ខេត្តសៀមរាប ៖ នារសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប មានបើក កិច្ចប្រជុំគណៈកម្មការរៀបចំព្រឹត្តការណ៍សៀមរាប សង្ក្រាន្ត ក្រោមកិច្ចដឹកនាំរបស់លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកសមាជិកាគណៈកម្មការ រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ។

បន្ទាប់ពីឯកឧត្តមប្រធាននៃអង្គប្រជុំ បានដាក់នូវរបៀបវារៈនៃកិច្ចប្រជុំរួចមក ក្រុមការងាររបស់សហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត បានធ្វើបទបង្ហាញ អំពីគម្រោងរៀបចំ ភូមិអាហារនៃក្តីស្រឡាញ់ និងរៀបចំការតាំង បង្ហាញពីនូវការត្បាញក្រមា និងផលិតផលស្នាដៃស្ត្រីខ្មែរ ដែលកើតចេញកម្លាំងប្រាជ្ញារបស់បងប្អូនស្ត្រីខ្មែរយើង ដើម្បីជាទីកន្លែងបង្កលក្ខណៈជូនដល់ប្រជាពលរដ្ឋ បានចូលរួមលេងកម្សាន្តសប្បាយ និងទស្សនានូវការសម្តែង ផ្ទាំងទស្សនីយភាព សិល្បៈរបាំបុរាណខ្មែរ និងល្បែងប្រជាប្រីយ៍ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៤.១៥.១៦ ខែមេសា ឆ្នាំ២០១៩នេះ។

ក្នុងនោះដែរអាជ្ញាធរជាតិអប្សរា ក៏បានលើកផងដែរ អំពីគម្រោងនៃភូមិខ្ញុំ ដែលធ្វើការ សាងសង់នៅតាមបែប លំនៅដ្ឋានពីបុរាណកាល ក្នុងការបង្ហាញនូវ ពីវប្បធម៌ អរិយធម៌របស់ប្រជាជនខ្មែរ នាសម័យអង្គរ។ ម្យ៉ាងទៀតក៏ជាធ្វើការទាក់ទាញនូវអារម្មណ៍ នៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នូវសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលមាននៅក្នុងខេត្តសៀមរាប។ ក្នុងនោះដែរលោកប្រធានអង្គប្រជុំ ក៏សូមឲ្យគ្រប់បណ្តាស្ថាប័នពាក់ព័ន្ធទាំងអស់ លើកនូវគម្រោងរបស់ខ្លួន ក្នុងការត្រៀមលក្ខណៈ ចូលរួមក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០១៩នេះ ព្រមទាំងសូមឲ្យធ្វើការលម្អិតនូវគម្រោងរបស់ខ្លួន។

ក្នុងនោះដែរសមាជិកអង្គប្រជុំក៏បានធ្វើការពិភាក្សាយ៉ាងផុលផុស ដោយផ្តោតសំខាន់លើចរាចរណ៍ សណ្តាប់ធ្នាប់ នៅជុំវិញ និងទីកន្លែងប្រារព្ធពិធី ព្រមទាំងការផ្គត់ផ្គង់ ថាមពលអគ្គិសនី ហើយកត្តាសំខាន់នោះ គឺបញ្ហាការប្រើប្រាស់ទឹក នៅពេលក្នុងពិធីស្រង់ព្រះដែលជាថ្ងៃឡើងស័ក្តនោះ ដោយប្រមុខរាជ រដ្ឋាភិបាលបានធ្វើការ ប្រកាសអាសន្ន នៅពេលខាងមុខ ព្រះរាជាណាចក្រកម្ពុជាយើងតាមតំបន់មួយចំនួន ជួបនូវការខ្វះទឹកប្រើប្រាស់ ហើយក៏ដើម្បីចៀសវាងនូវរាល់បាតុភាពផ្សេងៗ កើតចេញនៅក្នុងបណ្តាព័ត៌មាន សង្គមផងដែរ។ មានប្រសាសន៍នោះដែរ លោក ទៀ សីហា សូមឲ្យគ្រប់អនុគណៈកម្មការទាំងអស់ ត្រូវផ្តោតទៅលើ ភារកិច្ចរបស់ខ្លួន ដែលគណៈកម្មការបានប្រគល់ភារកិច្ចជូន ព្រមទាំងត្រូវធ្វើការត្រួតពិនិត្យឡើងវិញ នូវរាល់កិច្ចការដែលនៅសេសសល់។

លោកក៏បានគូសបញ្ជាក់ថា កិច្ចការទាំងនេះ យើងទទួលបានបទពិសោធន៍ ជា៦ឆ្នាំមកហើយ ព្រមទាំងបានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យទៀតផង។ ក្នុងនោះដែរលោក អភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ នៅតំបន់គោរពពិធី ទោះបីយើងធានាបានល្អយ៉ាងណា ក៏យើងមិនត្រូវមានមោទនៈភាព និងការធ្វេសប្រហែស កិច្ចការទាំងនេះឡើយ គឺត្រូវបង្កើនការយកចិត្តទុកដាក់ទ្វេរឡើង ចំពោះកម្លាំងសមត្ថកិច្ច ប្រដាប់អាវុធគ្រប់ប្រភេទ ដោយត្រូវមានការចូលរួមពី ប្រជាពលរដ្ឋផងដែរ។

ម្យ៉ាងទៀតគ្រប់មន្ទីរ ស្ថាប័ន អង្គភាព និងវិស័យឯកជន ដែលមានការពាក់ព័ន្ធ ចំពោះបញ្ហា អនាម័យ បរិស្ថាន សំខាន់នូវបង្គន់អនាម័យ និងទីចំណតរថយន្ត គ្រប់ប្រភេទទៀតផង។ លោក ទៀ សីហា បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្តនេះ ឲ្យក្លាយជាព្រឹត្តិការណ៍មួយទៀត បន្តពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោក ។ ម្យ៉ាងទៀតក៏បានផ្តល់ ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់ អំពីភាពរុងរឿង និងល្បីល្បាញ ភាពដ៏សម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និងបានបន្តថែរក្សាកេរ្តិ៍មរតឲ្យបានគង់វង្ស និងបន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ។

លោកក៏បានបន្តទៀតថា នេះជាការបំផុសនូវ គំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរជាធ្លុងមួយ ក្នុងការបណ្តុះស្មារតីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ និងបាវចនាជាតិ ព្រលឹងជាតិ អត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបថនៃសមាហរណកម្មសហគមន៍ប្រជាជាតិអាស៊ី អាគ្នេយ៍(រួមគិត រួមធ្វើ រួមទទួលខុសត្រូវ) ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ។ ក្នុងនោះលោកក៏បានសង្កត់ធ្ងន់ ផងដែរ ចំពោះការផ្គត់ផ្គង់ថាមពល អគ្គិសនី ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺត្រូវត្រៀមឲ្យបាននូវ គ្រប់លក្ខណៈ ក្នុងពេលមានបញ្ហាការដាច់នូវចរន្តអគ្គិសនី នៅក្នុងពិធី។
លោកក៏បានឲ្យដឹងទៀតថា នៅមុនពេលប្រារព្ធពិធីបើកព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត និងមានរៀចំធ្វើពិធីក្រុងពាលី បួងសួងសុំនូវសេចក្តីសុខ សប្បាយ ក្នុងការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ ទៅតាមបែបព្រះពុទ្ធ សាសនា។ លោកបន្តទៀតថា ព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្តឆ្នាំ២០១៩នេះ នឹងដំណើរការទៅតាមកម្មវិធី ដែលបានព្រៀងទុក ហើយចំពោះការស្រង់ ព្រះនោះគឺ ប្រព្រឹត្តធ្វើទៅតាមក្បួនច្បាប់ ប្រពៃណី សាសនាតាំងពីបុរាណកាលតរៀងមកផងដែរ។ ព្រមទាំងត្រូវរៀបចំទីកន្លែងកម្សាន្តជូន ដល់ប្រជាពលរដ្ឋ និង យុវជន កុមារាកុមារី បានចូលលេងសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរយើងនេះ។
ក្នុងនោះដែរ ក៏បានដាក់នូវ បទបញ្ជាដល់ក្រុមការងារ សាលាខេត្តសៀមរាប ធ្វើការរៀបចំលម្អភ្លើង តាមដងផ្លូវ ដើម្បីរំលេចនូវសោភ័ណភាព សម្រស់បៃតង នៅតាមដងស្ទឹង និងរុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឲ្យកាន់ តែធ្វើការទាក់ទាញអារម្មណ៍ភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ជាសំខាន់នូវក្នុងឱកាសព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ២០១៩ ដែលនឹងចូលមកដល់ពេលខែខាងមុខនេះ៕ ដោយ ៖ ច័ន្ទ រស្មី