សមត្ថកិច្ច​មិន​ចុះ​បង្ក្រាប​ល្បែង​បញ្ជល់មាន់​ហើយ បែរជា​ឲ្យ​រត់គេច​ទៀត

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​អ្នក​ញៀន​នឹង​ល្បែង​បញ្ជល់មាន់ បាន​រត់​ប្រសាច​ដូច​ហ្វូងគោ បន្ទាប់​ពី​ទទួល​ដំណឹង​ថា មាន​អ្នក​សារព័ត៌មាន​នឹង​ទៅ​ដល់​កន្លែង​ជល​មាន់ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង ភូមិ​កំពង់​រាំង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០១៩ បន្ទាប់​ពី​អ្នក​សារព័ត៌មាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​បង្ក្រាប​ធ្វើ​ឲ្យ​បែក​ការណ៍​។

Loading...

សូម​បញ្ជាក់​ថា នៅ​មុន​ពេល​មានការ​ភ្ញាក់ផ្អើល មាន​ក្រុម​អ្នក​សារព័ត៌មាន​មួយ​ក្រុម បាន​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ត​មួយ ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង បញ្ជល់មាន់​ប្រចាំ​ស​ប្តា​ហ៍​ខាងលើ​នោះ​ទេ ហើយ​បាន​ឡើង​លើ​ចេតិយ មួយ​ដើម្បី​ពិនិត្យ ឃើញ​ពិតជា​មាន​ក្រុម​អ្នក​បញ្ជល់មាន់ នៅ​ចំណុច​កំពង់​រាំង ដូច​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ពិតមែន​។ ហើយ​ក៏​បាន​រាយការណ៍​ទៅ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​នោះ​ប្រាប់​ថា​៖ ជាប់​នៅ​ឆ្ងាយ គឺ​នៅ​ស្រុក​ជល​គី​រី បន្ទាប់​មក​ក្រុម​អ្នក​សារព័ត៌មាន​ក៏​បាន​រាយ​ការ​ទៅ​មន្ត្រី​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សុំ​ឲ្យ​ចុះ​បង្ក្រាប​។

ប៉ុន្តែ​ត្រូវ​មន្ត្រី​នគរបាល​រូប​នោះ​ប្រាប់​ថា ជាប់រវល់​ចាំ​ពេល​ក្រោយ​ចុះ ស្រាប់តែ​មិន​មិន​បាន​ប៉ុន្មាន នាទី​ផង ឃើញ​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ទាំងនោះ ជិះ​ម៉ូតូ ជិះ​រថយន្ត​រត់​ចេញ​ប្រសាច​មក​តាម​ផ្លូវ ទើប​ក្រុម​អ្នក​សារព័ត៌មាន​សម្រេច​បើករថយន្ត​បញ្ច្រាស​ជាមួយ​ក្រុម​អ្នក​ជល់​មាន់​ទាំងនោះ​ហើយ​ថត​យក​រូបភាព​បាន​ខ្លះ​ដូចដែល​បានឃើញ​នេះ​។ ពេល​ទៅ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​ឃើញ នៅ​ក្រោម​ដើមឈើ​មួយ​ដើម​ដែល​ជា​សង្វៀន​ជល់​មាន់ មាន​សឹក​ដី​ឡើង​រលោង ចំណែក​នៅ​តាម​តូប​លក់ដូរ ឃើញ​មាន​ក្រុម​អ្នក​ជល់​មាន់​ខ្លះ នៅ​បន្លំ​ខ្លួន​ផឹកស៊ី និង​ឃើញ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ អង្គុយ​ផឹក​ជាមួយ​ដែរ ដោយ​មន្ត្រី​កងរាជអាវុធហត្ថ​រូប​នោះ ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖

មក​ទិញ​ដំឡូង ចំណែក​នៅ​ក្រោម​តុ​ឃើញ​មានកា​រ៉ុ​ង​ដាក់​មាន់​ជល់​មួយ​ក្បាល ហើយ​នៅ​មាត់ទឹក​ក៏​ឃើញ​មាន់​ជល់​មួយ​ក្បាល​ដែល​គេ​ចង​ទុក​ចោល​ជាមួយ​កាណូត​បន្លំ​ភ្នែក​គេឯង​។ ជុំវិញ​ករណី​ខាងលើ​នេះ អាច​បញ្ជាក់​បាន​ថា​៖ ក្រុម​អ្នកលេង​ល្បែង​ជល់​មាន់​ខាងលើ អាច​ពាក់ព័ន្ធ​ទៅ​នឹង​សមត្ថកិច្ច​ទាំង​ពីរ ខាងលើ ទើប​ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង​ទាំងនោះ អាច​លេង​ទៅ​បាន​ដោយ​រលូន​។ មិន​ត្រឹមតែ​ប៉ុណ្ណេះ ពេល​ក្រុម​អ្នក​សារព័ត៌មាន​សុំ​ការ​អន្តរាគមន៍​ចុះ​បង្ក្រាប សមត្ថកិច្ច​ថា​៖ ជាប់រវល់​តែ​បន្តិច​ក្រោយមក ឃើញ​ក្រុម​អ្នក​ជល់​មាន់​ទាំងនោះ​រត់​យ៉ាង​ប្រសាច​ទៅ​វិញ​។

ហេតុនេះ​ហើយ សុំ​លោក សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក ខូ​វ លី ស្នងការ​នគរបាល​ដែល​ទើប​ចូល​កាន់​ដំណែង​ថ្មី មេត្តា​ជួយ​ពិនិត្យ​មើល មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ផង ព្រោះ​ល្បែងស៊ីសង​កុំ​ពុង​តែ​កើត​មាន​ពេញបន្ទុក​ហើយ ពិសេស​ល្បែង​ជល់​មាន់ តាម​ទូរទស្សន៍​ជាដើម មាន​ស្ទើរ​គ្រប់កន្លែង​៕ ដោយ ៖ ពៅ សុខ​ហ៊ាន