ធ្វើតេស្ត​ឈាម​ជ្រូក​៩៧​ក្បាល​រក​មេរោគ លទ្ធផល​គ្មាន​មេរោគ

61

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប និង​ឃាត់​រថយន្ត​ដឹក​ជ្រូក​០៣​គ្រឿង សង្ស័យ​នាំ​ជ្រូក​ឆ្លង​ដែន ពី​វៀតណាម​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​ចាត់ការ​តាម​វិធាន​ច្បាប់ និង​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍ អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​គឺ​លទ្ធផល គ្មាន​មេរោគ​ទេ​។

Loading...

ដូច្នេះ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត នឹង​ប្រគល់​ជ្រូក​ឲ្យ​ម្ចាស់​វិញ​នៅ​រសៀល ថ្ងៃ​ទី​២៥ មីនា ២០១៩​នេះ ដោយ​ផាកពិន័យ​ជា​ប្រាក់​ក្នុង​មួយ​ករណី​១០​លាន​ទៅ​១២​លាន​រៀល​។ បើ​តាម​លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ឲ្យ​ដឹង​ថា លទ្ធផល​បូម​ឈាម​សត្វ​ជ្រូក​ចំនួន​៩៧​ក្បាល ទៅ​ពិនិត្យ​ធ្វើតេស្ត​ឈាម រក​មេរោគ នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ​នោះ​លទ្ធផល​គឺ គ្មាន​មេរោគ​ទេ​។ ដូច្នេះ​មន្ទីរ​គ្រាន់តែ​ធ្វើការ​ផាក ពិន័យ​ជា​ពីរ​ករណី គឺ​ក្នុង​១​ករណី​ផាកពិន័យ​ចាប់​១០​លាន​ទៅ​១២​លាន​រៀល ហើយ​ប្រគល់​ជ្រូក​ទៅ​ឲ្យ ក្រុមហ៊ុន​យក​ទៅ​លក់​បន្ត​។

សូម​រំលឹក​ផង​ដែរ​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ចាប់​ឃាត់​រថយន្ត ដឹក​ជ្រូក​ចំនួន​០៣​គ្រឿង សង្ស័យ​ថា នាំ​ជ្រូក​ចូល​មក​ពី​ប្រទេស​វៀតណាម ហើយ​សង្ស័យ​ជ្រូក​មាន​ជំងឺ ក៏​ធ្វើការ​ឃាត់​រថយន្ត​ដើម្បី​ពិនិត្យ​។ ទី​១-​រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2460 មាន​ជ្រូក​៣៥​ក្បាល​។ ទី​២-​រថយន្ត​ម៉ាក TOYOTA HILUX ពាក់​ស្លាក​លេខ កំពង់ចាម 2C-2207 មាន​ជ្រូក​៧​ក្បាល​។ រួច​បញ្ជូន​ទៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង ដើម្បី​ពិនិត្យ​ចំណែក​មន្ត្រី​អគ្គ​នាយ​ដ្ឋា​ន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក្រសួងកសិកម្ម​សហការ ជាមួយ​មន្ត្រី​ជំនាញ មន្ទីរ​ក​សិ​ម្ម​ខេត្ត និង​ទី​៣-​ចាប់​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក​FUSO ពាក់​ស្លាក​លេខ ស្វាយ​រៀង 3A-0906 របស់​ក្រុមហ៊ុន​ស៊ី​ភី​CP មាន​ជ្រូក​ចំនួន​១០៤​ក្បាល សង្ស័យ​ថា ជ្រូក​វៀតណាម បាន​ចាប់​បញ្ជូន​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត​ដែរ ហើយ​បាន​ធ្វើការ​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើតេស្ត​ឈាម​។

ករណី​ចាប់​ឃាត់​រថយន្ត​ដឹក​ជ្រូក​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២២ មីនា ២០១៩ នៅ​ចំណុច​ខ្លោងទ្វារវត្ត​ត្រពាំង​ធំ ស្ថិត​នៅ​ភូមិ​ត្រពាំង​ធំ ឃុំ​អង្គ​ប្រ​ស្រែ ស្រុក​រមាស​ហែក ចំនួន​២​គ្រឿង សត្វ​ជ្រូក​រស់​ចំនួន​៤២​ក្បាល ក្នុង​នោះ​រថយន្ត​ម៉ាក ហ៊ី​យិ​ន​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2460 ដឹក​ជ្រូក​៣៥​ក្បាល រថយន្ត​ម៉ាក TOYOTA HILUX ពាក់​ស្លាក​លេខ កំពង់ចាម 2C-2207 ដឹក​ជ្រូក​៧​ក្បាល​។ នៅ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ធ្ម​ល់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ឃាត់​រថយន្ត​ម៉ាក FUSO ពាក់​ស្លាក​លេខ ស្វាយ​រៀង 3A-0906 ដឹក​ជ្រូក​១០៤​ក្បាល​។

បើ​តាម​មន្ត្រី​នគរបាល​មូលដ្ឋាន​ឃុំ​អង្គ​ប្រ​ស្រែ​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ក្រុម​ឈ្មួញ​ខឹ​ល​ខូច​បាន​នាំ​ជ្រូក​ពី​ប្រ​ទស​វៀតណាម​ឆ្លង​ដែន​ចូល​មក​តាម​រដ្ឋបាល​ឃុំ​អង្គ​ប្រ​ស្រែ​ស្រុក​រមាស​ហែក ដឹក​តាម​ម៉ូតូ​រួច​មក​សាង​ដាក់​ម៉ូតូ​រ៉ឺ​ម៉ក និង​រថយន្ត​ក្នុង​មួយ​យប់​ៗ​មាន​រ៉ឺ​ម៉ក​ចាប់ពី ៣០​គ្រឿង​ទៅ​៣៥​គ្រឿង ក្នុង​១​គ្រឿង ១០​ក្បាល បើ​កូនជ្រូក​៣០​ក្បាល និង​រថយន្ត​ចំនួន​៦​ទៅ​៧​គ្រឿង
ក្នុង​១​គ្រឿង​៣៥​ក្បាល​ទៅ​៤០​ក្បាល ដាក់​សាង​នៅ​ចំណុច​ខាងកើត​វត្ត​ត្រពាំង​ធំ និង​កែង​វត្ត​ត្រពាំង​ព្រីង គឺ​ចាប់ពី​៣០០​ក្បាល​ទៅ​៤០០​ក្បាល​(​មាន​ជ្រូក​តូច​សម្រាប់​ខ្វៃ និង​ជ្រូក​ធំ​) ហើយ​ចាប់ផ្តើម​នាំ ជ្រូក​វៀតណាម ចូល​មក​តាម​រដ្ឋបាល​ឃុំ​អង្គ​ប្រ​ស្រែ​នេះ​រយៈពេល​៤​ថ្ងៃ​មក​ហើយ ចាប់ពី​ថ្ងៃ​ទី​១៩ មីនា ២០១៩​មក​។

រីឯ​បុរស់​ម្នាក់​បាន​ឲ្យ​ដឹង​ថា ខ្លួន និង​មនុស្ស​ផ្សេង​ទៀត​ជា​អ្នកស៊ីឈ្នួល​ដឹក​ជ្រូក​ឲ្យ​ឈ្មួញ ពី​ព្រំដែន​វៀតណាម​មក​ដល់​រថយន្ត​គឺ​មួយ​ក្បាល​តម្លៃ​១​ម៉ឺន​រៀល​។ ទាក់ទិន​ករណី​ឃាត់​រថយន្ត​ដឹក​ជ្រូក ត្រួតពិនិត្យ​នេះ​លោក ហ៊ុន សា​រ៉េ​តថ​ន មន្ត្រី​ចល័ត​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​មន្ទីរ​កសិកម្ម ខេត្ត​មាន​ប្រសាសន៍ ការ​ចាប់​ឃាត់​រថយន្ត​ដឹក​ជ្រូក​នេះ​ដោយ​មានការ​សង្ស័យ​ថា នាំ​ជ្រូក​ពី​ប្រទេស វៀតណាម ចូល​មក​កម្ពុជា​ក្នុង​រដ្ឋបាល​ខេត្តស្វាយរៀង​ដែល​ជ្រូក​វៀតណាម​មាន​ផ្ទុះ​ជំងឺ​ប៉េ​ស អាហ្វ្រិក​ធ្ងន់ធ្ងរ ហើយ​ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​ចេញ​សេចក្តីណែនាំ ស្តី​ពី​វិធានការ​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ប៉េ​ស ជ្រូក​អាហ្វ្រិក​ដោយ​ឲ្យ​គ្រប់​ស្ថា​ប​ន័​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​សហការ​គ្នា​ផ្សព្វផ្សាយ និង​ទប់ស្កាត់​បញ្ឈប់​ការ​នាំ​ជ្រូក​ពី​វៀតណាម និង​ផលិតផល់​មាន​ដើម​កំណើត​ពី​សត្វ​ជ្រូក ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ទើប​មន្ត្រី​ជំនាញ​សហការ​ជាមួយ​មន្ត្រី​គយ និង​រដ្ឋាករ​សាខា​ខេត្តស្វាយរៀង និង​មន្ត្រី​នគ​បាល​ស្រុក​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចុះ​ល្បាត​តាម​ព្រំដែន​ដើម្បី​ឃ្លាំមើល​ទប់ស្កាត់ និង​បង្ក្រាប​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បើ​តាម​អជីវ​ករ​ម្ចាស់​ជ្រូក​បាន​អះអាង​ថា គាត់​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក ក៏​ប៉ុន្តែ​ជ្រូក​មួយ​ចំនួន​គឺ​ទិញ​តាម​ម៉ូតូ​ទើប​មានការ​សង្ស័យ​ថា​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ទើប​ឃាត់​យក​ទៅ​ពិនិត្យ​បើ​ទិញ​ជ្រូក​តាម​ផ្ទះ​ត្រូវ​មាន​សំណើ​ពី​ម្ចាស់​ជ្រូក និង​មាន​ចុះហត្ថលេខា​ពី​លោក​មេ​ភូមិ​, មន្ត្រី​ពេទ្យសត្វ​ភូមិ ពេទ្យសត្វ​ស្រុក និង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ពិនិត្យ​ទើប​អនុញ្ញាត ឲ្យ​នាំ​ចេញ​បាន​។ ហើយ​ជ្រូក​ក្រុមហ៊ុន​CP១០៤​ក្បាល​នោះ គឺ​ដឹក​មក​ពី​កសិដ្ឋាន​CP​ខេត្ត​ត្បូងឃ្មុំ ដែល​មានច្បាប់​ដឹក​ជញ្ជូន​តែ​៩០​ក្បាល គឺ​ដឹក​លើស​១៤​ក្បាល សង្ស័យ​បង្កប់​ជ្រូក​នាំ​ចូល​ពី​ប្រទេស​វៀត ដោយ​ក្នុង​ច្បាប់​ដាក់​នៅ​ខេត្តស្វាយរៀង​៤៥​ក្បាល ដាក់​នៅ​ខេត្តព្រៃវែង​២៥​ក្បាល ដាក់​នៅ​ខេត្តកណ្តាល​២០​ក្បាល​។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ២០១៩​នេះ មន្ត្រី​ជំនាញ​បាន​បូម​ឈាម​ជ្រូក ទាំងអស់​យក​ទៅ​ពិនិត្យ​មេរោគ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ បើ​រក​ឃើញ​លទ្ធផល​មាន​ជំងឺ​យើង​នឹង​កម្ទេច​ចោល ហើយ​បើ​គ្មាន​ជំងឺ និង​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់ និង​ប្រគល់​ឲ្យ​ម្ចាស់​វិញ​។ ហើយនឹង​ដាក់​មន្ត្រី​ចុះ​អង្កេត​ឡើង​វិញ​ថា តើ​ឈ្មួញ​អះអាង​ថា ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​នោះ​មាន​ពិត​មែនឬ​អត់ គឺ​ចុះ​ដល់​ផ្ទះ​តែ​ម្តង ដោយ​មានការ​សង្ស័យ ចម្លើយ​អ្នក​ដឹក​ជ្រូក​ឆ្លើយ​ទិញ​កន្លែង​ផ្សេង​រីឯ​អ្នក​រត់ការ​ឆ្លើយ​ផ្សេង​ហើយ​ថៅកែ​ជ្រូក​ឆ្លើយ​ផ្សេង ក្រោយមក​ពេទ្យសត្វ​ភូមិ​ឆ្លើយ​ផ្សេង​ទៀត​ខុស​គ្នា ទីតាំង​មួយ​ចំនួន​ដែល​ប្រាប់​ថា ទិញ​ពី​ប្រជាពលរដ្ឋ​ឈ្មោះ នោះ​គឺ​គ្មាន​ចិញ្ចឹម​ជ្រូក​សោះ​។

ដូច្នេះ​ការ​សន្និដ្ឋាន​របស់​មន្ត្រី​ចម្រុះ​គឺ​៖ ជ្រូក​ខ្លះ​មានច្បាប់​ជ្រូក​មួយ​ចំនួន គ្មាន​ច្បាប់​ទិញ​តាម​ម៉ូតូ​សង្ស័យ​ជា​ជ្រូក​វៀតណាម​។ ក៏​ប៉ុន្តែ​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី ពេទ្យសត្វ ភូមិ និង​លោក​មេ​ភូមិ​ធ្វើ​លិខិត​លក់​ទិញ​ជ្រូក​ពី​កសិករ​ហើយ​រត់ការ​ទៅ​មន្ត្រី​ពេទ្យសត្វ​ស្រុក​រមាស​ហែក ដើម្បី​នាំ​ចេញ​ទើប​ខុស​ប្រក​តី និង​មាន​ភាព​រញ៉េរញ៉ៃ​នាំ​ឲ្យ​បែកធ្លាយ​រឿង​មិន​ប្រក​តី​កើតឡើង ដូច​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ខ្មែរ​មាន​តែ​ទ្រុង​រីឯ​ជ្រូក​ចិញ្ចឹម​នៅ​ប្រទេស​វៀតណាម ឡ​សត្តឃាត​នៅ​ភ្នំពេញ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន