តាម​បញ្ជា​…​ឈប់​ប្រើ​ពាក្យ​អតីត​CNRP គឺ​យើង​ត្រូវ​ប្រើ​ពាក្យ​ពួក​ប្រឆាំង​ក្រៅច្បាប់

124

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែមករា ឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​បន្ត​។ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ បាន​ផ្សព្វផ្សាយ​និង​ណែនាំ ដល់​ស្នងការ​រង និង​ថ្នាក់ដឹកនាំ អធិការដ្ឋាន​ទាំង​៩ វរ​សេនា​តូច​ទាំង​៤ មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល ក៏​ដូច​ជា​មន្ត្រី​ប៉ុស្តិ៍​ការពារ​ព្រំដែន តាប​បញ្ជា​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ឈប់​ប្រើ​ពាក្យ​អតីត CNRP គឺ​យើង​ត្រូវ​ប្រើ​ពាក្យ​ពួក​ប្រឆាំង​ក្រៅច្បាប់ ឬ​ពួក​ឧទ្ទាម​ក្រៅច្បាប់​។ ដូច្នេះ​រាល់​ការ​ធ្វើ​របាយការណ៍​ទាំងឡាយ​ឈប់​ប្រើ​ពាក្យ​អតីត CNRP នោះ​ទៀត​។​

Loading...

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ទាំងអស់​ត្រូវ​ក្តាប់​ឲ្យ​បាន ពី​សកម្មភាព​របស់​ពួក​ប្រឆាំង​ក្រៅច្បាប់ ឬ​ពួក​ឧទ្ទាម​ក្រៅច្បាប់ ដែល​មាន​បំ​ណ​បង្ក​ព្យុះ​ភ្លៀង​នៅ​តាម​មូលដ្ឋាន ធ្វើ​ឲ្យ​អសន្តិសុខ​ក្នុង​មូលដ្ឋាន​ពិសេស​គឺ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​។ ក្នុង​នោះ​ដែរ សូម​ឲ្យ​នគរបាល​ប៉ុស្តិ៍ ក្តាប់​ពី​បញ្ហា​ទឹក ស្រះ ត្រពាំង ស្ទឹង និង​វាយតម្លៃ​អំពី​រយៈ​នៃ​ការ​ដែល​ប្រឈម​នឹង​ការ​រីង​ហួត ដែល​ឆ្នាំ​នេះ​គឺ​មាន​រដូវប្រាំង​មាន​រយៈពេល​វែង​។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​ថា​៖ នគរបាល​បើ​គ្មាន​វិន័យ ក៏​គ្មាន​សេចក្តី​ថ្លៃថ្នូរ​ដែរ អ៊ីចឹង​ហើយ​វិន័យ​នេះ គឺ​នាំ​ឲ្យ​យើង​មាន​សេចក្តី​ថ្លៃថ្នូរ ទទួល​ការ​គោរព​ស្រឡា្ញ​ញ់​ពី​ស្រទាប់​មហាជន និង​ប្រជាពលរដ្ឋ​។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ក៏​បាន​ជំរុញ​ឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ និង​កម្លាំង​នគរបាល​នៅ​តាម​បណ្តា អធិការដ្ឋាន​ស្រុក​ក្រុង ទាំង​៩ វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤ បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត ស្វែងរក​ចាប់​ខ្លួ​មុខ​មុខសញ្ញា ជនសង្ស័យ​នៅ​សេសសល់​ដែល​ប្រព្រឹត្ត​បទល្មើស​ហើយ​គេចខ្លួន ត្រូវ​តាម ចាប់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ឱ្យ​បាន ដោយ​មិន​ត្រូវ​ឱ្យ​រួចខ្លួន​បាន​ឡើយ​។ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​វាយតម្លៃ​ខ្ពស់​កន្លង​មក កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បំបែកសំណុំរឿង​បទល្មើស​ព្រហ្មទណ្ឌ​សម្រេច​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ នៅ​ពេល​បទល្មើស​កើតឡើង​គឺ​កម្លាំង​នគរបាល បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ចាប់​ជនល្មើស យក​មក​ផ​ន្ទា​ទោស​តាម​ផ្លូវ នេះ​ជា​មោទនភាព និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។

ហើយ​ថ្មី​ៗ​នេះ នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​កើតឡើង​នូវ​បទល្មើស​ឧក្រិដ្ឋ​អំពើ​ឃាតកម្ម​រឿង​ស្នេហា​ត្រីកោណ ជន​រង​គ្រោះ​ត្រូវ​បាន ជនល្មើស​កាប់សម្លាប់ និង​យក​សព​ដុត​ចោល​ដើម្បី​បំបាត់​ភ​ស្ថុ​តាង​។ បទល្មើស​នោះ​ត្រូវ​បាន​មហាជន​មានការ​ភ្ញាក់ផ្អើល​។ ប៉ុន្តែ​ក្រោយ​កើតឡើង​តែ​រយៈពេល​៣៦​ម៉ោង កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​។ កម្លាំង​នគរបាល​ដែល​បំបែកសំណុំរឿង​ឃាតកម្ម​នោះ ក៏​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍​ស្នងការ​លើកទឹកចិត្ត​ផ្តល់​ថវិកា​ចំនួន​២​លាន​រៀល ក្នុង​ផែន​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ចំនួន​១​លាន​រៀល និង​នគរបាល​ស្រុក​ថ្មពួក​១​លាន​រៀល ដើម្បី​ជា​ការ​លើកទឹកចិត្ត ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ សម្រេច​ទទួល​បាន​លទ្ធផល​៕ ដោយ ៖ ណុ​ប​-​រក្សា