ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋអំពាវនាវសុំឲ្យអាជ្ញាធរចាត់វិធានការទប់ស្កាត់រថយន្តយីឌុបធុនយក្ស ដឹកដែកអេតចាយកំពុងបំផ្លាញផ្លូវលំជនបទបណ្តាលឲ្យស្រុតខូចស្ទើរទាំងស្រុងប្រមាណជាង២០គីឡូម៉ែត្រ ចាប់បាសាក់ ស្រុកស្វាយជ្រំ ដល់ច្រករបៀងព្រំដែនសំយោង ឃុំសំយោង ស្រុកកំពង់រោទិ៍។ ការអំពាវនាវនេះ កើតឡើងកាលពីរសៀលថ្ងៃទី២៧ មីនា ២០១៩នេះ នៅឃុំសំយោង ស្រុកកំពង់រោទិ៍។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ គេឃើញមានរថយន្តយីឌុបវ៉េអង និងរថយន្តធុនធំ៨ទៅ៩គ្រឿង ដឹកដែកអេតចាយពេញទ្រុង ផ្ទុកទម្ងន់ចាប់ពី៣០តោនទៅ៤៥តោន ធ្វើចរាចរលើផ្លូវលំជនបទចេញពីផ្សារប្រសូត្រ ឆ្លងកាត់ទៅតាមប៉ុស្តិ៍ ច្រករបៀងព្រំដែនសំយ៉ោង ស្ថិតនៅភូមិឫស្សីលៀប ឃុំសំយ៉ោង ក្នុងភូមិសាស្ត្រ ស្រុកកំពង់រោទិ៍ ហើយបានផ្ទេរទំនិញ ដែកអេតចាយដាក់រថយន្ត ពាក់ស្លាកលេខវៀតណាម ដឹកចេញទៅប្រទេស វៀតណាម មានពេលថ្ងៃ និងពេលយប់។

ដោយមានសមត្ថកិច្ចឈរជើងនៅទីនោះចាំការពារនិងបើកបារ៉ាស់ជូនដំណើរឲ្យទៀតមិនខ្វល់ពីការខូចផ្លូវឡើយ។ពាក់ព័ន្ធករណីរថយន្តយក្សដឹកដែក អេតចាយ បំផ្លាញផ្លូវឆ្លងដែនទៅប្រទេសវៀតណាមនាពេលយប់នេះ កោះសន្តិភាព ពុំអាចធ្វើការ ទំនាក់ទំនង ជាមួយលោកអនុសេនីយ៍ឯក យ៉ន សុផល នាយប៉ុស្តិ៍ការពារព្រំដែនច្រករបៀងសំយ៉ោង បានទេ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ ដោយទូសព្ទ័មិនចូល។ ទាក់ទិនករណីនេះដែរ មន្ត្រីនគបាលច្រករបៀងសំយោងម្នាក់បានបង្ហើបឱ្យដឹងថា៖ រថយន្តទាំងអស់នេះដឹកទំនិញដែកអេតចាយ ពុំមានអ្វីសំខាន់នោះទេ ហើយក៏គ្មានខុសច្បាប់ដែរហើយគេរត់ការផ្លូវអស់ហើយទើបសមត្ថកិច្ច គ្រប់ស្ថាប័នបើកភ្លើងខៀវ។

ដោយឡែកពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលំ ជនបទតំបន់នោះបាន លើកឡើងថា មហាជនគេមិនខ្វល់ពីការដឹកដែក ឬដឹកទំនិញអីនោះទេសំខាន់គឺដឹកលើសទម្ងន់ ធ្វើឲ្យបាក់ស្រុតខូចផ្លូវពិបាកការធ្វើដំណើរសូមឲ្យអាជ្ញាធរចុះមកទប់ស្កាត់។ ហើយប្រជាពលរដ្ឋរិះគន់ថា រថយន្តធំៗដឹកដែកអេតចាយដឹកឆ្លងដែនតាមច្រករបៀងព្រំដែនសំយ៉ោងនេះទាំងយប់ទាំងថ្ងៃហើយដឹកលើសទម្ងន់បំផ្លាញផ្លូវ គ្មានអាជ្ញាធរដឹង ឬធ្វើមិនដឹង។

ចំណែកមន្ត្រីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា ផ្លូវលំជនបទច្បាប់អនុញ្ញាតឱ្យដឹកមិនលើសពី១៥តោននោះឡើយ ដោយគិតរួមទាំងទម្ងន់របស់រថយន្តផង ប្រសិនបើរថយន្តដឹកទំនិញរហូតទៅ៣០តោនទៅ៤៥តោននោះ ច្បាស់ជាស្រុតខូចផ្លវលំអស់ជាក់ជាពុំខានឡើយសូមអាជ្ញាធរខេត្តមេត្តាពិនិត្យមើលផងទាន៕ ដោយ ៖ វ៉ាន់ ប៊ុនធឿន