ទាក់​ដៃចង្កូត​ដួល​ខ្ទាត​ចូល​ក្រោម​រថយន្ត កិន​ស្លាប់​ម្នាក់​របួស​ម្នាក់

152

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ម្នាក់​ទៀត​បាន​រង​របួស ខណៈ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ព្យាយាម​វ៉ា​រថយន្ត​មិន​ផុត​រេ​ទាក់​ដៃចង្កូត​ដួល​ខ្ទាត​ចូល​ក្រោម​រថយន្ត​។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី ល្ងាច​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ វិមាន​ឈ្នះ​ឈ្នះ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

Loading...

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវជន​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​មានឈ្មោះ ធី សុវណ្ណ អាយុ​១៨​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​សែន​សុខ ស្នាក់​នៅ​ភូមិ​ចេក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ និង​យុវជន​រង​របួស​មានឈ្មោះ ផើ​ន ផាត់​យុទ្ធ អាយុ​១៧​ឆ្នាំ រៀន​ជាមួយ​គ្នា ស្នាក់​នៅ​ភូមិ​សែន​សុខ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

សមត្ថកិច្ច​បន្ត​ថា មុន​ពេល​កើតហេតុ​យុវជន​ទាំង​ពីរ​នាក់​នេះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សេ​១២៥ ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-2041 ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ទិស​ដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន ហើយ​បាន​ព្យាយាម​វ៉ា រថយន្ត​កុងតឺន័រ​ខាងឆ្វេង​ដៃ​តែ​វ៉ា​មិន​ផុត​ដល់​ពាក់កណ្តាល​រថយន្ត ក៏​ស្រាប់តែ រអិល​ដួល​ខ្ទាត​យុវជន​ដែល​ជិះ ពីក្រោយ​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម ចំណែក​យុវជន​ម្នាក់​ទៀត​ដែល​ជា​អ្នក​ឌុ​ប​បាន​ខ្ទាត​ចេញ​ក្រៅ​រង​របួសស្រាល​។

រថយន្ត​កុងតឺន័រ ក្រោយ​កើតហេតុ​បាន​ព្យាយាម​បើក​គេច​បាត់​ស្រមោល​។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច មូលដ្ឋាន បាន​ចុះ​មក​ដល់ទី​តាំង​ខាងលើ ហើយ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង ហើយ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​សាច់ញាតិ​យក​ឯកសារ​មក​ទទួលយក​ទៅ​វិញ​។ ចំណែក​សព​យុវជន​ត្រូវ​សាច់ញាតិ​ទទួល យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ម៉េ​ង ធា