នៅ​ខេត្តកំពង់ធំ លុះ​នគរ​បាន​ដេញ​ចាប់ខ្លួន​តាម​ដីកា ស្រាប់តែ​រូបគេ​រត់គេច​ខ្លួន​ទៅ​សម្ងំ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​។ ប៉ុន្តែ​ស្នាក់​នៅ​សុខ​ៗ បែរជា​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​មួយ​ភ្លែត រួច​បែរជា​យក​ទៅ​លក់​យ៉ាង​រំភើយ ក៏​ត្រូវ​ម្ចាស់​ប្តឹង​នគរបាល​ឱ្យ​តាម​ចាប់​ឃាត់ខ្លួន​តែ​ម្តង​។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃអាទិត្យ ០៦​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​បាយសី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ​។

Loading...

ប្រភព​ព័ត៌មាន​ពី​លោក រី តារា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ មានឈ្មោះ ឡុ​ង វី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​មិន​ពិតប្រាកដ ដោយ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​រំលោភ​លើ​ទំនុកចិត្ត ជន​រង​គ្រោះ​ម្នាក់ ឈ្មោះ យុន ចាន់​នី ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជា​កសិករ រស់នៅ​ក្នុងភូមិ​បាយសី ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​កាលពី​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់​ពី​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​តែ​មួយ​ភ្លែត​សោះ បែរជា​យក​ទៅ​លក់ ដើម្បី​យក​លុយ​ទិញ​គ្រឿងញៀន​សម្រាប់​ប្រើប្រាស់​អស់ រួច​ក៏​រត់គេច​ខ្លួន ខណៈ​រូបគេ​ក៏​ជា​មុខសញ្ញា មាន​ដីកាចាប់ខ្លួន​របស់​តុលាការខេត្ត​កំពង់ធំ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នេះ​ផង​ដែរ​។

លោក​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង ពី​ជន​រង​គ្រោះ​ខាងលើ​រួច​មក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​សហការ​ជាមួយ​នគរបាល​ស្រុក​កំ​រៀង ខេត្តបាត់ដំបង ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ភ្លាម​ៗ ខណៈ​មាន​ប្រជាពលរដ្ឋ​ឃើញ និង​រាយការណ៍​ទាន់​ពេលវេលា ។ ពាក់ព័ន្ធ នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​សា លា​ក្រៅ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ឱ្យ​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ នី​យ៉ា