រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿងបានក្រពឹតផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ ខណៈពេលដែលស្ត្រីម្នាក់បើកដឹកកូនចេញមកពីសាលារៀន ហើយត្រូវបានរ៉ឺម៉កដឹកទឹកសុទ្ធមួយគ្រឿង ទំនងជាដឹកធ្ងន់ពេកបើកឡើងចំណោតផ្លូវ២៧១មិនរួចក៏បះជើងច្រងាង និងរអិលថយក្រោយមកបុកនោះ រួចហើយបុរសអ្នកបើកបររ៉ឺម៉កម៉ូតូចុះរត់គេចខ្លួនបាត់ស្រមោល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៥០៦ កែងផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនគរបាល បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូរ៉ឺម៉កដឹកទឹកបរិសុទ្ធមួយគ្រឿង ដែលបើកបរដោយ បុរសម្នាក់ តាមបណ្តោយផ្លូវលេខ៥០៦ ក្នុងទិសដៅពីកើតទៅលិច ដោយមានដឹកទឹកសុទ្ធជាច្រើនធុង ពេញខាងក្រោយ។ លុះមកដល់ចំណុចកើតហេតុខាងលើដែលជាផ្លូវចំណោតខ្លាំងនោះ បុរសជាអ្នកបើកបរក៏បានរោតទិ៍ហ្គាម៉ូតូយ៉ាងខ្លាំង ដើម្បីបើកឡើងលើផ្លូវលេខ២៧១ តែឡើងមិនរួច ក៏ស្រាប់តែប៉ះជើងច្រងាងឡើងលើ និងរអិលថយក្រោយទៅបុកនឹងរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AD-៤១៣៩ មួយគ្រឿងរបស់ស្ត្រីម្នាក់ដែលទើបតែ បើកមកពីយកកូនចេញពីសាលារៀនតែម្តង។

តាមប្រភពដដែលបានប្របា់ឱ្យដឹងថា ពាក់ព័ន្ធទៅនឹងករណីនេះ ដែរ កើតឡើងដោយសារតែរ៉ឺម៉កម៉ូតូបានដឹកទឹកសុទ្ធធ្ងន់ពេក ណាមួយម៉ូតូសណ្តើងរ៉ឺម៉កក៏ចាស់ណាស់ដែរទើបធ្វើឲ្យ បើកឡើងចំណោតផ្លូវលេខ២៧១មិនរួច និងរអិលថយក្រោយមកបុករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ដែលបើកពីក្រោយបណ្តាលឲ្យក្រពឹតផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំបែបនេះ ក្រោយពេលកើតហេតុ បុរសអ្នកបើករ៉ឺម៉កដឹកទឹកសុទ្ធបង្កបានចុះរត់គេចខ្លួនបាត់ស្រមោលផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរកខុសត្រូវ និងអូស យកទាំងរ៉ឺម៉កដឹកទឹកសុទ្ធបង្ក និងរថយន្តម៉ាកហាយឡែនឌ័ររងគ្រោះទៅដាក់លើចិញ្ចើមផ្លូវ ដើម្បីធ្វើការដោះស្រាយគ្នាភ្លាមនោះក៏មានអ្នកតំណាងខាងរ៉ឺម៉កដឹកទឹកសុទ្ធម្នាក់ចេញមុខមកធ្វើការដោះស្រាយផងដែរ។

ក្នុងពេលនោះដែរភាគីខាងរថយន្តម៉ាកហាយឡែនឌ័ររងគ្រោះ បានទាមទារសំណងថ្លៃជួសជុលរថយន្ត ដែលរងការខូចខាតចំនួន៣០០ដុល្លារ ហើយភាគីខាងរ៉ឺម៉កដឹកទឹកសុទ្ធសុំសងត្រឹមតែលុយចំនួន ២០០ដុល្លារប៉ុណ្ណោះ ក៏យល់ព្រមទទួលយក និងបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង៕ ដោយ ៖ ភី ផល

