នាយក​សាលា​បឋម​សិក្សា​ចាងណាង អំពាវនាវ​សុំ​ឲ្យ​សប្បុរសជន​ជួយ​ជួសជុល​បណ្ណាល័យ

146

ខេត្តព្រៃវែង ៖ លោកនាយក​សាលា លោកគ្រូ​អ្នកគ្រូ នៃ​សាលា​បឋម​សិក្សា​ចាងណាង ព្រមទាំង​ប្រជាពលរដ្ឋ មួយ​ចំនួន​បាន​ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន​នានា​ដើម្បី​សុំ​ឲ្យ​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​ជួសជុល​បណ្ណាល័យ សម្រាប់​ដាក់ តម្កល់​សៀវភៅ ឯកសារ និង​សម្ភារៈ​សិក្សា​ផ្សេង​ៗ ទុក​សម្រាប់​ឲ្យ​សិស្ស​សិក្សា ស្រាវជ្រាវ ដើម្បី​បង្កើន​នូវ​ធនធាន​ចំណេះដឹង​ដល់​សិស្ស​។ លោក កែវ សុ​វ​ណ្ណា ដែល​ជា​នាយក​សាលា​ខាងលើ​បាន​ឲ្យ​ដឹង​ថា សាលា​បឋម​សិក្សា​ចាងណាង មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ពោធិ៍ ឃុំ​ជៃ​កំពក ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

Loading...

ដែល​មាន​អគារ​ចាស់​ទ្រុឌទ្រោម ចំណែកឯ​សិស្ស​ដែល​ចូល​ទៅ​សិក្សា​រៀនសូត្រ​នៅ​ក្នុ​សាលា​នោះ​គឺ សុទ្ធតែ​កូនចៅ​ប្រជា​កសិករ​ក្រីក្រ​។ ហើយ​កន្លង​មក​ដោយ​មើលឃើញ​ពី​ការ​ខ្វះខាត​នេះ​សប្បុរសជន​នានា ក្នុង​នោះ​មាន​លោក ស សុខា តំណាងរាស្ត្រ​ខេត្តព្រៃវែង​ផង​បាន​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​ជួសជុល​អគារសិក្សា ព្រមទាំង​ជួយ​ឧបត្ថម្ភ​ជា​សម្ភារ​សិក្សា និង​ថវិកា​ដល់​ក្មួយ​ៗ​ដែល​ជា​សិស្ស​ផង​ដែរ​។ លោកនាយក​សាលា បាន​បន្ត​ទៀត​ថា នៅ​ចំពោះ​មុខ​តម្រូវការ​ចាំបាច់​នា​ពេល​នេះ​សាលា​កំពុង​ជួប​ការ​ខ្វះខាត ថវិការ​ជាង​៥​លាន​រៀល សម្រាប់​ការ​ជួសជុល​បណ្ណាល័យ​មួយ​សម្រាប់​ដាក់​តម្កល់​សៀវភៅ ឯកសារ និង​សម្ភារ​សិក្សា​ផ្សេង​ៗ​ជា​ច្រើន​។

ដែល​ឯកសារ​ទាំងនោះ​សំខាន់​ខ្លាំង​ណាស់ ទុក​សម្រាប់​ឲ្យ​សិស្ស​សិស្សានុសិស្ស ធ្វើការ​ស្រាវជ្រាវ ដើម្បី​បង្កើន​នូវ​ធនធាន​ចំណេះដឹង ដល់​សិស្ស​ទាំង​អស់ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ផង​ដែរ​។ លោក​បន្ត​ថា ដើម្បី​តម្រូវការ​ជាក់ស្ដែង​ខាងលើ​នោះ​ហើយដោយ​សាលា​គ្មាន​លទ្ធភាព​ដើម្បី​សម្រេច​គោលដៅ​ដោយ​ខ្លួនឯង​បាន​ទើប​ពេល​នេះ​រូប​លោក​ផ្ទាល់​ដែល​ជា​នាយក​សាលា រួម​ជាមួយ​លោកគ្រូ​អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ដែល​មាន​កូនចៅ កំពុង​សិក្សា​រៀនសូត្រ​នៅ​ក្នុង​សាលា​នោះ បាន​សម្រេចចិត្ត​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​ឲ្យ​ជួយ ក្នុង​ការ​ជួសជុល​បណ្ណាល័យ​សម្រាប់​ប្រយោជន៍​សាលា​មួយ​នេះ​ផង​៕ ដោយ ៖ យន់ ស៊ី​ថា