សមត្ថកិច្ច​ចាប់​ជ្រូក​១៨​ក្បាល ឆ្លង​ដែន​មក​ពី​វៀតណាម !

205

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ការពារ​ព្រំដែន​ច្រក​ទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ជ្រូក​ពី វៀតណាម ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង ក្នុង​មួយ​ថ្ងៃ​រាប់​សិប​ក្បាល​ដោយ​មិន​ខ្វល់​ពី​ផល​ប៉ះពាល់ សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ឡើយ​ខណៈ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ប្រកាស​បិទ ទាំងស្រុង​មិន​ឲ្យ​នាំ​ជ្រូក​ពី​វៀតណាម​ចូល​មក​កម្ពុជា​មូលហេតុ​ជ្រូក​វៀតណាម​មាន​ផ្ទុះ​ជំងឺ​រយៈពេល​១​ខែ​មក ហើយ​។ តែ​ត្រូវ​ក្រុម​ច​ល័​ត្រ​មន្ត្រី​ការិយាល័យ​ផលិតកម្ម​ប​សុ​ព្យា​ល នៃ​មន្ទីរ​កសិកម្ម​ខេត្ត ចុះ​បង្ក្រាប​ចាប់ បាន​១៨​ក្បាល កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ មីនា ២០១៩​នេះ នៅ​ចំណុច​ច្រក​ទ្វារ តំបន់​ព្រំដែន​ខ្សែ​ដែក ស្ថិត​នៅ​ភូមិ​ត្រស់ ឃុំ​ត្រស់ ស្រុក​រមាស​ហែក​។

Loading...

បើ​តាម​បុរស​ម្ចាស់​រថយន្ត​ដឹក​ជ្រូក ដែល​សមត្ថកិច្ច​ចាប់​បាន​ឲ្យ​ដឹង​ថា ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ កូរ៉េ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-3884 គាត់​ជា​អ្នកស៊ីឈ្នួល​ដឹក​ឲ្យ​ឈ្មោះ រ៉ា និង​ឈ្មោះ សៅ នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ក្នុង​មួយ​ក្បាល​តម្លៃ​៣​ម៉ឺន​រៀល ហើយ​ម្ចាស់​ជ្រូក​បង់​ឲ្យ​សមត្ថកិច្ច​នគរបាល​ច្រក​ទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក គឺ​បង់​ក្បាល​ឡាន​ក្នុង​មួយ​គ្រឿង​៣​ម៉ឺន​រៀល ទាហាន​វរៈ​ការពារ​ព្រំដែន​២​ម៉ឺន​រៀល​។ ប្រភព​ដដែល​បន្ត​ទៀត​ថា រូបគេ​ស៊ីឈ្នួល​ដឹកគោ​ពី​ខេត្តព្រៃវែង​មក​ទម្លាក់​នៅ​ច្រក​ទ្វារ​ព្រំដែន​ខ្សែ​ក​ដែក តម្លៃ​១​ក្បាល ២​ម៉ឺន​រៀល ហើយ​ក៏​ដឹក​ជ្រូក​ត្រឡប់​ទៅ​វិញ​ដោយ​ថៅកែ​ជ្រូក​យក​ទៅ​ដាក់​តាម​ឡូត៍ កាប់​ជ្រូក​កាប់​សាច់​តាម​ផ្ទះ​ក្នុង​ខេត្តព្រៃវែង​។

ហើយ​មិនមែន​មាន​តែ​រថយន្ត​របស់​គាត់​ទេ គឺ​មាន​រថយន្ត ជា​ច្រើន​គ្រឿង​ផ្សេង​ទៀត​ដឹក​ទាំង​យប់​ទាំង​ថ្ងៃ​មានកូន​ជ្រូក​សម្រាប់​យក​ទៅ​ខ្វៃ​ដឹក​រហូត​ដល់​ភ្នំពេញ និង​ជ្រូក​ធំ​រាប់​សិប​ក្បាល​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​ចាប់​ឃាត់​ឡើយ​។ ទាក់ទិន​ករណី​នេះ​ដែរ​លោក ឆាង វី ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក បាន​ឆ្លើយ​ប្រាប់ អ្នក​ព័ត៌មាន​ថា​៖ លោក​មិន​បានដឹង​ទេ ដោយ​លោក​មិន​បាន​ឈរជើង​នៅ​ទីនោះ ហើយ​សមត្ថកិច្ច ប្រចាំការ​នៅ​ប៉ុស្តិ៍​មិន​បាន​រាយការណ៍​ឲ្យ​ដែរ​ទើបតែ​អ្នក​សា​ព័ត៌មាន​សួរ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ចំណែក​លោក ប្រធាន​ប៉ុស្តិ៍​ច្រក​ទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​មិន​អាច​ទំនាក់ទំនង​បាន​ទេ ទូរ​សព្ទ័​ចូល​ហើយ គ្មាន​អ្នក​លើក​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ​លោក ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្រុម​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ស្រុក​បាន​ចុះ​បង្ក្រាប និង​ចាប់​ឃាត់​រថយន្ត​ដឹក​ជ្រូក​មក​ពី​ប្រទេស​វៀតណាម បាន​១៨​ក្បាល យក​មក​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​អនុវត្ត​តាម បច្ចេកទេស គឺ​បូម​ឈាម​ជ្រូក​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ ហើយ​បើ​លទ្ធផល រក​ឃើញ​ថា​មាន​ជំងឺ​គឺ​យក​ទៅ​កម្ទេច​ចោល​តែ​ម្តង​។

ហើយ​បើ​លទ្ធផល​គ្មាន​ជំងឺ​ទេ​ត្រូវ​ផាកពិន័យ តាម​ច្បាប់​។ លោក ថា​ច់ រតនា បាន​បញ្ជាក់​ទៀត​ថា ក្រសួងកសិកម្ម​បាន​ចេញ​សារា​ចរណ៍​ណែនាំ មិន​អនុញ្ញាត​ឲ្យ​នាំ​ជ្រូក​វៀតណាម​ចូល​មក​កម្ពុជា​ទៀត​ទេ គឺ​ត្រូវ​បិត​ទាំងស្រុង​តែ​ម្តង ដោយ​មូលហេតុ​ជ្រូក​វៀតណាម​ផ្ទុះ​ជំងឺ​។ ក៏​ប៉ុន្តែ​ឈ្មួញ​នៅ​តែ​លួច​ឃុបឃិត​ជាមួយ​សមត្ថកិច្ច ឈរជើង​តាម​ព្រំដែន​បើកដៃ​ឲ្យ​នាំ​ជ្រូក​ចូល​ពី​វៀតណាម​ទៀត ទើប​មន្ទីរ​បង្កើត​ក្រុម​ចល័ត​ចុះ​បង្ក្រាប​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន