ប្រាសាទមេបុណ្យខាងលិច កំពុង​ត្រូវ​បាន​បន្ត​ជួសជុល​ឡើង​វិញ

232

ខេត្តសៀមរាប ៖ ប្រាសាទមេបុណ្យខាងលិច ត្រូវ​បាន​ចាប់ផ្តើម បន្ត​ជួសជុល​ឡើង​វិញ​កាលពីដើម​ខែមករា ឆ្នាំ​២០១៩ បន្ទាប់​ពី​មាន​បញ្ហា​កង្វះ​ថវិកា​នា​ពេល​កន្លង​មក​។ ក្នុង​ពេល​ទស្សនកិច្ច​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទ មេបុណ្យ​ខាងលិច នា​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៩ លោក ហង់ ពៅ អគ្គនាយក នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន លើក​ឡើង​ថា ការដ្ឋាន​នេះ​បាន​ចាប់ផ្តើម​ដំណើរ​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ តាម​រយៈ កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថានទូត​បារាំង និង​អាជ្ញាធរ​ជាតិ​អប្សរា​។

Loading...

ក្រៅពី​នេះ​ស្ថានទូត បារាំង​ក៏​បាន​ប្រគល់​នូវ រថយន្ត​ចំនួន​២​គ្រឿង​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​យក​មក​ប្រើប្រាស់​សម្រាប់​ការដ្ឋាន​នេះ​ផង​ដែរ​។ ប្រាសាទ​មេបុណ្យ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​បារាយណ៍ទឹកថ្លា បាន​ចាប់ផ្តើម​ជួសជុល​ឡើង​វិញ​ចាប់ពី​ឆ្នាំ​២០១២ ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​បារាំង និង​កម្ពុជា​។

ការដ្ឋាន​នេះ​មាន​ភាព​ស្មុគស្មាញ ដោយសារ វា​ស្ថិត​នៅ​ចំ​កណ្ដាល​បារាយណ៍ទឹកថ្លា ឬ​បារាយណ៍​ខាងលិច ដែល​ត្រូវ​បាន​លិច​ទឹក​ព័ទ្ធ​ជុំវិញ​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ បង្ក​ឱ្យ​មានការ​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​សម្ភារ​ក៏​ដូច​ជា​ដំឡើង​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ៗ​ទៀត​។ បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​បាន​ជួយ​បច្ចេកទេស​ទឹក​នៅ​ក្នុង​ការងារ​នេះ ដើម្បី​អនុញ្ញាត​ឱ្យ​ដំណើរការ​១២​ខែ​ក្នុង​មួយ​ឆ្នាំ​។

គួរ​បញ្ជាក់​ថា ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ នោះ​ដែរ ខាង​អាជ្ញាធរ​ជាតិ​អប្សរា​ដឹកនាំ​ដោយ​ឯកឧត្តម ហង់ ពៅ ចំណែក​ស្ថានទូត​បារាំង​ដឹកនាំ​ដោយ​លោក គី​យូ​ម ណា​ក​ហ្សឺ​ឡេ (Guillaume NARJOLLET) ដែល​ជា សហ​ប្រធាន​ក្នុង​គម្រោង​ជួសជុល​ប្រាសាទ មេបុណ្យ​ខាងលិច​៕ ដោយ ៖ ច័ន្ទ រស្មី