ចាប់​បង្គា​ចាក់​ចាហួយ​នាំ​ពី​វៀតណាម ជាង​៧​តោន​ដុត​កម្ទេច​ចោល

464

រាជធានី​ភ្នំពេញ ៖ កន្លង​មក​ធ្លាប់​ឮ និង​ធ្លាប់​ឃើញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​ត​ៗ​គ្នា​រឿង (​បង្គា​ចាក់​ចាហួយ​) នាំ​ចូល​ពី​ប្រទេស​ជិតខាង ពេល​នេះ​ពិតជា​ច្បាស់​ហើយ កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៣ មីនា កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន់​ធឿ​ន បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ក្រោម​ការ​សម្របសម្រួល​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ប​ង្រា្ក​ប​ករណី​នាំ​ចូល​បង្គា​មក​ពី​ប្រទេស​វៀតណាម ពុំ​មានច្បាប់​អនុញ្ញាត ដឹក​តាម​រថយន្ត​ចំនួន​៣​គ្រឿង​។

Loading...

ក្នុង​នោះ​មាន​បង្គា (​បង្គា​ចាក់​សារធាតុ​ម្យ៉ាង​ខាប់​ដូច​ចាហួយ​ចូល​ក្បាល​បង្គា​) និង​គ្រឿង​សមុទ្រ​មួយ​ចំនួន ដែល​គ្មាន​ច្បាប់​អនុញ្ញាត ប្រមាណ​៣៧៦ កេស ស្មើនឹង ៧.៥២០ គីឡូក្រាម​។ វត្ថុ​តាង​ទាំង​អស់នោះ​ត្រូវ​បាន លោក​ព្រះរាជអាជ្ញា​រង ខាំ សុ​ផា​រី សម្រេច​ឲ្យ​ដកហូត និង​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​នាយកដ្ឋាន នគ្របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ហើយ​បន្ទាប់​មក​ក៏​មាន​បទបញ្ជា​ឲ្យ​យក​បង្គា​(​ចាក់​ចាហួយ​)​ជាង​៧​តោន ដែល​គ្មាន​ច្បាប់​អនុ​ញ្ញ​ត យក​ទៅ​ដុត​បំផ្លាញ​ចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក​។

បន្ទាប់​ពី​នេះ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​អ្នកបើកបរ​រថយន្ត​៣​នាក់ ទៅ​ធ្វើការ​សាកសួរ និង​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​ស្រាវជ្រាវ និង​ស្វែងរក​ម្ចាស់​បង្គា​ចាក់​ចាហួយ​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់