រួម​គ្នា​ទប់ស្កាត់​ចំណីអាហារ​ខូចគុណភាព និង​មាន​សារធាតុ​គីមី

232

ខេត្តពោធិ៍សាត់ ៖ សព្វ​ថ្ងៃនេះ​ចំណីអាហារ​ខូចគុណភាព និង​ផ្ទុក​សារធាតុ​គីមី​នៅ​តែ​មាន​លួច​ដាក់​តាំង លក់​គ្រប់​ទីកន្លែង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បើ​ទោះបីជា​រាជរដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​ខិតខំ​ទប់ស្កាត់​យ៉ាងណា​ក៏​ដោយ​។ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក តូច ចៅ​កុយ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់ និង​លោកស្រី ឈុ​ន សេរី​រ័​ត្ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត រួម​ជាមួយ សមត្ថកិច្ច​នានា បាន​ចុះ​ធ្វើ​សកម្មភាព​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព លើ​ផលិតផល​ម្ហូបអាហារ នៅ​ផ្សារ​ថ្មី​ពោធិ៍សាត់ ដើម្បី​ស្រាវជ្រាវ​រក​ទំនិញ​ខូចគុណភាព​។

Loading...

តាម​រយៈ​ការ​អ​ង្គេ​ត​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ឈរ​លើ​ស្មារតី​ទទួល ខុស​ត្រូវ​ខ្ពស់​ចំពោះ​តួនាទី​ភារកិច្ច ដើម្បី​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ និង​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ មន្ត្រី​ជំនាញ​បាន​ខិតខំ​ពន្យល់​ណែនាំ និង​បង្ហាញ​ជូន​ដល់​អាជីវករ​ទាំងអស់​ឲ្យ​ស្គាល់​ប្រភេទ​ទំនិញ​ខូចគុណភាព ទំនិញ​ក្លែងក្លាយ និង​ទំនិញ​មាន​សារធាតុ​គីមី​ជាដើម ដើម្បី​មានការ​ប្រុង​ប្រយ័ត្ន និង​រួម​គ្នា​ទប់ស្កាត់​ទាំង​អ្នកលក់ ទាំង​អ្នកទិញ​ចាប់ពី​ពេល​នេះ​តទៅ​។ មន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​តាម​នីតិវិធី និង​លក្ខណៈ​បច្ចេកទេស នូវ​ទីតាំង​លក់ដូរ​ចំនួន​១២​កន្លែង​ដូច​ជា ដេប៉ូ​លក់​ភេសជ្ជៈ​លក់​ចាប់ហួយ លក់​គ្រឿងក្រអូប​ក្នុង​ផ្សារ និង​តាម​លំនៅ​ដ្ឋា​ន​នានា​។

ជា​លទ្ធផល​រក​ឃើញ​ផលិតផល និង​គ្រឿង​បរិភោគ មួយ​ចំនួន​ដែល​ដាក់​តាំង​លក់​គ្មាន​អនាម័យ គ្មាន​សុវត្ថិភាព ហួស​រយៈពេល​ផុតកំណត់​ប្រើប្រាស់ សម្បក​វេច​ខ្ចប់​រុំ​ព័ទ្ធ​ដោយ​ធូលី​កខ្វក់ មាន​ច្រែះ ក្រពឹត គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​តាម​ច្បាប់ និង​បទបញ្ញតិ​របស់​ក្រសួង​ពាក់ព័ន្ធ បណ្ដាល​ឲ្យ​ខូច​គុណ​ភា​។ ជា​លទ្ធផល​សមត្ថកិច្ច​បាន​រឹបអូស ទឹកក្រូច ទឹកដោះគោ ទឹកដោះគោ​ខាប់ ទឹក​ស៊ី​រ៉ូ នំ​ស្ករ​គ្រាប់​ចម្រុះ និង​កាក​សំណល់​កម្ទេច​មី សរុប ៣៨៤​គីឡូក្រាម​។ លោក តូច ចៅ​កុយ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា ចំពោះ​ម្ចាស់​ផលិតផល​ម្ហូបអាហារ​ដែល​ត្រូវ​រឹបអូស និង​ម្ចាស់​ផលិតផល​ផ្សេង​ៗ​ទៀត សមត្ថកិច្ច​បាន​ធ្វើការ​ព្រមាន និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ បើ​ថ្ងៃក្រោយ​រក​ឃើញ​ទៀត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។

លោក តូច ចៅ​កុយ និង​មន្ត្រី​ជំនាញ​បាន​យកនំ​កញ្ចប់ ចាហួយ កម្ទេច​មី ដែល​រឹបអូស​បាន​ពី​អ្នកលក់​មក​ចែក​ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​ឲ្យ​ស្គាល់​ដើម្បី​ទៅ​បង្ហាញ​កូនចៅ​ឲ្យ​ឈប់​ទទួលទាន​។ ការ​ទទួលទាន​នំ​ទាំងនេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សុខភាព​ដូច​ជា រាគ​រួស ឈឺបំពង់ក ក្ដៅខ្លួន និង​រលាក​ពោះវៀន​ជាដើម​។ លោក​ឲ្យ​ដឹង​ថា មន្ត្រី​កាំកុងត្រូល សហការ ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​ទីផ្សារ​ក្នុង​ខេត្ត និង​តាម​បណ្ដា​ស្រុក​នានា​ក្នុង មួយ​ខែ​ពីរ​ដង ដើម្បី​ធានា​សុវត្ថិភាព​ចំណីអាហារ​ជូន​ប្រជាពលរដ្ឋ​។ ចំពោះ​ទំនិញ​ខូចគុណភាព​ដែល​រឹបអូស​បាន​នេះ សមត្ថកិច្ច​បាន​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​នៅ​ក្នុង​បរិវេណ​ពហុ​កីឡាដ្ឋាន​នា​រសៀល​ថ្ងៃ​ដដែល​នោះ​៕ ដោយ ៖ សែ​ម សុគន្ធ