ពលរដ្ឋ​ជាង​១០​គ្រួសារ​គាំទ្រ​អ្នក​ចាញ់​ក្កី នាំ​គ្នា​សុំ​ឲ្យ​សម្តេច​តេ​ជោ​ជួយ​រក​យុត្តិធម៌

100

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​១០​គ្រួសារ រួម​ទាំង​លោកស្រី បាន សា​រុំ ដែល​ជា​អ្នក​ចាញ់ក្តី ក៏​បាន​ជួប​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ដោយ​ស្រែក​អយុត្តិធម៌ និង​បាន​ទ​ទួ​ច​សុំ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់ មេត្តា​ជួយ​អន្តរាគមន៍ និង​ជួយ​រក​យុ​ត្ត​ធម៌​។ ការ​ស្រែក​អយុត្តិធម៌​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា ម៉ោង​ប្រមាណ​៨ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​លេខ​០៩ ផ្លូវ​លេខ​១៩៦២ ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

Loading...

បន្ទាប់​ពី​មាន​សេចក្តី​ជួន​ដំណឹង របស់​អាជ្ញាសាលា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជ​ម្រាម​មក​លោក​កូនបំណុល​នៃ​ការ​អនុវត្ត​ឈ្មោះ បាន សា​រុំ ក្រុម​គ្រួសារ និង​តតិយជន​(​អ្នក​ទទួល​ជួល​) ដែល​បាន​កាន់កាប់​លើ​ដី​អចលនវត្ថុ​នេះ​ឲ្យ​រុះរើ​ចេញ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​។ នៅ​ក្នុង​សេច​ត្តី​ជួន​ដំណឹង​នោះ​បាន​ឲ្យ​ដឹង​ថា អាជ្ញាសាលា នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​ដឹកនាំ គណៈ​ក​ម្មា​ការ​ចម្រុះ​ចុះ​អនុវត្ត​សាលដីកា រដ្ឋប្បវេណី លេខ​៣១៧«​ញ​» ចុះ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ ២០១៧ របស់​តុលាការ​កំពូល​ដែល​មាន​ខ្លឹមសារ បង្គាប់​ឲ្យ​ចុង​ចម្លើយ​ឈ្មោះ បាន សា​រុំ រុះរើ​សំណង់​ផ្សេង​ៗ​ចេញពី​ដី​របស់​ដើមចោទ ស៊ុ​យ លាង និង​ឲ្យ​ចុង​ចម្លើយ ឈ្មោះ បាន សា​រុំ ប្រគល់​ដី​ទំហំ​៥​ម៉ែត្រ គុណ​១៨​ម៉ែត្រ មាន​វិញ្ញាបនបត្រ សម្គាល់​លើ​អចលនវត្ថុ​លេខ​១២០៧០៥០៩.២៨៦១ ចុះ​ថ្ងៃ​ទី​០៥ តុលា ២០០៩ ស្ថិត​នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

លោកស្រី បាន សា​រុំ អាយុ​៦៤​ឆ្នាំ ដែល​ជា​អ្នក​ចាញ់ក្តី រួម​ជាមួយ​ប្រជាពលរដ្ឋ​គាំទ្រ បាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​ក្តី​គ្នា​នេះ​ជា​រឿង​អយុត្តិធម៌ ព្រោះ​ដី​ដែល​គាត់​រស់នៅ​សព្វ​ថ្ងៃជា​ដី​ដែល​គាត់​ទិញ​ដោយ​ស្របច្បាប់ ពី​ប្អូនស្រី​របស់​ខ្លួន​ឈ្មោះ បាន សុ​ផា​ន់ ក្នុង​តម្លៃ ១៣,០០០​ដុល្លារ និង​បាន​សង់ផ្ទះ​រស់នៅ​លើ​ដី​នោះ រយៈពេល​ប្រមាណ​២០​ឆ្នាំ​មក​ហើយ ស្រាប់តែ​ឈ្មោះ ស៊ុ​យ លាង មក​លួច​ធ្វើ​ប្លង់ និង​ប្តឹង​ទាមទារ​យក​នោះ​រហូត​ដល់​តុលាការ​កំពូល ចេញ​សាល​ក្រុម​ប្រគល់​ឲ្យ​ទាំង​អយុត្តិធម៌​។ លោកស្រី បាន សា​រុំ ក៏​បាន​សំណូមពរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា​លោក ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា មេត្តា​ជួយ​អន្តរាគមន៍ និង​ចាត់​មន្ត្រី​ជំនាញ ចុះ​ស្រាវជ្រាវ ដើម្បី​ជួយ​រក​យុត្តិធម៌​ឲ្យ​លោកស្រី ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ផង​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៤ ឧសភា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដោយ​មានការ​ចូលរួម​ជាមួយ​ពី​បងប្អូន អ្នក​ភូមិ​ប្រមាណ​ជាង​៣០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា និង​ត្រៀម​កង់​ម៉ូតូ​ដប​សាំង ដុត ប្រឆាំង​រារាំង​សមត្ថកិច្ច ចម្រុះ​ដែល​ចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ស្រែ​កថា អយុត្តិធម៌​។ បន្ទាប់​ពី​មានការ​តវ៉ា​ពី​កូន បំណុល​យ៉ាង​ខ្លាំង កម្លាំង​ចម្រុះ​ដឹកនាំ ដោយ​លោក ម៉ោង សុភាព ,​លោក ខាំ សុម​ករា អាជ្ញាសាលា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​សម្រេច​ចិត្តជា​បណ្តោះអាសន្ន និង​លើក​ពេល​អនុវត្ត​ទៅ​ថ្ងៃក្រោយ ហើយនឹង​គ្រោង​អនុវត្ត​នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩​ខាង​មុខ​នេះ​៕ ដោយ ៖ ម៉េ​ង ធា