ឡិច​ស៊ី​ស​៤៧០​ហោះ​រំលង​សួនច្បារ ទៅ​បុក​បង្គោល​ភ្លើង​មុខ​CTN

129

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ជ្រុល​ចង្កូត​ឡើង​សួនច្បារ​កណ្តាលផ្លូវ​ជាតិ​លេខ​៥ ហើយ​ជ្រុល​ច​ង្កូ​ច​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ បាក់​ត្រឹម​គល់ ហើយ​រថយន្ត​ស្រុញ​មុខ​ក្រពឹត​ជាប់​បង្គោល​ភ្លើង​។ គ្រោះថ្នាក់​ចរាច​ណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​៥ នៅ​មុខ​ស្ថានីយ ទូរទស្សន៍​CTN ក្នុងភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។

Loading...

រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ម៉ាក ឡិច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ២B-០២២២ បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ខាងលើ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​បាន​បើក​ជែង​យានយន្ត​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​រថយន្ត​នោះ​ជ្រុល​ចង្កូត​ទៅ​ឆ្វេង​ដៃ​បុក​ឡើង​ខឿន​សួនច្បារ​កណ្តាលផ្លូវ​។

តាម​សាក្សី​បន្ត​ទៀត​ថា ខណៈនោះ​គេ​ឃើញ លឿន​ដូច​ហោះ​រំលង​សួនច្បារ​ទៅ​បុក​បង្គោល​ភ្លើង​ខាងឆ្វេង​ដៃ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​ត្រឹម​គល់ ហើយ​រថយន្ត​ក្រពឹត​ស្រុញ​មុខ​ជាប់​បង្គោល​ភ្លើង​ទៅ​មុខ​លែង​រួច​។ តាម​អ្នកបើកបរ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់ ដោយសារ​តែ​គេច​ម៉ូតូ​២​គ្រឿង​ដែល​បើកបរ​បញ្ច្រាស ក៏​ជ្រុល​រំលង​ផ្លូវ​បុក​បង្គោល​ភ្លើង​តែ​ម្តង​។

អ្នកបើកបរ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​មិន​គេច​ទេ វា​អាច​បុក​ម៉ូតូ​បង្ក​ឲ្យ​មនុស្ស​រង​គ្រោះ​។ បន្ទាប់​ពី​គ្រោះថ្នាក់​ម្ចាស់​រថយន្ត​ធានា​ចេញ​សងការ​ខូចខាត បង្គោល​ភ្លើង និង​កំពុង​សម្របសម្រួល​ជាមួយ​មន្ត្រី​អគ្គិសនី​តែ​ពុំ​ដឹង​ថា​ប៉ុន្មាន​នោះ​ទេ​៕ ដោយ ៖ ម៉េ​ង ធា