ចម្រាញ់​សល់​យុវជន​ខ្មែរ​១៧​នាក់​ប៉ុណ្ណោះ ហើយ​បញ្ជូន​ទៅ​តុលាការ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ប្រភេទ​១២​កៅអី​១​គ្រឿង និង​រថយន្ត​ប្រភេទ​ទ្រុង​១​គ្រឿង បាន​ដឹក​យុវជន យុវនារី​ខ្មែរ ចំនួន​១៧​នាក់ សល់​ពី​ជាង​៣០០​នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៨ កុម្ភៈ ដើម្បី​ជូន​តំណាង​អយ្យការ​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន ប្រមាណ​ជាង​២១​គីឡូក្រាម នៅ​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក​។

Loading...

តាម​មន្ត្រី​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ជាង​២០០​នាក់ ត្រូវ​ដោះ​លែង​១៧​នាក់​បញ្ជូន​ទៅ​តុលាការ ដោយឡែក​ជនជាតិ​ចិន​១៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ នាយក​ដ្នា​ន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី​។ បាន​សង្កេត​ឃើញ​ថា នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ជនជាប់សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​១៧​នាក់ ឃាត់ខ្លួន​នៅ​ក្លឹ​ប​កម្សាន្ត​រ៉ុ​ក​នោះ មាន​ស្ត្រី​តែ​ម្នាក់​គត់ ក្រៅពី​នេះ​បុរស​ទាំងអស់ ហើយ​នា​រសៀល​ថ្ងៃនេះ ពួក​គេ​មិន​ទាន់​ត្រូវ​បាន ចាត់​ទៅ​លោក​ព្រះរាជអាជ្ញា​រង​ណា​ម្នាក់​ទទួល​សំណុំរឿង​យក​ទៅ​សាកសួរ នៅឡើយ​ទេ ទំនង​សមត្ថកិច្ច​បញ្ជូន​គ្រាន់តែ​បង្គ្រប់​នីតិវិធី​ប៉ុណ្ណោះ​។

ដូច្នោះ​អាច​នឹង​ត្រូវ​សមត្ថកិច្ច ដឹក​ជញ្ជូន​ទៅ​វិញ​ពេល​ល្ងាច ព្រឹកស្អែក​ទើប​នាំ​មក​សាកសួរ​ជា​ផ្លូវ​ការណ៍​។ គួរ​បញ្ជាក់​ថា កិច្ច​ប្រ​តិ​បត្ត​ការ​យ៉ាង​ក្តៅ​គគុក​នៅ​ក្នុង​ម​ជ្ឈ​ម​ណ្ឌ​កម្សាន្ត​រ៉ុ​ក កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ ពាក់ព័ន្ធ​គ្រឿងញៀន​៥០ គីឡូក្រាម សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ជាង​៣០០​នាក់ ក្រោយមក​មនុស្ស​ជាង​២០០​នាក់ ត្រូវ​បាន​ចម្រាញ់ និង​ដោះ​លែង​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ នៅ​សល់​ខ្មែរ​១៧​នាក់ បញ្ជូន​ទៅ​តុលាការ និង ចិន​១៣​នាក់ ប្រគល់​ទៅ​នាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​។ យុវជន​ខ្មែរ​ទាំង​១៧​នាក់ ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នោះ ពួក​គេ​រង​ការ​ចោទប្រកាន់​ពី​បទ «​ចែកចាយ​គ្រឿងញៀន​» ពោល​គឺ​ធ្វើ​សកម្មភាព​លក់ដូរ នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​មជ្ឈមណ្ឌល​រ៉ុ​ក​។

ជាមួយ​នោះ​ដែរ ខាង​មន្ត្រី​ជំនាញ​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សារធាតុ​ញៀន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា វត្ថុ​តាង​គ្រឿងញៀន​ដែល​ដកហូត​នៅ​មជ្ឈមណ្ឌល​រ៉ុ​ក ខ្លះ​ថា ជាង​៥០​គីឡូក្រាម ខ្លះ​ថា​ជាង​៤០​គីឡូក្រាម នោះ ជាក់ស្តែង​ជំនាញ​ធ្វើតេស្ត​រក​ឃើញ​សារធាតុ​គ្រឿងញៀន​សុទ្ធតែ​២១​គីឡូ​៤៦៧.៦៣​ក្រាម​ប៉ុណ្ណោះ​ទេ ។ គ្រឿងញៀន​សុទ្ធ​២១​គីឡូ​៤៦៧.៦៣​ក្រាម​នេះ​មាន​៖ ១.​គ្រឿងញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី​ល (​ថ្នាំ​គ្រវី​) ១២​គីឡូ​២១៩.២១​ក្រាម ។ ២.​ប្រភេទ ខេ​តា​មីន​(​ថ្នាំ​ហិត​) ៨​គីឡូ ៩៣៥.៣៩​ក្រាម​។ ៣.​ប្រភេទ នី​ម៉េ​តា​ស្បា​ម​(​ថ្នាំ​បន្សា​ម​) ០​គីឡូ ៣០៥.១០​ក្រាម ។ ៤.​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ១​គីឡូ ៦​ក្រាម​។

៥.​ប្រភេទ ហេ​រ៉ូ​អ៊ី​ន ០​គីឡូ ៦១​ក្រាម ៦.​កញ្ឆា​ក្រៀម ២​កញ្ចប់​តូច​ទម្ងន់​៦៦.៤៣ ក្រាម​។ ក្នុង​នោះ​មាន សម្បក​សម្រាប់​វេច​ខ្ចប់​(​ដប ឬ​កែវ​)២៤៧​ដប សម្បក​កេស និង​ថង់​ប្លា​ស្ទិ​ច​មួយ​ចំនួន​ទៀត​។ ហើយ​ក្រៅពី​នេះ​នៅ​មាន​ម្សៅ​សង្ស័យ​សារធាតុ​ញៀន​ប្រមាណ​១៥​គីឡូ ១៤​ក្រាម​ទៀត ដែល​ត្រូវ​ខាង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន និង​កំពុង​យក​ចូល​ឡា​បូ​ដើម្បី​ធ្វើការ​ពិសោធន៍​ឲ្យ​បាន​ច្បាស់លាស់​។ សរុប​មក​វិញ សារធាតុ​គ្រឿង​សុទ្ធ​ដែល​សមត្ថកិច្ច​បង្ក្រាប នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក តែ​២១​គីឡូ ៤៦៧.៦៣ ក្រាម​ប៉ុណ្ណោះ​ទេ ហើយ​នេះ​ក៏​មិនមែន​ជា​របាយការណ៍​ផ្លូវ​ការណ៍​របស់​សមត្ថកិច្ច​ដែរ គឺ​គ្រាន់តែ​ជា​តួលេខ​ដែល​បាន​មក​ពី​មន្ត្រី​ជំនាញ​៕ ដោយ ឃឹម ប៊ុ​ន​ណា​ក់