ប្រពន្ធ​នាយក​សាលា​បឋម​សិក្សា​ច្រាំង​ចំរេះ ត្រូវ​ម្តាយកូន​សិស្ស​ប្តឹង​នគរបាល

158

រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​ប្រចាំ​ថ្នាក់​ទី​២(​ក​) សាលា​បឋម​សិក្សា​ច្រាំង​ចំរេះ ត្រូវ​ម្តាយកូន​ធ្វើ​ដំណើរ​ទៅ ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​កុ​ម្ភះ​នេះ​បន្ទាប់​ពី​ប្រើ​ហិង្សា​ដោយ​យក ដៃ​គក់​សិស្ស​ពីក្រោយ​បណ្តាល​ឲ្យ​ជាំ​ទាំង​ដុំ​។ អ្នកគ្រូ​ដែល​ត្រូវ​អាណាព្យាបាល​សិស្ស​ប្តឹង​នោះ​ឈ្មោះ ផ្លុ​ង គឹ​ម​ហេង ជា​ប្រពន្ធ​នាយក​សាលា​បឋម​សិក្សា​ច្រាំង​ចំរេះ និង​ជា​គ្រូ​ប្រចាំ​ថ្នាក់​ទី​២(​ក​)​។

Loading...

ចំណែក​ម្តាយ​ក្មេង ដែល​ប្តឹង​នោះ​ឈ្មោះ ម៉ៅ សុភា​រម្យ អាយុ​៣៦​ឆ្នាំ​។ រីឯ​កូនសិស្ស ឈ្មោះ បូ រិ​ទ្ធ​សុវណ្ណ​ដា​លី​ន ភេទ​ស្រី អាយុ​៧​ឆ្នាំ​។ តាម​ម្តាយ​ក្មេង​ស្រី​បាន​ឲ្យ​ដឹង​ថា អ្នកគ្រូ​ប្រចាំ​ថ្នាក់​រូប​នោះ បាន​ប្រើ​ហិង្សា​មក​លើ​កូនស្រី របស់​គាត់ ជា​ច្រើន​ដង​មក​ហើយ​។ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ នេះ នៅ​ពេល​កូនស្រី​ត្រឡប់​មក​ពី​រៀន ដោះ​អាវ​ឃើញ​ជាំ​ខ្នង​ក៏​បាន​សួរនាំ​ដឹង​ថា អ្នកគ្រូ​ប្រចាំ​ថ្នាក់​វៃ​ក៏​នាំ​កូន​មក​ប្តឹង​តែ​ម្តង​។

អាណាព្យាបាល​រូប​នោះ ក៏​បាន​ចាត់​ទុក​ថា​ការ​ប្រើ​ហិង្សា​នេះ​ជា​អំពើ​ឃោរឃៅ និង​មាន​ចរិត​ព្រៃផ្សៃ ពី​សំណាក់​គ្រូបង្រៀន​ដែល​មាន​តួនាទី​អប់រំ​ណែនាំ មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​ដែល​ជា​សិស្ស​នោះ​ទេ​។ ទោះបីជា​យ៉ាងណា​មាន​មតិ​ខ្លះ​ថា​ការ​វាយ​ប្រៀនប្រដៅ​គោលបំណង​ដើម្បី​ឲ្យ​ក្មេង​ចេះ​តែ​តែ​វា​ជ្រុលដៃ​។ តាម​លោកនាយ​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​នោះ​នៅ​ពេល​អ្នកគ្រូ​ហៅ​សិស្ស​ឡើង​ក្តា​ខៀន ធ្វើ​លេខគុណ​អត់​ចេះ​ក៏​បាន​វាយ​ខ្នង​មួយ​ដៃ​ជ្រុល​បណ្តាល​ឲ្យ​ជាំ​តែ​ម្តង​។

កន្លង​មក​ក្មេង​នោះរ​ពឺ​សត្រូវ​អ្នកគ្រូ​ប្រចាំ​ថ្នាក់​វាយ​ជា​ច្រើន​លើក​នឹង​បន្ទាត់​តែ​លើក​នេះ​វាយ​ដៃ​ទើប​បណ្តាល​ឲ្យ​ជាំ​។ បន្ទាប់​ពី​ម្តាយ​ដាក់​ពាក្យបណ្តឹង​នៅ​វេលា​រសៀល​នោះ នគរបាល​ក៏​បាន​ហៅ​អ្នកគ្រូ​ព្រមទាំង នាយក​សាលា​ដែល​ជា​ប្តី​មក​សាកសួរ​ព្រមទាំង​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​អ្នកគ្រូ និង​លោកនាយក​ក៏​បាន​សុំ​ទោស​ហើយ​នគរបាល​ធ្វើ​កិច្ចសន្យា​អប់រំ​ឈប់​ប្រើ​ហិង្សា​រួច​ឲ្យ​ត្រឡប់​ទៅ​វិញ​៕​ដោយ ៖ ម៉េ​ង ធា