កសាង​ផ្លូវ​១​ខ្សែ​ទៅ​កាន់ រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​អូរ​តា​វ៉ៅ

127

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ពិនិត្យ​មើល​ស្ថាបនា​ផ្លូវ​ក្រួស​១​ខ្សែ ទទឹង​២០​ម៉ែត្រ ប្រវែង​ជាង​៧​គីឡូម៉ែត្រ ទៅ​កាន់​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ ដើម្បី​ផ្តល់​សេវា​ឱ្យ​កាន់តែ​ងាយស្រួល​ក្នុង​ការ ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍ ដែល​ជា​កត្តា​ជួយ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត ក្នុង​ខេត្ត​ប៉ៃលិន​។

Loading...

ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ សែន គឺ​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ នូវ​រាល់​ការ​លំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ឱ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​ការ​កសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​រូប​វន្ត​នានា​ដូច​ជា​៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម​។

ហើយ​បច្ចុប្បន្ន​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ខិតខំ​កែ​លម្អ​ហេ​ដ្ឋា​រចនា សម្ពន្ធ សាធារណៈ​នានា ជា​ពិសេស​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​នានា​នៅ​ក្នុង​ខេត្ត ឱ្យ​បាន​កាន់តែ​ល្អ​ឡើង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ក្នុង​ខេត្ត​ប៉ៃលិន​យើង ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង ដែល​ជា​កត្តា​មួយ​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​។

ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម ផា​ន់ ចាន់​ធុ​ល ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​នេះ​ទាំងអស់ មេត្តា​ផ្តល់​កិច្ចសហការ និង​សម្របសម្រួល​នូវ​ផល​ប៉ះពាល់​នានា ក្នុង​ការ​ស្ថាបនា​ផ្លូវ​នេះ​ឱ្យ​បាន​ឆាប់រហ័ស​ទៅ​តាម​ផែនការ គ្រោងទុក ព្រមទាំង​ចូលរួម​ជួយ​ថែរក្សា ដើម្បី​ធានា​ឱ្យ​ការ​ប្រើប្រាស់​បាន​យូរអង្វែង​។

សូម​បញ្ជាក់​ថា​៖ រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ​អូរ​តា​វ៉ៅ ជា​រមណីយដ្ឋាន​ធម្មជាតិ​ល្បី​ជាងគេ នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​មាន​ទឹកធ្លាក់​រហូត​ដល់​៧​ជាន់ ហើយ​មាន​ចម្ងាយ​ចេញពី​ផ្លូវជាតិ​លេខ​៥៧ ប្រមាណ​ជាង ៧ គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​៕ ដោយ ៖ នី​យ៉ា