ខេត្តមណ្ឌលគិរី ៖ កុមារាជនជាតិព្នងមានពិការភាពជើងទាំងសងខាង ត្រូវម្តាយបោះបង់ចោលក្រោយមានប្តីថ្មី ហើយត្រូវរស់នៅខ្ទមចាំចម្ការម្នាក់ឯងកណ្តាលព្រៃ ជួនមានបាយហូបពេលខ្លះដេកឱបពោះអត់បាយប្រហាយទឹក យ៉ាងអភ័ព្វ។ កុមារាដែលកំពុងជួបប្រទះការលំបាកនេះរស់នៅភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បើតាមអ្នកទិដ្ឋភាពជាក់ស្តែងនៅពេលអ្នកកាសែតបានប្រទះឃើញកាលពីព្រឹកថ្ងៃទី២៨ មីនា ២០១៩នេះ ខណៈរូបគេត្រូវបានក្មេងប្រុសម្នាក់កំពុងរុញរទេះជូនទៅទទួលអំណោយជាសម្ភារសិក្សានៅសាលាបឋមសិក្សាស្រែអំពូម។

ហើយបានរៀបរាប់ថា «ខ្ញុំឈ្មោះ សុភី ពិការជើងទាំងពីរតាំងពីកំណើត… ត្រូវបានម្តាយបោះបង់ចោល អស់រយៈពេល៣ឆ្នាំ មកហើយ ដោយទុករូបខ្ញុំនៅខ្ទមចាំចម្ការម្នាក់ឯង ពេលខ្លះក៏មានបាយហូប ពេលខ្លះមិនមានបាយហូបទេ ព្រោះរំពឹងលើបងប្អូនក្នុងភូមិអ្នកជួយផ្តល់ឲ្យ»។ បុរសឈ្មោះ នាក់ សំណាង និងប្រពន្ធឈ្មោះ អឿន អ៊ីម បានឲ្យដឹងថា «នៅក្នុងឆ្នាំ២០១៨ នៅពេលដែលគាត់ កំពុងដើររកស៊ីឈ្មួលគេក៏ស្រាប់តែជួបក្មេងប្រុសអភ័ព្វម្នាក់រស់នៅម្នាក់ឯងក្នុងខ្ទម ចាំចម្ការកណ្តាលព្រៃ ហើយពិកាជើងទាំងពីរ»។
ពេលដែលគាត់សួរកុមារនោះដំបូងរូបគេមិនបានឆ្លើយតបនោះទេ បានត្រឹមសម្រក់ទឹកភ្នែកប៉ុណ្ណោះ នៅពេលពួកគាត់លួងលោមក្មេងពិការជើងនោះនិយាយថា ម្តាយបង្កើតមានប្តីថ្មីទៀត ហើយបោះបង់រូបគេចោលជាយូរមកហើយ ដោយរូបគេត្រូវនៅម្នាក់ឯងក្នុងខ្ទមចាំចម្ការនេះ។ នៅពេលដែលពីរនាក់ប្តី និងប្រពន្ធបន្តសួរនាំពីរឿងចំណីអាហារបានអីហូបចុក ក្មេងនោះឆ្លើយថា មានពេលខ្លះបានបាយហូប មានពេលខ្លះដេកអត់។ ឃើញបែបនេះពីរនាក់ប្តី និងប្រពន្ធសម្រេចចិត្តថា និងយកមកភូមិមួយរយៈដើម្បីឲ្យអាហារ គាត់បានហូប ប៉ុន្តែពេលនេះក្មេងពិកាអភ័ព្វនេះបានសម្រេចចិត្តលែងទៅណាហើយក៏រស់នៅជាមួយបរុសពីរនាក់ប្តី ប្រពន្ធដូចកូនបង្កើត។
លោក សំណាង បានរៀបរាប់បន្តថា «គាត់សព្វថ្ងៃមានមុខរបរជាកម្មករដើស៊ីឈ្នួលជម្រះស្មៅ ឱ្យអ្នកជិតខាង ប្រពន្ធលក់នំតិចតួចបានកម្រៃគ្រាន់យកមកផ្គត់ផ្គង់កូនក្នុងបន្ទុកចំនួន៣នាក់ ហើយឥឡូវនេះ មានកុមារអភ័ព្វម្នាក់ទៀតសរុបកូន៤នាក់ក្នុងបន្ទុក ហើយកំពុងបានចូលរៀនទាំងអស់គ្នា»។ សព្វថ្ងៃនេះគាត់កំពុង ព្រួយបារម្ភខ្លាំងណាស់ចំពោះជីវភាពគ្រួសារ ព្រោះពួកគាត់មានជីវភាពក្រីក្រ មានកូនរៀនចំនួន៣នាក់ ឥឡូវបានយកក្មេងពិការម្នាក់ទៀតមកចិញ្ចឹមដូចកូនបង្កើតម្នាក់ឯង ដែលធ្វើឲ្យគ្រួសារកាន់តែមានបន្ទុកធ្ងន់ជាងមុន។ ចំណែកផ្ទះគាត់ជាផ្ទះតៀមតូចសង់ជាប់ជាប់ដី។
កុមារាពិការជើងទាំងពីរត្រូវបានគ្រួសារចិត្តបុណ្យដាក់នាមត្រកូលឲ្យឈ្មោះ នាក់ សុភី ទៅតាមកូនៗរបស់ពួកគាត់ ហើយបច្ចុប្បន្នគេមានអាយុ១៣ឆ្នាំ។ គ្រួសារខាងលើបានអំពាវនាវរកជំនួយ ពីសប្បុសជននានា ដែលមានទឹកចិត្តសប្បុរសធម៌ឲ្យជួយដល់ក្មេងអភ័ព្វនេះ ក៏ដូចជួយសម្រាលដល់ជីវភាពគាត់ព្រោះឥឡូវនេះរូបគាត់ និងប្រពន្ធពិបាករកចំណូលផ្គត់ផ្គង់ក្នុងគ្រួសារណាស់។
បើតាមលោកស្រី ឡៃ ច័ន្ទឡាលីន នាយិកាសាលាបឋមសិក្សា ស្រែអំពូម បានប្រាប់ថា ជីវភាពគ្រួសារមួយនេះពិតជាលំបាកមែន ប្តីមានការងារជាកម្មករ ជម្រះស្មៅ និងដើរស៊ីឈ្មួលដើម្បីបានកម្រៃផ្គត់ក្នុងគ្រួសារ ជួនបានជួនអត់ ជួនគ្រប់ជួនមិនបានគ្រប់គ្រាន់។ ហើយពេលនេះក្មេងប្រុសពិការ រស់នៅក្នុងបន្ទុកពីរនាក់ប្តីប្រពន្ធខាងលើនោះក៏បានទទួលការអប់រំដែរ គឺរៀនថ្នាក់ទី១៕ ដោយ ៖ សាយ ករុណា