រាជធានីភ្នំពេញ ៖ ជនជាតិចិនម្នាក់ បើករថយន្តឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងបើកលឿនបុក រងរបួសធ្ងន់២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តបង្កម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-1123 បើកឆ្លងផ្លូវ ក្នុងទិសដៅពី ជើងទៅត្បូង បើកបរដោយជនជាតិចិន។

ចំណែកម៉ូតូរងគ្រោះម៉ាក ស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AE -6588 ជិះគ្នា២នាក់បើកបរក្នុងទិសដៅពីកើតទៅលិច។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាន និយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តជនជាតិចិនខាងលើ បានចតតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ហើយបន្ទាប់មកក៏បានរយ៉ែចេញក្នុងទិសដៅពីជើងទៅត្បូងទៅជើង ខណៈពេលនោះ ដែលស្រាប់តែម៉ូតូជនរងគ្រោះបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិចហើយជាន់ហ្វ្រាំងមិនជាប់បានបុករថយន្តពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ទាំង២នាក់ ចំណែកឯម៉ូតូ រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។

ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលភ្លាមៗនោះជនរងគ្រោះ ត្រូវបានរថយន្តសាមុយសម្ភពរស្មី បានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ ក្រោយកើតហេតុជំនាញ ចរាចរខណ្ឌពោធិសែនជ័យបានប្រគល់ឲ្យជំនាញចរាចររាជធានីភ្នំពេញរួចការវាស់វែង និងយករថយន្តព្រមទាំងម៉ូតូជនរងគ្រោះខាងលើយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយថ្ងៃក្រោយ៕ ដោយ ៖ យឹម ឈឿន
