ឃើញ​ប៉ូលិស​ព្យាយាម​ជិះ​រត់ លុះ​ចាប់​បាន​ឆែក​ឃើញ​គ្រឿងញៀន

167

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​៣ ធ្វើការ​ឃាត់ខ្លួន​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់​ពី​កម្លាំង​ឆែកឆេរ​ឃើញ​មាន​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់ ក្នុង​ខ្លួន​របស់​គេ​។ ការ​ឃាត់ខ្លួន​ធ្វើ​ឡើង​នៅ​ចំណុច​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។

Loading...

ជនសង្ស័យ​មានឈ្មោះ ផា​ន់ ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ លោក ឯម ភា​រី នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​៣ បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន គឺ​កម្លាំង​របស់​លោក​បាន​ចេញ​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន ដើម្បី​ការពារ​នូវ​សន្តិសុខ​សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ លុះ​ល្បាត​ដល់​ចំណុច​ផ្លូវ​វេ​ង​ស្រេង ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ ជិះ​ម៉ូតូ​ម​យ​គ្រឿង​ម៉ាក MSX តែ​ម្នាក់ឯង ហើយ​ពេល​នោះ​ជនសង្ស័យ​ឃើញ​សមត្ថកិច្ច ក៏​កើត​អារម្មណ៍​ភ័យ​ខ្លាច ព្យាយាម​ជិះ​គេច​ពី​សមត្ថកិច្ច​យ៉ាង​លឿន​។

ប៉ុន្តែ​ភ្លាម​ៗ​នោះ​ដោយ​មានការ​សង្ស័យ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម រហូត​ឃាត់​បាន ក៏​សុំ​ធ្វើការ​ឆែកឆេរ​ខ្លួនប្រាណ ក៏​ប្រទះ​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​ក្នុង​ខ្លួន​របស់​គេ ទើប​នគរបាល​សម្រេច​ឃាត់ខ្លួន​តែ​ម្តង​។ ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ក្រាម​ស​ថ្លា ហៅ​ម៉ា​ទឹកកក ចំនួន​១២​កញ្ចប់ ហើយ​ដកហូត​ម៉ូតូ​ម៉ាក MSX មួយ​គ្រឿង ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1DH-6345​។ យ៉ាងណាមិញ​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​៣ រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ​៕ ដោយ ៖ ម៉​ម លី​ហេង