ពិធីបុណ្យ​ទន្លេ​ខេត្តកំពង់ឆ្នាំង នឹង​ចូល​មក​ដល់​ក្នុង​ពេល​យ៉ាង​ខ្លី​ខាង​មុខ​នេះ

148

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មាន​ប្រសាសន៍​ថា​៖ គណៈកម្មការ​រៀបចំ​បុណ្យ​ទន្លេ ត្រូវ​ចាប់អារម្មណ៍​លើ​ការ​ដាក់​តាំងពិព័រណ៍​លក់ដូរ បង្ហាញ​អំពី​អត្ត សញ្ញាណ​ខេត្តកំពង់ឆ្នាំង​រួម​មាន​៖ ផលិតផល​នៃ​ការ​ស្មូន​ក្អមឆ្នាំង និង​វត្ថុ​អនុស្សាវរីយ៍​ពី​ដីឥដ្ឋ ស្ករត្នោត ត្រីងៀត ត្រីឆ្អើរ បន្លែបង្ការ និង​កសិផល​កសិកម្ម​នានា​ស្នាដៃ​ប្រជាជន ក្នុង​ខេត្ត​។ ឯកឧត្តម មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​សាលាខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៩​។

Loading...

ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួងទេសចរណ៍​បាន​បន្ត​ថា​៖ នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​នេះ ស្ថា​ប​ន្ន័​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​អប់រំ​ផ្សព្វផ្សាយ ដល់​អាជីវករ ពាណិជ្ជករ ដែល​ប្រកប​មុខរបរ​លក់ដូរ ត្រូវ​ចេះ​ធ្វើ​អនាម័យ​ខ្លួនប្រាណ នៅ​អនាម័យ​លើ ចំណីអាហារ​ឲ្យ​បាន​ល្អ​ប្រសើរ ដូច​ជា​អ្នកលក់​ដែល​មាន​កន្សែង​រុំ​ក្បាល ត្រូវ​មាន​ស្រោមដៃ និង​ដង្កៀប​ចាប់​ម្ហូបអាហារ​លក់​ឲ្យ​ភ្ញៀវ​ជាដើម​។ ក្នុង​នោះ​ដែរ​ម្ហូបអាហារ​ប្រចាំ​តំបន់​ប្រចាំ​ខេត្ត ប្រចាំ​ហាង​ក៏ ជា​វប្បធម៌​មួយ​សំខាន់​ផង​ដែរ ដែល​អ្នក​ទេសចរណ៍​ចង់​ស្គាល់ ចង់​ភ្លក្ស​រសជាតិ​អាហារ​ទាំងនោះ ដែល​អាច​បញ្ជាក់​បាន​អំពី​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​។

ចំពោះ​ការ​រៀបចំ​ស្តង់ លក់ដូរ​នានា​វិញ​មិន​ត្រូវធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរ​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ឬ​បិទ​ចរាចរ នៅ​លើ​ផ្លូវជាតិ​លេខ​នោះ​ឡើយ​។ ដោយឡែក​កីឡា​នានា មាន​កីឡា​រត់ប្រណាំង​កីឡា​ជិះ​កង់​ប្រណាំង ជាដើម ត្រូវ​តែ​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​ត្រូវធ្វើ​ឲ្យ​កកស្ទះ​ចរាចរ ប៉ះពាល់ ឬ​រំខាន​ដល់​អ្នក​ធ្វើ​ដំណើរ លើ​ផ្លូវជាតិ​លេខ​៥​ឡើយ​។ ជាមួយ​គ្នា​នេះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​បុណ្យ​ទន្លេ​ខេត្តកំពង់ឆ្នាំង ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​៖

នៅ​ក្នុង​ក្មវិធី​បុណ្យ​ទន្លេ​៣​ថ្ងៃនេះ ខេត្តកំពង់ឆ្នាំង​នឹង​ធ្វើ​បទ​បង្ហាញ​ជាក់ស្តែង នូវ​មុខរបរ​របស់ ប្រជា​កសិករ​ទាក់ទង​នឹង​អត្តសញ្ញាណ​ខេត្តកំពង់ឆ្នាំង មានការ​ផលិត​ក្អមឆ្នាំង​បែប​បុរាណ និង​ការ​ផលិត​បែប​សម័យ បង្ហាញ​ការ​ផលិត​ស្ករត្នោត បង្ហាញ​អំពី​ការ​តម្បាញ​ក្រមា ហូល​ផាមួង ជាដើម ជូន​ភ្ញៀវ ក៏​ដូច​ជា​ជូន​គណៈអធិបតី​ដែល​អញ្ជើញ​មក​ចូលរួម​កម្សាន្ត នៅ​ក្នុង​ពិធីបុណ្យ​រយៈពេល​៣​ថ្ងៃ នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​នេះ​។ ដោយឡែក​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​បាន​ឆ្លង​គម្រោង​ផែនការ​បាញ់​កាំជ្រួច​តូច​ធំ​ជាង​១,៤០០​គ្រាប់ នៅ​ក្នុង​ទីតាំង​សាលា​បឋម​សិក្សា គំរូ​ក្រុង ផង​ដែរ ដើម្បី​អបអរ​ពី​ធី​សម្ពោធ​បុណ្យ​ទន្លេ ដែល​សម្តេច​តេ​ជា ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ដែល​នឹង​អញ្ជើញ​ចូលរួម​ជា​ផ្លូវការ​។

លោក​ឧត្តមសេនីយ៍ ទូច ណា​រ៉ុ​ថ អគ្គស្នងការ​រង​នគរបាល​ជាតិ ក៏​បាន​ពិភាក្សា​ផង​ដែរ អំពី​គម្រោង​ផែនការ​សំខាន់​របស់​គណៈ​ក​ម្មា​ការ​បុណ្យ​ទន្លេ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ ពិសេស​ការ​ពង្វាងផ្លូវ​រថយន្ត​ធំ​ៗ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់ទី​តាំង​ក្នុង​ពេល​ប្រារព្ធ​ពិធីបុណ្យ ទន្លេ​រយៈពេល​៣​ថ្ងៃ​ខាង​មុខ​នេះ​។ ដោយ​កិច្ចការ​នេះ​ក្រុមការងារ​អាច​រក​ផ្លូវ ឲ្យ​រថ​យ្ត​ធំ​ៗ​បើក​វាង​ក្រុង​កំពង់ឆ្នាំង ដែល​ជា​កន្លែង​ប្រារ​ព​បុណ្យ​ទន្លេ ឬ​ផ្សព្វផ្សាយ​ឲ្យ​រថយន្ត​ធំ​ៗ បើក​តាម​ផ្លូវជាតិ​លេខ​៦ វាង​ខេត្តកំពង់ឆ្នាំង​ក៏​បាន គឺ​អាស្រ័យ​លើ​ការ​ប្រជុំ​ឯកភាព​របស់ គណៈកម្មការ​រៀបចំ​បុណ្យ​ទ​ន្ល​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត ពិភាក្សា​សម្រេច​៕ ដោយ ៖ ពៅ សុខ​ហ៊ាន