បុរស​អា​មេ​រិ​កាំ​ង​ម្នាក់​ធ្លាក់​ពីលើ​ជាន់​ទី​៣ នៃ​សណ្ឋាគារ​អា​ម៉ា​រី

208

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ជនជាតិ​អា​មេ​រិ​កាំ​ង​ម្នាក់​បាន​សម្រេចចិត្ត​លោត​សម្លាប់​ខ្លួន​ពីលើ ជាន់​ទី​៣ នៃ​សណ្ឋាគារ អា​ម៉ា​រី ធ្លាក់​ទៅ​ទើរ​លើដំបូល​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ របស់​ម្ចាស់​សណ្ឋាគារ មួយ​គ្រឿង​ចត​នៅ​ខាង​មុខ​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ ស្លាប់​ក្រោយ​ពេល ដែល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​រេ​ពេទ្យ​កាល់​ម៉ែ​ត​។ ហេតុការណ៍​នេះ​ដែរ​បាន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង ៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ «​អា​ម៉ា​រី​» ទីតាំង​ផ្ទះ​លេខ​១២ ផ្លូវ​លេខ​១៣៦ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ​។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ SIMONSEN STEVEN MATTHEW ជនជាតិ អា​មេ​រិ​កាំ​ង អាយុ​៥៣​ឆ្នាំ ជា​ភ្ញៀវ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ ៤៨៨៤០១១១៨ ស្នាក់​នៅ​សណ្ឋាគារ អា​ម៉ា​រី ខាងលើ​។ មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះជា​ជនជាតិ អា​មេ​រិ​កាំ​ង​វ័យ​ចំណាស់​ម្នាក់​ខាងលើ ឡើង​ទៅ​អង្គុយ លើដំបូល​សំ​យ៉ាប​ជាន់​ទី​៣ នៃ​សណ្ឋាគារ «​អា​ម៉ា​រី​»​ខាងលើ ដោយ​មាន​ទាំង​បុគ្គលិក​របស់​សណ្ឋាគារ​ឡើង​ទៅ​និយាយ​សួរនាំ និង លួងលោម​ឲ្យ​គាត់​ចុះ​មក​វិញ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​គេ​បាន​ប្រទះ​ឃើញ បុរស​វ័យ​ចំណាស់​ជនជាតិ​អា​មេ​រិ​ក​កាំ​ង​ម្នាក់​ទៅ​អង្គុយ​លើ​សំ​យ៉ាប សណ្ឋាគារ​នៅ​ជាន់​ទី​៣ របស់​សណ្ឋាគារ អា​ម៉ា​រី ហើយ​មានការ​សួរនាំ និង និយាយ​អង្វរ​ឲ្យ​រូប​គាត់​ចុះ​វិញ​យ៉ាងណា​ក៏​រូប​គាត់​មិន​ចុះ​វិញ​ដែរ ដោយ​រូប​គាត់​ចេះ​តែ​ត្អូញត្អែ​អំពី​បញ្ហា ជំងឺ​ប្រចាំ​កាយ និង​សើយ​អាវ​បង្ហាញ​ពី​ស្នាម​វះកាត់​នៅ​ត្រង់​ពោះ​របស់​គាត់​ទៀត​ផង​។

បើ​ទោះបីជា​មានការ​និយាយ​លួងលោម​យ៉ាងណា​ក៏​ដោយ​ក៏​រូប​គាត់​មិន​ព្រម​ចុះ​ក្រោម​វិញ​ដែរ និង នៅ​អង្គុយ​និយាយ​ទាល់តែ​ធ្លាក់​ពីលើ​ដំបូល​សំ​យ៉ាប​ជាន់​ទី​៣ ហើយ​ធ្លាក់​មក​ទើរ​លើដំបូល​រថយន្ត របស់​ម្ចាស់​សណ្ឋាគារ​មួយ​គ្រឿង​ម៉ាក ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-៧៥៦៩ ដែល​ចត​នៅ​ខាង​មុខ​សណ្ឋាគារ​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ក្រពឹត ដំបូល​រថយន្ត​មួយ​គ្រឿង​នោះ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។

ភា្ល​ម​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល យ៉ាង​ខ្លាំង ទៅ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ និង បាន​ហៅ​រថយន្ត​សា​មុ​យ របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​តម​ក​ដឹក​យក​ទៅ​ធ្វើការ​សង្គ្រោះ​ផង​ដែរ តែ​ជា​អកុសល​ដោយសារ​តែ​រូប គាត់​រង​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​ដាច់ខ្យល់​ស្លាប់​យ៉ាង​អាណោចអាធ័ម​តែ​ម្តង​៕ ដោយ ៖ ភី ផល