រោងចក្រ​កំពុង​ដំណើរការ​រក្សា​ទីតាំង​ចាស់ រោងចក្រ​បង្កើត​ថ្មី​ទៅ​ជាយក្រុង

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ព្រមព្រៀង​គ្នា​លើ​ចំណុចរួម​ចំនួន​៣​ក្នុង​ជំនួប​ពិភាក្សា​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​នេះ ក្នុង​គោលបំណង​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​ទីតាំង​រោងចក្រ សហគ្រាស ឃ្លាំង​ស្តុក​ទំនិញ បម្រើ​ឱ្យ វិស័យ​កាត់ដេរ​ទាំងអស់ និង​ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។

Loading...

តាម​សេចក្តី​ប្រកាស អំពី​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​បានឱ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់​ជូន សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ពុំ​មាន​វិធានការ​ឱ្យ​រើ​រោងចក្រ សហគ្រាស ឃ្លាំង​ស្តុក​ទំនិញ បម្រើ​ឱ្យ​វិស័យ​កាត់ដេរ​ទាំងអស់ ដែល​មាន​ស្រាប់​ទៅ​ទីតាំង​ជាយក្រុង​ឡើយ ដោយ​ត្រូវ​បន្ត​ចង្វាក់​ផលិតកម្ម​នៅ​លើ​ទីតាំង បច្ចុប្បន្ន​នេះ​ជា​រៀង​រហូត​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​សំណូមពរ​ដល់ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ឱ្យ​ជួយ​ចលនា​ដល់​វិនិយោគិន ដែល​មាន​បំណង បង្កើត​រោងចក្រ​ថ្មី ទៅ​សាងសង់​នៅ​តំបន់​ជាយក្រុង ឬ​នៅ​តាម​បណ្តោយ​ផ្លូវ​ក្រវាត់ក្រុង ទី​៣ ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​។ ក្រោយ​ជំនួប​ពី​ការ​ពិភាក្សា​គ្នា​រួច​មក ភាគី​ទាំង​ពីរ​បាន​ឯកភាព​ដូច​ខាងក្រោម​៖ ១៖​បង្កើត​ក្រុមការងារ​រួម​មួយ ដែល​មាន​សមាសភាព​ខាង សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សមាគម​ដឹក​ជញ្ជូន​ទំនិញ​ផ្លូវគោក​កម្ពុជា ដើម្បី​ប្រជុំ​កំណត់​ប្រភេទ និង​ទំហំ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ចេញ​-​ចូល​រាជធានី​ភ្នំពេញ តម្រាយ​ផ្លូវ​ហាមឃាត់ និង​កំណត់​ពេលវេលា​ម៉ោង​ចេញ​-​ចូល សំដៅ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ នៅ​រាជធានី​ភ្នំពេញ​។

២៖​ក្រុមការងារ​រួម​នេះ នឹង​ធ្វើការ​ប្រជុំ​រៀង​រាល់​មួយ​ខែ​ម្តង ឬ​បី​ខែ​ម្តង​តាម​ការ​ចាំបាច់ ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ ក្នុង​ការ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ និង​ដោះស្រាយ បញ្ហា​កង្វល់​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ៣៖​ចំពោះ​ការ​សាងសង់​រោងចក្រ ដែល​មាន​ក្រឡា​ផ្ទៃក្រោម ៣,០០០​ម៉ែត្រក្រឡា (​បី​ពាន់​ម៉ែត្រការ៉េ​) រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ជួយ​សម្រួល​បែបបទ តាម​សេវា​ច្រក​ចេញចូល​តែ​មួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ សំដៅ​ជួយ​កាត់​បន្ថយ​ពេលវេលា ដើម្បី​ឆាប់​បាន​ដំណើរការ​សាងសង់​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ