មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សម្ដែង​ការ​គួរសម ជាមួយ​អនុប្រធាន​គណៈកម្មការ​យោធា​ម​ជ្ឈឹ​ម​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន

113

ប្រទេស​ចិន ៖ ក្រោយ​ពី​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយ​ឧត្តមសេនីយ៍ ហាន វេ​ហ្គូ (HAN WEIGUO) មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​រួច​មក នៅ​ថ្ងៃ​ដដែល​នោះ (​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩) ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពល ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ លោក ស៊ី គី​លៀង (XI QI LIANG) អនុប្រធាន​គណ​:​កម្ម​ការ​យោធា​ម​ជ្ឈឹ​ម នៃ​សាធារណៈរដ្ឋ​ប្រជាមានិត នៅ​រដ្ឋធានី​ប៉េ​កាំ​ង​។

Loading...

លោក ស៊ី គី​លៀង (XI QI LIANG) បាន​មាន​ប្រសាសន៍​ថា លោក​សូម​ស្វាគមន៍ យ៉ាង​កក់ក្តៅ​ចំពោះ ឧត្តម​សេនី​យ៏​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​កងទ័ពជើងគោក​ដែល​បាន​មក បំពេញ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​នៃ​ប្រទេស​ចិន​។ លោក​បាន​លើក​ឡើង​ថា ទំនាក់ទំនង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បាន​ឈាន​ដល់​កម្រិត​កំពូល ហើយ​ដែល​មាន​រយៈពេល យូរលង់​ណាស់​មក​ហើយ​។ លោក​បាន​បន្ត​ថា មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ និង​គ្រប់​ជ្រុងជ្រោយ​នៃ​ប្រទេស​ទាំង​ពីរ មិន​អាច​មាន​ប្រទេស​ណា​មក​បំបែកបំបាក់​បាន​ឡើយ​។ កងទ័ព​រំដោះប្រជាជន​ចិន នឹង​បន្ត​គាំទ្រ​ដល់​កង​យោធពលខេមរភូមិន្ទ ទាំង​ការ​កសាង​ធនធានមនុស្ស និង​សម្ភារ​។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក ស៊ី គី​លៀង (XI QI LIANG) អនុប្រធាន អនុប្រធាន​គណៈកម្មការ​យោធា​ម​ជ្ឈឹ​ម​នៃ​កងទ័ព​រំដោះប្រជាជន​ចិន ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា​។ លោក​ឧត្តមសេនីយ៍ឯក បាន​បន្ត​ថា ជំនួប​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន នៅ​ពេល​នេះ ដើម្បី​បន្ត​ពង្រឹង ពង្រីក​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​កងទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​។ មេបញ្ជាការ​កងទ័ព ជើង​គោក​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ចិន ដែល​មាន​ទំនាក់ទំនង​ល្អ និង​កិច្ច​សហប្រតិបត្តិការ​រឹង​មាំ​នៅ​ក្នុង​ដំណើរការ​កសាង និង​អភិវឌ្ឍ​ប្រទេស កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន​។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ស្នើ​សុំ​ឲ្យ​ភាគី​ចិន​បន្ត​គាំទ្រ និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំង​ពីរ​សំដៅ​ធ្វើ​យ៉ាងណា​អនុវត្ត​កិច្ច​ប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ដ៏​រឹង​មាំ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន​។ សូម​បញ្ជាក់​ថា តប​តាម​ការ​អញ្ជើញ របស់​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ដើម្បី​ពង្រឹង ពង្រីក​កិច្ច​សហប្រតិបត្តិការ ឲ្យ​កាន់តែ​រឹង​មាំ​រវាង​កងទ័ព ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ បំពេញ​ដំណើរ​ទស្សនកិច្ច ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​រយ​:​ពេល ៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩​។

នៅ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច និង​ស្នាក់​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ភាគី​កម្ពុជា​នឹង​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​កងទ័ព​រំដោះ ប្រជាជន​ចិន​រួម​មាន​៖ សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន អនុប្រធាន​គណ​:​កម្ម​ការ​យោធា​ម​ជ្ឈឹ​ម​នៃ​កងទ័ព​រំដោះប្រជាជន​ចិន មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន និង​ថ្នាក់ដឹកនាំ​សំខាន់​ៗ​ជា​ច្រើន​រូប​ទៀត​៕ ដោយ ៖ សុខ សា​រ៉ា​យ