សហគមន៍​ព្រៃឈើ​ជាំ​ប្រិ​យ បង្កើត​កន្លែង​ទេសចរណ៍​លើ​ផ្ទៃដី​ជិត​១២​ហិ​កតា

186

ខេត្តព្រះវិហារ ៖ ផ្ទៃដី​ព្រៃឈើ​ជិត​១២​ហិតា ត្រូវ​បាន​សហគមន៍​ព្រៃឈើ ជាំ​ប្រិ​យ បង្កើត​ជា​តំបន់​អេកូ​ទេសចរណ៍​គួរ​ឲ្យ​ទាក់ទាញ អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​លេង​កម្សាន្ត មើល​ទេសភាព​ព្រៃឈើ ស្រូបខ្យល់​អាកាស​ធម្មជាតិ​បាន នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ ប្រពៃណី​ជាតិ ខ្មែរ​ខាង​មុខ​នេះ​។ លោក មាន សុ​វ​ណ្ណា​រិ​ទ្ធិ អនុប្រធាន​សហគមន៍ ជាំ​ប្រិ​យ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ប្រជា​សហគមន៍​ជាំ​ប្រិ​យ ទាំងអស់​កំពុង​តែ​មមាញឹក និង​បាន​រួម​គ្នា មក​បោសសម្អាត និង​កែ​ច្នៃ​ធនធានធម្មជាតិ​នៅ​ក្នុង​សហគមន៍​មួយ​នេះ ឲ្យ​ក្លាយទៅជា​សហគមន៍ ទេសចរណ៍​មួយ​សម្រាប់​ឲ្យ​ភ្ញៀវ​ជាតិ ក៏​ដូច​ជា​អន្តរជាតិ បាន​មក​លេង​កម្សាន្ត ស្រូប​យក​ខ្យល់អាកាស និង​ទស្សនា​ព្រៃឈើ​ធម្មជាតិ​ដ៏​ស្រស់បំព្រង​នៅ​ទីនោះ​។

Loading...

លោក​ថា សហគមន៍​នឹង​បង្កើត​ឲ្យ​មាន ខ្ចុះ​សម្រាប់​ទទួលភ្ញៀវ​មក​លេង និង​មាន​ម្ហូបអាហារ​លក់​នៅ​ក្នុង​សហគមន៍ ដែល​នឹង​ធ្វើ​ឲ្យ​រួចរាល់ នៅ​មុន​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ អាច​ឲ្យ​ភ្ញៀវ​មក​ពី​ទី​ជិត ឬ​ឆ្ងាយ មក​លេង​កម្សាន្ត​បាន​។ លោក​បន្ថែម​ថា ការ​បង្កើត​សហគមន៍​ទេសចរណ៍​នេះ​ឡើង មិន​ត្រឹមតែ​បាន​ជួយ​ថែរក្សា​សម្បត្តិ​ធម្មជាតិ ឲ្យ​នៅ​គង់វង្ស​ប៉ុន​នោះ​ទេ វា​អាច​ផ្តល់​នូវ​ប្រាក់ ចំណូល​ចូល​សហគមន៍​តាម​រយៈ​ការ​ផ្តល់​សេវាកម្ម​ទេសចរណ៍ លក់​ម្ហូបអាហារ កន្លែង​សម្រាក ដែល​មាន​តម្លៃ​សមរម្យ​ជូន​ភ្ញៀវ​ទេសចរណ៍​ដែល​មក​លេង​កម្សាន្ត​។

លោក ឃុ​ត រី មេឃុំ​រមណីយ បាន​លើក​ឡើង​ថា ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ឃុំ បាន​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​ការ​សហការ​គ្នា យ៉ាង​ល្អ​របស់​សមាជិក​សហគមន៍ ជាំ​ប្រិ​យ នេះ​ដែល​បាន​បង្កើត​ឡើង​នូវ​តំបន់​ទេសចរណ៍​ថ្មី​មួយ​នេះ​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​ឲ្យ​មក​លេង​កម្សាន្ត​។ លោក​ក៏​បាន​ជំរុញ​ឲ្យ សហគមន៍​ធ្វើ​យ៉ាងណា ស្តារ អភិវឌ្ឍន៍​សហគមន៍​នេះ​ឡើង​វិញ​ឲ្យ​បាន​ដំណើរការ​ទៅ​មុខរីក​ចម្រើន​។ សូម​បញ្ជាក់​ថា សហគមន៍​ទេសចរណ៍ ជាំ​ប្រិ​យ ស្ថិត​ក្នុងភូមិ​រំចេក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៨ លើ​ផ្ទៃដី​១១.៩៥​ហិតា មាន​ចម្ងាយ​ពី​ទីប្រជុំជន​ឃុំ​រមណីយ ស្រុក​រវៀង ប្រមាណ​ជា​១០​គីឡូម៉ែត្រ ដោយឡែក​បើ​គិត​ពី​តទី​រួម​ខេត្តព្រះវិហារ មក​ដល់​កន្លែង​ទេសចរណ៍​មួយ​នេះ មាន​ចម្ងាយ​ប្រមាណ​ជា​៨០​គីឡូម៉ែត្រ​។ ដោយ ៖ ទ្រី វិច្ឆិកា