នគរបាល​ឃាត់ខ្លួន​អ្នកកាសែត​៣​នាក់ សួរនាំ​តាម​បណ្ដឹង​ឈ្មួញ​រណ្ដៅ​ដី

85

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​បាន​ធ្វើការ​ចាប់ខ្លួន​បុរស​៣​នាក់ ដែល​បម្រើ​ឲ្យ​អង្គភាព សារព័ត៌មាន ចំនួន​៣ តាម​ពាក្យបណ្ដឹង​របស់​ឈ្មួញ​រណ្ដៅ​ដី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​គឺ​លោក តាក់ ជី​ឡៅ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ពី​បទ​កំហែង​យក​។ មិនតែប៉ុណ្ណោះ​អ្នក​ប្ដឹង​បាន​ទាមទារ​នូវ​សំណង​ជំងឺ​ចិត្តជា​ប្រាក់​ពី​ក្រុម អ្នក​សារព័ត៌មាន ខាងលើ​ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ថែម​ទៀត​ផង​។ ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្នុង​ការដ្ឋាន​រណ្ដៅ​ដី​របស់​លោក តាក់ ជី​ឡៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

Loading...

អ្នក​សារព័ត៌មាន​ទាំង​៣​នាក់ ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ រួម​មាន ១-​ឈ្មោះ អួន មិ​នា ភេទ​ប្រុស អាយុ​៣៧ ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​អង្គភាព​សារព័ត៌មាន «​ខេ​មរ​អង្គរ​» ២-​ឈ្មោះ ទន់ ម៉ូ​វ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​និពន្ធ​នាយក​អង្គភាព​សារព័ត៌មាន «​ខ្មែរ​ណូ​ត​» និង​៣-​ឈ្មោះ ធួ​ក សំណាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បម្រើ​ការងារ​នៅ​អង្គភាព​សារព័ត៌មាន «​កំពត​ដេ​លី​»​។ ចំណែក​អ្នក​ប្ដឹង និង​ជា​ម្ចាស់​រណ្ដៅ​ឈ្មោះ តាក់ ជី​ឡៅ អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កណ្ដាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ហើយ​ក្រៅពី​រកស៊ី​ជីកដី​លោក តាក់ ជី​ឡៅ ក៏​ជា​ក្រុមការងារ​គណៈ​ពង្រឹង​ឃុំ​ឆក់​ឈើ​នាង​នោះ ផង​ដែរ​។

នៅ​ក្នុង​ពាក្យបណ្តឹង​លោក តាក់ ជី​ឡៅ បាន​អះអាង​ថា អ្នកកាសែត​ទាំង​៣​នាក់​ខាងលើ បាន​រៀបចំ​ផែនការ ចូល​ទៅ​ក្នុង​ទីតាំង​ការដ្ឋាន​អាជីវកម្ម​រណ្តៅ​ដី​របស់​លោក ហើយ​បាន​ប្រើប្រាស់​រថយន្ត​របស់ ពួក​គាត់ ១​គ្រឿង ម៉ាក​ហុងដា ស៊ី​អរ​វី ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-0457 ទៅ​ចត​រាំងផ្លូវ​ចេញចូល មិន​ឱ្យ​រថយន្ត​ដឹក​ដី​របស់​លោក ចេញចូល​បាន​ឡើយ​។ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​កកស្ទះ​ផ្លូវ បន្ទាប់​មក​ក្រុម​អ្នកកាសែត​ទាំងនេះ​បាន​គំរាម​គំ​ហែង​ឲ្យ​កូនចៅ​របស់​លោក​ប្រគល់​ប្រាក់​ចំនួន​៥,០០០​ដុល្លារ ទៅ​ឱ្យ​ពួក​គេ​។

ពេល​នោះ ដោយ​មានការ​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​ពី​អំពើ​នោះ​លោក​ក៏​សម្រេចចិត្ត​ទូរ​សព្ទ័​ប្តឹង នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឆក់​ឈើ​នាង និង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​ជួយ​អន្តរាគមន៍​ឃាត់​ពួក​គេ​តែ​ម្ដង​។ ពេល​នេះ​លោក​សំណូមពរ​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ផ្ដន្ទាទោស​ដល់​អ្នក​ទាំង​៣​នាក់​នោះ ឲ្យ​បាន​ធ្ងន់ធ្ងរ និង​សុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​ខាងលើ​លោក ថា​ច់ សុ​វ​ណ្ណា នាយ​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បាន​ថ្លែង​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ពិតជា​មានរឿង​រ៉ាវ​បែប​នេះ​មែន ហើយ​រហូត​មក​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​១៣ ខែកុម្ភៈ អ្នកកាសែត​ទាំង​៣​នាក់​នោះ កំពុង​ស្ថិត​នៅ​ក្នុង​ការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​នៅឡើយ​។

ប៉ុន្តែ​មិនមែន​ជា​ការ​ឃាត់ខ្លួន​នោះ​ទេ គឺ​គ្រាន់តែ​ហៅ​មក​សួរនាំ​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​ទាន់​ដឹង​ថា​ចំណាត់ការ​បន្ត​ទៀត​បែប​ណា​នៅឡើយ​ដែរ​។ដោយឡែក​ប្រភព​ព័ត៌មាន​មួយ​បាន​និយាយ​ថា ក្រោយ​ពី​កា​ឃាត់ខ្លួន និង​រង​នូវ​ការ​ចោទប្រកាន់​បែប​នេះ ក្រុម​អ្នកកាសែត​ទាំង​៣​នាក់​នេះ បាន​បដិសេធ​ថា ពួក​ខ្លួន​មិន​បាន​យក​រថយន្ត​ចត​បាំង​ផ្លូវ​ដូច​ជា​ការ ចោទប្រកាន់​ឡើយ​។ តាម​ពិត​ពួក​គាត់​ចូល​ទៅ​ដើម្បី​ថតរូប​យក​ព័ត៌មាន​ពី​រណ្ដៅ​ដី​ដ៏​ជ្រៅ​ហួស​ក្បាល​ប្រេត ខាងលើ​ដើម្បី​យក​មក​ផ្សាយ​ប៉ុណ្ណោះ ប៉ុន្តែ​គ្រាន់តែ​ចូល​ទៅ​ដល់​ស្រាប់តែ​ត្រូវ កម្មករ​ខាង​រណ្តៅ​ដី​ខាងលើ ដែល​ជា​កូនចៅ​លោក តាក់ ជី​ឡៅ យក​ម៉ូតូ មក​រាំងផ្លូវ​មិន​ឲ្យ​ពួក​ខ្លួន​ចេញ ក្រោយមក​បាន​ប្ដឹង​នគរបាល មួលបង្កាច់​ពួក​ខ្លួន​ថា បាន​ចត​ឡាន​រាំងផ្លូវ​បែប​នេះ​ទៀត​។

ទោះបីជា​បែប​ណា​រឿង​នេះ​ប្រៀប​បាន​ពងមាន់​ជល់​នឹង​ថ្ម គឺ​បាន​ន័យ​ថា ក្រុម​អ្នកកាសែត​គឺ​ដូច​ជា​ពងមាន់ ចំណែក​លោក តាក់ ជី​ឡៅ ដូច​ជា​ថ្ម ព្រោះ​មាន​ទាំង​លុយ និង​អំណាច ដូច្នេះ​មិន​ទាន់​ដឹង​ថា តើ​ជោគវាសនា​របស់​អ្នកកាសែត​ទាំង​៣​ទៅ​ជា​យ៉ាងណា​នោះ​ឡើយ ហើយ​បើ​មានការ​វិវត្តន៍​បែប​ណា​នោះ​កោះសន្តិភាព​នឹង​ធ្វើការ​ចុះ​ផ្សាយ​បន្ត​ទៀត​៕ ដោយ ៖ យន់ ស៊ី​ថា