សត្វ​កន្ធាយ​ក្បាល​កង្កែប​ដ៏​ធំ​មួយ​ក្បាល ត្រូវ​បាន​អាជ្ញាធរ​យក​មក​លែង​ក្នុង​ទន្លេ

183

ខេត្តក្រចេះ ៖ សត្វ​កន្ធាយ​ក្បាល​កង្កែប​ញី​មាន​ទម្ងន់​ជាង​៣០​គីឡូក្រាម ត្រូវ​បាន​អាជ្ញាធរ យក​មក​លែង​នៅ​តំបន់ឆ្នេរ​ខ្សាច់​ទន្លេមេគង្គ​កោះ​ទ្រង់ បន្ទាប់​ពី​អាជ្ញាធរ​រក​ឃើញ​ថា ទីតាំង​ឆ្នេរ ខ្សាច់​នៅ​មុខ​ទីប្រជុំជន​ក្រុង​ក្រចេះ​នេះ ក៏​ជាទី​ជម្រក​មួយ​ដ៏​សំខាន់​របស់​អំបូរ​សត្វ​ទឹកសាប ដែល​ប្រឈម​នឹង​ការ​ផុត​ពូជ​ប្រភេទ​នេះ​។ ក្រុម​មន្ត្រី​ដែល​បាន​ចូលរួម​ធ្វើការ​លែង​សត្វ​កន្ធាយ​ដ៏​ធំ​មួយ ក្បាល​នេះ បាន​និយាយ​ឲ្យ​ដឹង​ថា សត្វ​កន្ធាយ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ទិញ​ពី​ពលរដ្ឋ​នេសាទ​នៅ​ស្រុក​សំបូរ និង​បាន​យក​លែង​ចូល​ក្នុង​ទន្លេ​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ​។

Loading...

ប្រធាន​ខណ្ឌ​រដ្ឋបាល​ជន​ផល​ខេត្ត លោក ស៊ៀ​ន គិ​ន បាន​ប្រាប់​ឲ្យ​ដឹង​ថា ទីតាំង​ឆ្នេរ​ខ្សាច់​កោះ​ទ្រង់​នៅ​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​ថា ជាទី​តាំង​មាន​សក្ដានុពល​មួយ​សម្រាប់​ផ្តល់​ជម្រក និង​បង្កាត់​ពូជ​របស់​សត្វ​កន្ធាយ​ក្បាល​កង្កែប​។ លោក​ថា អាជ្ញាធរ និង​មាន​ផែនការ​អភិរក្ស​តំបន់ឆ្នេរ​ខ្សាច់​នោះ​ដើម្បី​រក្សា​អាយុជីវិត​សត្វ​កន្ធាយ​។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ក៏​គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​កន្ធាយ​នៅ​លើ​កោះ​នេះ​ផង​ដែរ​។

ក្រុម​មន្ត្រី​បាន​អះអាង​ថា តាម​ការ​ស្រាវជ្រាវ​ចំនួន​សត្វ​កន្ធាយ​ក្បាល​កង្កែប​សព្វ​ថ្ងៃនេះ គឺ​មាន​ចំនួន​កើនឡើង​។ ការ​កើនឡើង​នោះ​ក៏​ត្រូវ​បាន​អាជ្ញាធរ​លើក​ឡើង​ថា ដោយសារ​តែ មានការ​រួម​គ្នា​អភិរក្ស​។ ការ​ផ្សព្វផ្សាយ​ពីសារ​សំខាន់​របស់​សត្វ​កន្ធាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ ពួក​គាត់​មានការ​យល់​ដឹង និង​ការ​បំផុស​ចលនា​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ថែរក្សា​សម្បុក និង​ពង នៅ​តាម​គោលដៅ​ជ​ក្រម​ដែល​មាននៅ​លើ​ខ្សាច់​លើ​កោះ​នានា ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​ធ្វើ ឲ្យ​ចំនួន​សត្វ​កន្ធាយ​នេះ​កាន់តែ​កើនឡើង​។

លោក ស៊ៀ​ន គិ​ន ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា សត្វ​កន្ធាយ​ក្បាល​កង្កែប​ជា​ប្រភេទ​សត្វ ទឹកសាប​ដ៏​កម្រ​ដែល​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក​។ សត្វ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​សេសសល់​តិចតួច​នៅ​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ​។ ពពួកសត្វ​នេះ​ភាគច្រើន​មាន​ជម្រក និង​បន្ត​ពូជ​នៅ​លើ​ខ្សាច់​នៅ​តាម​បណ្តា​កោះ​នានា ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ​៕ ដោយ ៖ ប៊ុ​ន លី​ន​ណា