កសិករ​កាន់តែ​បារម្ភ ខណៈ​អាកាសធាតុ​ក្តៅ​ខ្លាំង​អត់​មាន​ភ្លៀង​ធ្លាក់

189

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពាក់កណ្តាល ខែមីនា ឆ្នាំ​២០១៩​នេះ ខេត្ត​ប៉ៃលិន​នៅ​តែ​មិន​ទាន់​មាន ភ្លៀង​ធ្លាក់ រីឯ​អាកាសធាតុ​វិញ​គឺ​ក្តៅ​ខ្លាំង​ស្ទើរតែ​រលាក​ស្បែក​មនុស្ស បណ្តាល​ឱ្យ​ប្រជា​កសិករ មិន​ទាន់​បាន​ធ្វើការ​ដាំ​ដុះ​ដំណាំ​ដំឡូង​មី និង​ពោតក្រហម​នៅឡើយ​ទេ ដោយ​ទន្ទឹងរង់ចាំ​អាកាសធាតុ អំណោយផល​សិន​។

Loading...

ប្រជា​កសិករ បាន​លើក​ឡើង​ថា ៖ នៅ​ដើមឆ្នាំ​ថ្មី​នេះ អត់​សូវ​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ ដូច​ឆ្នាំ​មុន​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកខ្លះ​ភ្ជួរ​ដី​ហាល​ចោល និង​អ្នកខ្លះ​កាប់​ដើម​ដំឡូង​មី​យក​ទៅ​គរ​ទុក រង់ចាំ​ទឹកភ្លៀង​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​តែ​ម្តង ចំណែក​អ្នក​ដែល​ទើបនឹង​ដាំ​ថ្មី​ៗ​កន្លង​ទៅ ដុះ​លូតលាស់​ហើយ តែ​ដោយសារ​រាំងភ្លៀង​យូរ​ក៏​ស្វិត​ស្រពោន​ងាប់​ទៅ​វិញ​ផង​ដែរ​។

លោក ង៉ា លី​ហុង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត បានឱ្យ​ដឹង​ថា​៖ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង ហើយ​រាំងភ្លៀង​រយៈពេល​យូរ បណ្តាល​ឱ្យ​ទឹក​បឹងបួរ ស្រះ​ប្រឡាយ អូរ និង​ស្ទឹង​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​រីង​ខះ​ស្ទើរ​អស់រលីង ទៅ​ហើយ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ផង​ដែរ​។

បើ​តាម​របាយ​ការ​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យ​ដឹង​ថា​៖ នៅ​ខេត្ត​ប៉ៃលិន មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដំឡូង​មី ចំនួន ៤៥,០០០​ហិ​កតា ដំណាំ​ពោតក្រហម ចំនួន ២០,០០០​ហិ​កតា ដំណាំ​មៀន​ប៉ៃលិន ចំនួន ៣,៩៨៣​ហិ​កតា និង​ដំណាំ​ស្វាយកែវ​ល្មៀត ចំនួន ៤,៦៦៥​ហិច​តា​៕ ដោយ ៖ នី​យ៉ា