ក្រុម​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​ជំរឿន​ដល់​ក្នុងភូមិ​គ្រឹះ សម្តេច ហេង សំ​រិ​ន

131

រាជធានី​ភ្នំពេញ ៖ ក្រុម​មន្ត្រី​ជំរឿន​ដឹកនាំ​ដោយ​លោក ហួត ហៃ អភិបាលរង រាជធានី​ភ្នំពេញ សហការ​ជាមួយ អាជ្ញាធរ​ខណ្ឌចំការមន នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​ចុះ​ផ្ទាល់ ដល់​ភូមិ​គ្រឹះ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​កម្ពុជា ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ស្រប​ពេល​ដែល​មន្ត្រី​ជំរឿន នៅ​ទូ​ទាំង​ប្រទេស បាន​នឹង​កំពុង​អនុវត្ត​សកម្មភាព​ជំរឿន ប្រជាពលរដ្ឋ ទាំងអស់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

Loading...

ក្នុង​ឱកាស​ដែល​មន្ត្រី​ជំរឿន បាន​ចុះ​ផ្ទាល់​ដល់​ភូមិ​គ្រឹះ​សម្ដេច ហេង សំ​រិ​ន ដោយ​ក្រុមការងារ នៃ​មន្ត្រី​ជំរឿន បាន​ជម្រាប​ជូន​សម្ដេច ពី​គោលការណ៍​មួយ​ចំនួន​ពាក់ព័ន្ធ នឹង​ការ​ជំរឿន​ប្រជាពលរដ្ឋ ដែល​បាន​បញ្ជាក់​ថា ការ​ធ្វើ​ជំរឿន​ត្រូវ​រៀបចំ​ជា​សំណួរ​ពាក់ព័ន្ធ នឹង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង​ការ​ជំរឿន នៅ​ក្នុងភូមិ​គ្រឹះ​សម្ដេច ក្រុមការងារ​ត្រូវ ដាក់​ជា​សំណួរ ទៅ​លើ​សមាជិក​ទាំងអស់ នៅ​ក្នុងភូមិ​គ្រឹះ​របស់​សម្ដេច រួម​មាន​ទាំង​អ្នកបំរើ​អង្គរក្ស ដោយ​សួរ​ពាក់ព័ន្ធ​នឹង​ការ​សិក្សា ការ​បង្ក​កំណើត ការ​ស្រង់​ទៅ​លើ​ផ្ទះសម្បែង អគារ​ផ្សេង​ៗ ដោយ​ធ្វើការ​សម្ភាសន៍​ផ្ទាល់ នៅ​ក្នុង​គ្រួសារ​តែ​ម្តង ជាមួយនឹង​ការ​បង្ហាញ អត្តសញ្ញាណប័ណ្ណ សំបុត្រ​កំណើត​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី មន្ត្រី​ជំរឿន បាន​បញ្ជាក់​ថា ក្រុម​មន្ត្រី​ជំរឿន​មិន​បង្ខំ តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ ឬ​សំបុត្រ​កំណើត របស់​ប្រជាពលរដ្ឋ មក​បង្ហាញ​នោះ​ទេ​។ សម្តេច ហេង សំ​រិ​ន បាន​ផ្តល់​នូវ​បទ​សម្ភាសន៍ យ៉ាង​ក្បោះក្បាយ​ដល់​ក្រុមការងារ ដែល​បាន​ធ្វើការ​សម្ភាសន៍​សម្តេច ដើម្បី​បង្ក​ភាព​ងាយស្រួល ជូន​ដល់​ក្រុមការងារ​ធ្វើ​ជំរឿន ដូច​ទៅ​នឹង​ប្រជាពលរដ្ឋ​ទូទៅ ដែល​បាន​បង្ហាញ នូវ​ឯកសារ សមាជិក ក្រុម​គ្រួសារ​សម្តេច ដល់​មន្ត្រី​ចុះ​ធ្វើ​ជំរឿន​។ ជាមួយ​គ្នា​នោះ សម្តេច ក៏​បាន​រំលឹក នូវ​អតីតកាល ពាក់ព័ន្ធ​នឹង​ប្រ​វត្ត​តស៊ូ ក៏​ដូច​ជា​ជីវិត​អាពាហ៍ពិពាហ៍ របស់​សម្តេច​ផង​ដែរ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ