កម្ពុជា​មានការ​អភិវឌ្ឍ និង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើក​គ្រប់​វិស័យ

198

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពេល​បញ្ចប់​បេសកកម្ម​ការទូត​រយៈពេល​ជាង​៣​ឆ្នាំ​នៅ​កម្ពុជា​លោក ច​ច អ៊ី​ដ​ហ្គា (George Edgar) ឯកអគ្គរដ្ឋទូត សហភាព​អ៊ឺ​រ៉ុ​ប​ដែល​ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា​បាន​ថ្លែង​ថា ឯកឧត្តម មានការ​កត់​សម្គាល់ថា​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​បើ​ប្រៀបធៀប​នឹង​រយៈពេល​២០​ឆ្នាំ​មុន​។ នេះ​បើ​យ​យោង​តាម​លោក កេ​ត សោ​ផា​ន់ អ្នកនាំពាក្យ​ក្រសួង​បរទេស​បាន​បញ្ជាក់​ក្រោយ​ពី​ជួប លោក​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​កាលពី​រសៀល ថ្ងៃ​ទី​១២ មីនា ពេល​ដែល​ឯកឧត្តម​បាន​ចូល​ជួប ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជម្រាបលា នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

Loading...

លោក ច​ច អ៊ី​ដ​ហ្គា (George Edgar) ឯកអគ្គរដ្ឋទូត សហភាព​អ៊ឺ​រ៉ុ​ប​ចប់​អាណត្តិ​នា​ពេល​នេះ​បាន​លើក​ឡើង​ថា សូម​អរគុណ​ដល់​លោក ឧបនាយករដ្ឋមន្ត្រី​ដែល​បាន​ផ្តល់​ឱកាស​ដល់​រូប​លោក​ក្នុង​ការ​ពិភាក្សា​ដោយ​បើកចំហ និង​ស្មោះត្រង់ នៅ​លើ​កិច្ចការ​ជា​ច្រើន​។ លោក​ថា រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​មកនេះ លោក​រីករាយ​ដែល​បាន​ធ្វើ​ការងារ យ៉ាង​ល្អជា​មួយ​ក្រសួងការបរទេស​កម្ពុជា​។ លោក George Edgar ឯកអគ្គរដ្ឋទូត សហភាព​អ៊ឺ​រ៉ុ​ប​បាន​លើក​ឡើង​ថា លោក​មានការ​កត់សម្គាល់​ពី​ការ​រីក​ចម្រើន របស់​ប្រទេស​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​កាលពី​២០​ឆ្នាំ​មុន​លោក​មាន​វត្ត​មាននៅ​កម្ពុជា ដែល​ពេល​នេះ បានឃើញ​នូវ​ការ​រីក​ចម្រើន​នូវ​សេដ្ឋកិច្ច​កម្ពុជា​។ លោក​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​មាន ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ជំនួយ​របស់​សហភាព​អឺរ៉ុប​(EU)​។ សហភាព​អឺរ៉ុប​ក៏​បាន​តម្រង់​ទិស​កម្មវិធី អភិវឌ្ឍ​របស់​ខ្លួន​ស្រប​តាម​កម្មវិធី​អភិវឌ្ឍ​នានា​របស់​កម្ពុជា​។

តែ​សហភាព​អឺរ៉ុប​មិន​បាន​យក​កម្មវិធី​របស់​ខ្លួន មក​ឲ្យ​កម្ពុជា​អនុវត្ត​នោះ​ទេ​។ លោក George Edgar ឯកអគ្គរដ្ឋទូត សហភាព​អ៊ឺ​រ៉ុ​ប​បាន​អះអាង​ថា ”​សហភាព​អឺរ៉ុប​បាន​តម្រង់​ទិស​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រទេស​របស់​កម្ពុជា ដែល​ជា​ហេតុ​ចៀស​ផុត​ពី​ការ​ជាន់​គ្នា​នៃ​កម្មវិធី​អភិវឌ្ឍ​រវាង​សហភាព​អឺរ៉ុប​(EU)​និង​រាជរដ្ឋាភិបាល​កម្ពុជា​។​លោក​ថា​EU​បាន​សម្ដែង​ការ​សប្បាយ​រីករាយ​ដែល​EU​បាន​រួមចំណែក​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ និង​របៀបវារៈ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​សហការ​ជាមួយ​ក្រសួងបរិស្ថាន​។ លោក ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ថា សហភាព​អឺរ៉ុប​ក៏​ធ្លាប់​បាន​ជួយ​ដល់​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា ឆ្នាំ​២០១៧ ជួយ​ដល់​ប្រព័ន្ធ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​។

លោក​បាន​លើក​ឡើង​ថា លោក​ប្តេជ្ញា​បន្ត កិច្ច​សហប្រតិបត្តិការ​ជា​កម្ពុជា​ឲ្យ​បាន​កាន់​ខ្លាំង​ថែម​ទៀត​។ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​ថា លោក​សូម​សម្ដែង​ការ​អបអរសាទរ ចំពោះ​ការ​បំពេញការងារ​បាន​បញ្ចប់​ដោយ​ជោគជ័យ​នៅ​កម្ពុជា​។ លោក​បាន​លើក​ឡើង​ការងារ របស់ លោក​ទូត​អឺរ៉ុប​បាន​ខិតខំ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​។ ជា​ការ​ឆ្លើយ​តប​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​ឯក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ក៏​បាន​ថ្លែងអំណរគុណ​ដល់​សហភាព​អឺរ៉ុប​ដែល​បាន​គាំទ្រ និង​បាន​ផ្តល់​ជំនួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​បាន​រួមចំណែក​ធំធេង​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​លើកកម្ពស់​អភិបាលកិច្ច លើកកម្ពស់​នីតិរដ្ឋ ការ​លើកកម្ពស់​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​រយៈពេល​២៥​ឆ្នាំ​កន្លង​មក​។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា​៖ ក្រសួងការបរទេស​ក៏​ដូច​ជា​រូប​លោក​ផ្ទាល់ បាន​ត្រៀម​សហការ​ជាមួយ ទូត​ថ្មី​តំណាង​សហភាព​អឺរ៉ុប​ដែល​នឹង​បំពេញការងារ​បន្ត​នៅ​ប្រទេស​កម្ពុជា​។ លោក​ថា ជា​ការ​ពិត​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហភាព​អឺ​រ៉ុ​បាន​ផ្តល់​ផល​ទាំង​សងខាង​។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អះអាង​ថា​”​ចំពោះ​បញ្ហា​EBA វិញ​រដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​ការងារ របស់​ខ្លួន​តាម​សេចក្តី​ប្រកាស​របស់​ខ្លួន​”​ដដែល​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី គ្រោង​ជួប​ជាមួយ ប្រតិភូ​EU ដែល​នឹង​មក​បំពេញការងារ​ទាក់ទង​នឹង​បញ្ហា​EBA​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​១៩​ដល់ទី​២០ មីនា ឆ្នាំ​២០១៩​ខាង​មុខ​៕ ដោយ ៖ អ៊ា​ង ម៉េ​ង​ឡេ​ង