រថយន្ត​ឈ្មួ​ល​ដឹក​ភ្ញៀវ​ឡើង​ភ្នំ​សំពៅ​១​គ្រឿង បាន​ក្រឡាប់​ឆេះ​ខ្ទេច

314

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ឈ្មួ​ល​ដឹក​ភ្ញៀវ​ឡើង​លើ​តំបន់​ទេសចរណ៍ ភ្នំ​សំពៅ មួយ​គ្រឿង​បាន​ក្រឡាប់​ឆេះ​ខ្ទេច​អស់​គ្មាន​សល់ ដែល​បណ្ដាល​ឲ្យ​ភ្ញៀវ​ទេសចរណ៍​យ៉ាងតិច ចំនួន​១៥​នាក់ បាន​រង​របួសធ្ងន់ និង​ស្រាល ក្នុង​នោះ​មាន​ទាំង​ភ្ញៀវ​ទេសចរណ៍​បរទេស​ផង​ដែរ​។ បើ​តាម​សេចក្ដីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៨ មីនា ២០១៩ នៅ​តាម​ផ្លូវ​លើ​ខ្នងភ្នំ​សំពៅ ស្ថិត​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​។

Loading...

រថយន្ត​ម៉ា​កតា​កូ​ម៉ា​ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​ឈ្មោះ សេង សុភាព ហៅ​អ៊ូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​មុខរបរ​បើកបរ និង​រស់នៅ​ភូមិ​,​ឃុំ​កើតហេតុ​ខាងលើ​។ មន្ត្រី​ដដែល​បាន បញ្ជាក់​ថា រថយន្ត​នេះ​បាន​ផ្ទុក​ភ្ញៀវ​ទេសចរណ៍​ចំនួន​១៥​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរណ៍​បរទេស ចំនួន​៥​នាក់​ផង​ដែរ​។ រថយន្ត​បាន​ក្រឡាប់​នៅ​ពេល​ព្យាយាម​បើក​ឡើង​ទៅ​លើ​ភ្នំ តែ​ដល់​ពាក់កណ្ដាល ស្រាប់តែ​ជួប​គ្រោះថ្នាក់​តែ​ម្ដង​។ បើ​តាម​របាយការណ៍​បាន​បញ្ជាក់​ថា មនុស្ស​ចំនួន​៤​នាក់​រង​របួសធ្ងន់ រីឯ​មនុស្ស​ចំនួន​១១​នាក់​ទៀត​បាន​រង​របួសស្រាល ហើយ​ត្រូវ​បាន​គេ​ជួយ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ភ្លាម​ៗ​ដែរ​។

ទោះ​យ៉ាងណា​គេ​មិន​ទាន់​ដឹង​អំពី​ព័ត៌មាន​ជាក់លាក់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​រថយន្ត ដឹក​ភ្ញៀវ​ទេសចរណ៍​នេះ​ក្រឡាប់​នៅឡើយ​ទេ​។ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ក្រៅពី​បង្ក​គ្រោះថ្នាក់ ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ រថយន្ត​នោះ​បាន​ក្រឡាប់​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆេះ​ខូចខាត​ទាំងស្រុង ផង​ដែរ​។ សមត្ថកិច្ច​បាន​បញ្ជាក់​ដែរ​ថា ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​ដោយសារ​អ្នកបើកបរ​រថយន្ត មានការ​ធ្វេសប្រហែស ហើយ​ដឹក​ភ្ញៀវ​ច្រើន​លើស​ចំណុះ ខណៈ​ត្រូវ​បើក​ឡើង​លើ​ភ្នំ​។

ដោយឡែក​មន្ត្រី នគរបាល​ទេសចរណ៍​ដែល​គ្រប់គ្រង​តំបន់​ទេសចរណ៍​ភ្នំ​សំពៅ​នេះ​វិញ ត្រូវ​បាន​គេ​រិះគន់​ជា​រឿយ​ៗ​ថា ហាក់​មិន​បាន​យកចិត្តទុកដាក់​មើល​ការ​ខុស​ត្រូវ​ទៅ​លើ​ក្រុម​អ្នកស៊ីឈ្នួល​ដឹក​ភ្ញៀវ​ទេសចរណ៍​ឡើង​ចុះ​ភ្នំ​សំពៅ​នេះ​ទេ គឺ​ចាំ​ប្រមូល​តែ​ចំណូល​ប៉ុណ្ណោះ​។ កន្លង​មក​ក៏​ដូច​បច្ចុប្បន្ន ទាំង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ទាំង​ភ្ញៀវ​ទេសចរណ៍​តែង​រិះគន់​មិន​ឈប់​ឈរ​អំពី​ភាព​រញ៉េរញ៉ៃ​នៃ​ក្រុម​អ្នក​ដឹក​ភ្ញៀវ​ទេសចរណ៍​ឡើង​ភ្នំ មិន​ថា​អ្នក​ដឹក​តាម​ម៉ូតូ ឬ​តាម​រថយន្ត​នោះ​ទេ​គឺ​គ្មាន​សណ្ដាប់ធ្នាប់​ឡើយ រីឯ​មន្ត្រី​នគរបាល​ទេសចរណ៍ ដែល​មាន​ស្នាក់​ការ​នៅ​ក្បែរ​ជើងភ្នំ​នោះ​ហាក់​មិន​យក​ភ្នែក​មើល​ពី​ភាព​រញ៉េរញ៉ៃ​របស់​ក្រុម​អ្នក​ដឹក​ភ្ញៀវ​នេះ​ឡើយ​។

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អ្នក​ស៊ី​ឈ្នូ​ល​ដឹក​ភ្ញៀវ​ឡើង​លើ​ភ្នំ បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ​ទេសចរណ៍ តែ​មិន​មានការ​កែតម្រូវ​ឲ្យ​ប្រសើរ​ឡើយ សំខាន់​មន្ត្រី​ទេសចរណ៍ ចាំ​ប្រមូល​តែ​ចំណូល​ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ម្ចាស់​រថយន្ត​ត្រូវ​ដោះស្រាយ បែប​ណា ជាមួយ​ជន​រង​គ្រោះ ជុំវិញ​ករណី​គ្រោះថ្នាក់​ខាងលើ​នេះ ? រីឯ​សមត្ថកិច្ច​ក៏​មិន​ទាន់​ដឹង​អំពី​វិធានការ​ដែរ​៕ ដោយ ៖ ឆោម ពិសម័យ