អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ ដំឡើង​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ជាង​១០០​ផ្ទាំង

162

ខេត្តសៀមរាប ៖ ដើម្បី​លើកកម្ពស់​តំបន់​រមណីយដ្ឋាន​អង្គរ និង​ស្រប​តាម​អនុសាសន៍​ណែនាំ​របស់ គណៈកម្មាធិការ ICC-Angkor អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ឆ្លាក់​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ដែល​មាន​ទាំង អក្សរ​ខ្មែរ និង​អក្សរ​អង់គ្លេស ធ្វើ​ពី​ថ្មភក់​ប្រមាណ ១១៨​ផ្ទាំង ហើយ​គ្រោង​នឹង​លើកដាក់​តាម​ប្រាសាទ នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

Loading...

ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ បង្ហាញ​ជូន​នូវ​ព័ត៌មាន​សំខាន់​ៗ មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ដូច​ជា ឈ្មោះ​ប្រាសាទ អាយុកាល សាងសង់​ប្រាសាទ ទិស​ច្រកចូល ប្រាសាទ និង​អម​ដោយ​ស្លាក​សញ្ញា (Logo) ចំនួន​៤​គឺ ស្លាក សញ្ញា​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ចំ​កណ្តាល​ខាងលើ​ឈ្មោះ​ប្រាសាទ និង​ស្លាក​សញ្ញា​៣​ផ្សេង​ទៀត ដែល​នៅ​ខាងក្រោម​គឺ ស្លាក​សញ្ញា​យូ​ណេ​ស្កូ ស្លាក​សញ្ញា​បេតិកភណ្ឌ​ពិភពលោក និង​ស្លាក​សញ្ញា​អនុសញ្ញា​ក្រុង​ឡា​អេ ឆ្នាំ​១៩៥៤ សម្រាប់​ការ​ការពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ ប្រដាប់​អាវុធ​។

ផ្ទាំង​ស្លាក​សញ្ញា​ឈ្មោះ​ប្រាសាទ នេះ​មាន​០៣​ទំហំ​ផ្សេង​គ្នា ដោយ​គិត​ទៅ​តាម​ទីតាំង​ជាក់ស្តែង នៃ​ច្រកចូល​ប្រាសាទ ដែល​ដំឡើង​បាន គឺ​ទំហំ​ធំ​ចំនួន​១៦​ផ្ទាំង កម្ពស់​១.៥០០​ម​ម គុណ​នឹង បណ្ដោយ​៩១៤​ម​ម គុណ​នឹង​កម្រាស់​៤៦៤​ម​ម​។ ទំហំ​មធ្យម​ចំនួន ៥២​ផ្ទាំង កម្ពស់​១,២០០​ម​ម គុណ​នឹង បណ្ដោយ​៧៣១​ម​ម គុណ​នឹង កម្រាស់​៣៧១​ម​ម​។ ទំហំ​តូច​ចំនួន ៥០​ផ្ទាំង​កម្ពស់​១,០០០​ម​ម គុណ​នឹង​បណ្ដោយ​៦១៣​ម​ម គុណ​នឹង​កម្រាស់​៣១១​ម​ម​។

ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​ធ្វើ​ស្លាក​សញ្ញា​នៅ Artisans Angkor នា​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក សុខ សង្វារ អគ្គនាយករង​ទទួល​បន្ទុក នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ផ្ទាំង​ស្លាក​ឈ្មោះ​របស់​ប្រាសាទ​ដែល​បាន​ធ្វើ​រួចរាល់​ហើយ​មាន​ចំនួន​ប្រហែល​២៥%​នៃ ចំនួន​ផ្ទាំង​សរុប ខណៈ​ដែល​ផ្ទាំង​ខ្លះ​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឆ្លាក់​អក្សរ លាប​ពណ៌​បេតិកភណ្ឌ (​ពណ៌​ឈាម​ជ្រូក​) និង​ខ្លះ​ទៀត​កំពុង​ឆ្លាក់​ក្បាច់លម្អ​។

លោក​បន្ថែម​ថា ចំនួន​ផ្ទាំង​នេះ​គឺ​មិន​បាន​ដំឡើង គ្រប់​ប្រាសាទ​ទាំងអស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើយ ដោយហេតុ​ថា ប្រាសាទ​ខ្លះ​នៅ​ជ្រៅ​ក្នុង​ព្រៃ មិន​មាន​ទីតាំង​ដាក់​បាន​។ ចំពោះ​ទីតាំង​ដែល​ដំឡើង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ ក្រុមការងារ បាន​គិត​ទៅ​ចំណុច​៣​គឺ នៅ​ក្បែរ​ច្រកចូល​ទស្សនា​ប្រាសាទ ទីតាំង​ងាយ​មើលឃើញ​របស់​ភ្ញៀវ​ទេសចរ និង​ទីតាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ប្រាសាទ​ទាំងមូល​។

អាជ្ញាធរ​ជាតិ​អប្សរា សង្ឃឹមថា សមិទ្ធផល​នេះ​នឹង​ជួយ​ផ្ដល់​ភាព ងាយស្រួល និង​បទ​ពិសោធន៍​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ ក្នុង​ការ​ទស្សនា​តំបន់​អង្គរ ឆ្លើយ​តប​តាម​តម្រូវការ​ចាំបាច់​របស់​ភ្ញៀវ​ទេសចរ លើក​តម្លៃ​ប្រាសាទ និង​កិត្យានុភាព​ជាតិ និង​ទទួល​បាន នូវ​ព័ត៌មាន​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត កាន់តែ​មាន​ភាព ងាយស្រួល និង​ច្បាស់លាស់​បន្ថែម​ទៀត​៕ ដោយ ៖ ច័ន្ទ រស្មី