រាជធានីភ្នំពេញ ៖ លោក សេង លាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងគ្រឿងញៀន ករណីបង្ក្រាបនៅក្លឹបកម្សាន្ត រ៉ុក នាថ្ងៃទី២២ ខែមីនា នេះ បានបង្គាប់aទៅអនុរក្សពន្ធនាគារព្រៃស នាំជនជាប់ចោទ ចំនួន១៧នាក់ មកសាកសួរបន្ថែម ដើម្បីបិទការស៊ើបសួរ និងចាត់ទៅជំនុំជម្រះ។ ក្រោយពីសាកសួរជនជាប់ចោទ ទាំង១៧នាក់ ត្រូវបាននាំទៅឃុំខ្លួននៅពន្ធនាគារជាបណ្តោះវិញ។ ជាមួយនោះផងដែរមានមនុស្ស២នាក់ ដែលត្រូវបានចៅក្រមស៊ើបសួរចេញដីកាចាប់ខ្លួន និងឲ្យចូលខ្លួន ពាក់ព័ន្ធករណីបង្ក្រាបគ្រឿងញៀននៅក្លឹប កម្សាន្តរ៉ុក នេះបើតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលមនុស្ស២នាក់នោះ ម្នាក់ជាមេការ និងម្នាក់មេសន្តិសុខ ប្រចាំនៅក្លឹបកម្សាន្តរ៉ុក ដែលមានសមាសភាពជាមន្ត្រីនគរបាលជាតិ។

តាមមន្ត្រីអនុរក្សពន្ធនាគារ បានបង្ហើប ឲ្យដឹងថា ឧកញ៉ា គិត ធាង ម្ចាស់ទីតាំងក្លឹបកម្សាន្តរ៉ុក តាំងពីចូលពន្ធនាគារ គឺដេកផ្ទាល់ឥដ្ឋរហូត មិនមានសេរីភាពបានដេកគ្រែពូក ម៉ាស៊ីនត្រជាក់ ដូចនៅផ្ទះជួបជុំប្រពន្ធកូនទេ ហើយក៏មិនសូវចេញពីបន្ទប់ ដូចគេដែរ។ ឧកញ៉ា គិត ធាង ពេលចេញពីបន្ទប់ដេក ដើរមើលពន្លឺព្រះអាទិត្យក្នុងបរិវេណពន្ធនាគារម្តងៗ ក្រុមអនុរក្សបានតម្រូវឲ្យស្លៀកពាក់ឈុតជាអ្នកទោស ដែលមានពេលខ្លះឧកញ៉ា បានសុំស្លៀកពាក់អាវធំក្រវ៉ាត់ក ប៉ុន្តែមិនត្រូវបានការអនុញ្ញាត។ ប្រភពព័ត៌មានឲ្យដឹងទៀតថា តាំងពីជាប់ពន្ធនាគារ ឧកញ៉ា គិត ធាង គេឃើញមានសាច់ញាតិ និងក្រុមគ្រួសារតិចតួចណាស់ ចេញចូលទៅសួរសុខទុក្ខ ដែលហាក់ដូចជាមានភាព ស្រគត់ស្រគំ និងស្ងាត់ស្ងៀមបំផុត។

ប៉ុន្តែមានប្រភពមួយនោះបានបង្ហើបឲ្យដឹងថា ឧកញ៉ា គិត ធាង មិនសូវចូលចិត្តចេញលំហែរកាយខាងក្រៅពេកទេ គឺគិតតែពីសម្ងំដេកក្នុងបន្ទប់។ ឧកញ៉ា គិត ធាង ត្រូវបានស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ជាផ្លូវការពីបទ ផ្ដល់ទីតាំង ចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់ និងសមគំនិត ដោយខុសច្បាប់នូវសារជាតិញៀន ប្រព្រឹត្តនៅមណ្ឌលកម្សាន្តរ៉ុក ស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ តាមមាត្រា៤២ និង៤៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។ មាត្រា៤៤ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន បានកំណត់ឲ្យផ្ដន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀលទៅ២០លានរៀល ។
ដូច្នោះបានជាឧកញ៉ា គិត ធាង ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបើកការស៊ើបអង្កេត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ គួរំលឹកទៀតថា ឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាតុលាការ កាលពីថ្ងៃទី១១ ខែមីនា ក្រោយពេលសម្ដេចតេជោ ហ៊ុន សែន រំលឹកក្នុងពិធីសំណេះសំណាលជាមួយក្រុមនិសិត្ស នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលសម្តេចបានមានប្រសាសន៍ស្តីពីបទល្មើសគ្រឿងញៀនដ៏គួរឲ្យស្អប់ខ្ពើម នៅជាប់របងសាលារៀនដល់ទៅ២កន្លែងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ កាលពីថ្ងៃទី២៣ ខែកុម្ភៈ វេលាម៉ោង១ និង៣០នាទីរំលង អាធ្រាត្រ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ក្រោមការសម្របសម្រួលពីលោក លី សុផាន់ណា ព្រះរាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល សហការជាមួយនគរបាលខណ្ឌចំការមន និងកម្លាំងអន្តរាគមន៍ពិសេស បានចុះប្រតិបត្តិការ បង្ក្រាបក្លឹបកម្សាន្តរ៉ុក។ កម្លាំងចម្រុះចុះបានត្រួតពិនិត្យ ទីតាំងខាងលើចំនួន១៥ បន្ទប់ ដោយបានឃាត់ខ្លួនមនុស្សជាង ៣០០នាក់(ស្រី៥៥នាក់) និងចាប់យកវត្ថុគ្រឿងញៀនជា២១ គីឡូក្រាម ក្រោយមកមនុស្សជាង៣០០នាក់ ត្រូវបានដោះលែង ឲ្យមានសេរីភាពវិញអស់ ទុកតែ១៧នាក់បញ្ជូនទៅតុលាការ ៕ ដោយ ៖ ឃឹម ប៊ុនណាក់