សត្វ​ស្លាប​៣​ប្រភេទ​រាប់​ម៉ឺន​ក្បាល កំពុង​រស់នៅ​យ៉ាង​សុខសាន្ដ​នៅ​ព្រៃ​ភូមិ​វាល​ថ្លាន់

266

រាជធានី​ភ្នំពេញ ៖ ប្រសិនបើ​យើង​ធ្វើ​ដំណើរ​ចេញពី​រង្វង់​មូល​ដីក្រហម ឬ​រង្វង់​មូល​កួរស្រូវ តាម​ផ្លូវ​លេខ​១០៤ ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហួស​សាលាសង្កាត់​គង​ន​យ ខណ្ឌដង្កោ ប្រហែល​២០០​ម៉ែត្រ រួច​បត់​ឆ្វេង​ចូល​តាម​ផ្លូវលំ​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ​នោះ​។ យើង​នឹង​បាន​ទៅ​ដល់ ព្រៃរបោះ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​វាល​ថ្លាន់ សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ យើង​នឹង​បានឃើញ​ហ្វូង​សត្វ​ស្លាប​ចំនួន​៣​ប្រភេទ​។

Loading...

ដែល​មាន​ចំនួន​រាប់​ម៉ឺន​ក្បាល​ហោះហើរ ឆ្វាត់ឆ្វែង​រក​ចំណី​នៅ​ពេល​ព្រឹក និង​ពេល​ថ្ងៃ​ព្រមទាំង​ហើរ​វិល​ចូល​ទ្រនំ​វិញ​នា​ពេល​ល្ងាច ដែល​មើលទៅ​គួរ​ឲ្យ​ប្លែក ភ្នែក​ប្លែក​អារម្មណ៍​គួរ​ជាទី​គយគន់​។ នៅ​ពេល​បានឃើញ​ទិដ្ឋភាព​ខាងលើ​នោះ​ហើយ លោក​អ្នក​ប្រាកដជា​បាន ភ្លេច​អស់​ទុក​កង្វល់​នៅ​ក្នុង​ចិត្ត​មិន​ខាន​ឡើយ ហើយ​ក៏​ចង់​ឲ្យ​ពួក​វា​ស្ថិត​នៅ​ទីនោះ​ជា​រៀង​រហូត មិន​ចង់​ឲ្យ​ទៅ រស់នៅ​កន្លែង​ផ្សេង​ឡើយ​។

បើ​តាម​អ្នក​ភូមិ​ខាងលើ​បាន​ប្រាប់​ថា ពួក​វា​បាន​យក​ព្រៃ​នោះ​ធ្វើ​ជា​ជម្រក​ដ៏​សុខសាន្ត រយៈពេល​ប្រហែល​២​ឆ្នាំ​កន្លង​មក​ហើយ និង​កំពុង​តែ​បង្កើតកូន​បង្កើត​ចៅ​កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ប្រការ​នេះ​បាន​ទាមទារ​សុំ​ឲ្យ​មានការ​អភិរក្ស​ដល់​ពួក​វា​ជា​ចាំបាច់​ផង​ដែរ​។ សត្វ​ស្លាប​ទាំង​៣​ប្រភេទ ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ​ភូមិ​របស់​ពួក​គាត់​នា​ពេល​នេះ​រួម​មាន​៖ ទី​១-​ប្រភេទ​សត្វ​ស​ក្អែកទឹក ទី​២-​ប្រភេទ​សត្វ​ខ្វែក និង​ទី​៣-​ប្រភេទ​សត្វ​កុក​។ អ្នក​ភូមិ​ដដែល​បាន​បន្ត​ថា ព្រៃ​នោះ​ព័ទ្ធ​ជុំវិញ​បឹង​មួយ ហើយ​កាលពី​អតីតកាល ភូមិ​វាល​ថ្លាន់ នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់រ​ដ្ឋា​ល​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយ​កាល​ណោះ សម្បូរ​ព្រៃ​ជាង​ពេល​បច្ចុប្បន្ន​ទៅ​ទៀត​។

ប៉ុន្តែ​មិនសូវ​មាន​សត្វ​ស្លាប​ច្រើន​ដូច​ជា​ពេល​នេះ​ឡើយ ហើយ​ពួក​គាត់​ក៏​មិន​បានដឹង​ពី​មូលហេតុ​ដែរ លុះ​ពេល​នេះ​ភូមិ​ខាងលើ​ត្រូវ​បាន​កាត់​ចូល​ក្នុង​ការ​គ្រប់គ្រង​របស់ រដ្ឋបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​មានការ​អភិវឌ្ឍ​ខ្លះ​ៗ មិនសូវ​សម្បូរ​ព្រៃ​ដូច​មុន​ទេ ប៉ុន្តែ​ស្រាប់តែ​២​ឆ្នាំ ចុង​ក្រោយ​នេះ មាន​សត្វ​ស្លាប​ច្រើន​គួរ​ឲ្យ​ចាប់អារម្មណ៍​បែប​នេះ​។ ហើយ​អ្វី​ដែល​សំខាន់​បំផុត​ពួក​គាត់​ស្នើ​សុំ​ឲ្យ ខាង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​មេត្តា​ជួយ​អភិរក្ស​សត្វ​ទាំងនេះ​ឲ្យ​បាន​គង់វង្ស និង​រឹតតែ​មាន​ចំនួន​ច្រើន​ឡើង​ថែម​ទៀត ដើម្បី​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​ផង​។

ប្រភព​ដដែល​បាន​បន្ត​ថា ពួក​គាត់​មិន​អាច​ឃាត់ឃាំង​ក្រុម​ព្រាន ដែល​តាម​ប្រមាញ់​សត្វ​ទាំងនេះ​យក​ទៅ​ធ្វើ​ម្ហូប និង​លក់​បាន​ទេ គឺ​ពួក​គាត់​បាន​ត្រឹមតែ​ជួយ​ការពារ​ព្រៃរបោះ​នោះ មិន​ឲ្យ​មានការ​កាប់​បំផ្លាញ នាំ​ឲ្យ​បាត់បង់​ទីជម្រក​សត្វ​ស្លាប​ទាំ​នេះ​តែ​ប៉ុណ្ណោះ​។ ចំណែក​ការ​ការពារ​សត្វ​ស្លាប ទាំងនេះ​ឲ្យ​បាន​គង់វង្ស​យូ​អង្វែង និង​មាន​ចំនួន​កើនឡើង​នោះ គឺ​មាន​តែ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​តែ​ប៉ុណ្ណោះ​៕ ដោយ ៖ យន់ ស៊ី​ថា