ឃាត់ខ្លួន​៥​នាក់​ក្នុង​ចំណោម​៩​នាក់ ជុំវិញ​ករណី​ផ្ទុះអាវុធ​នៅ​ស្រុក​បាភ្នំ

ខេត្តព្រៃវែង ៖ គិត​មក​ដល់​ត្រឹម​រសៀល​ថ្ងៃ​ទី​២៦ មីនា​នេះ មាន​មនុស្ស​ចំនួន​៥​នាក់​ហើយ ដែល​ត្រូវ​បាន​ឃាត់ខ្លួន ជុំវិញ​រឿងរ៉ាវ​បង្ក្រាប​ករណី​ចោរលួច​រថយន្ត​នៅ​ស្រុក​បាភ្នំ ហើយ​ឈាន​ដល់​មានការ ផ្ទុះអាវុធ​ពី​សំណាក់​សមត្ថកិច្ច​រហូត​ដល់​ទៅ​៥​គ្រាប់ និង​បាន​បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​បាន​ស្លាប់ កាលពី​យប់​ថ្ងៃ​ទី​២៣ មីនា​កន្លង​ទៅ​នោះ​។

Loading...

យោង​តាម​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​មួយ​ចំនួន បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រោយ​ពី​កើត​មាន​ហេតុការណ៍​ផ្ទុះអាវុធ រហូត​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​ត្រូវ​បាន​បណ្តាញសារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស និង​ចុង​ក្រោយ​ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​ត្រូវ​តាម​ចាប់ខ្លួន ជន​ដែល​ប្រព្រឹត្ត​បទល្មើស​យក​មក​ផ្តន្ទាទោស និង​ស្វែងរក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នោះ គេ​ឃើញ​សកម្មភាព​របស់​មន្ត្រី​ជំនាញ ហាក់​កាន់តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត​។

ដោយនៅ​ថ្ងៃ​ទី​២៥ មីនា កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ រួម​ទាំង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បាន​កោះហៅ​មនុស្ស​ពាក់ព័ន្ធ​ចំនួន​៩​នាក់ ទៅ​ធ្វើការ​សាកសួរ ក្នុង​នោះ​ភាគី​អ្នក​ដើមបណ្តឹង​មាន​ចំនួន​៤​នាក់ ទី​១-​ឈ្មោះ សេង ឈិ​ន ជា​អ្នក​ដែល​ផ្តល់​ព័ត៌មាន​ដំបូង​មក​ឈ្មោះ ផា​ន់ សុ​ឌី ដោយ​ចោទ​ថា​មាន​ចោរលួច​រថយន្ត​របស់​ខ្លួន​។ ទី​២-​ឈ្មោះ ផា​ន់ សុ​ឌី ជា​អ្នក​ប្តឹង​បន្ត​ទៅ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​សឹ​ង្ហ​។ ទី​៣-​ឈ្មោះ ទ្រា​វ ឈុ​ន​ឡាយ និង​ទី​៤-​ឈ្មោះ វ៉ែន ប៊ុ​ន​សារៈ ទាំង​២​នាក់​ជា​អ្នក​រួម​ដំណើរ​មក​ជាមួយ​ឈ្មោះ សេង ឈិ​ន និង ផា​ន់ សុ​ឌី ដោយ​បើករថយន្ត​តាម​មក​ពីក្រោយ​រថយន្ត​ដែល​អះអាង​ថា​ចោរលួច​។

ចំណែក​ទី​៥-​ឈ្មោះ ជា ឡា​ឌី​ន ជា​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​សឹ​ង្ហ​។ ទី​៦-​ឈ្មោះ ជឹ​ម វិ​ន ជា​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​សឹ​ង្ហ​។ ទី​៧-​ឈ្មោះ ភាព ផា​នី ជា​ប្រជាពលរដ្ឋ និង​ជា​អ្នក​ផ្តល់​ព័ត៌មាន​ឲ្យ​លោក​មេ​ប៉ូ​ស្តិ៍​។ ទី​៨-​ឈ្មោះ អ៊ូ ប៊ុ​នទី​ឃី​យ៉ា​ត់ ជា​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ អ្នក​ទាំង​៤​ជា​ភាគី​សមត្ថកិច្ច​ដែល​ចេញ​ប្រតិបត្តិការ​បង្ក្រាប​។ ទី​៩-​ឈ្មោះ វ៉ា​ន់ ខេ​ម​រិ​ន្ទ ជា​អ្នក​រួម​ដំណើរ​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ យ៉​ន រ៉ា​វុ​ធ (​ស្លាប់​) នៅ​ក្នុង​រថយន្ត​ព្រូស ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​បង្ក្រាប​។

ប្រភព​ដដែល​នេះ​បាន​បង្ហើប​ប្រាប់​ទៀត​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ មនុស្ស​ទាំង​៩​នាក់​ខាងលើ​រួច សមត្ថកិច្ច​បាន​សម្រេច​ធ្វើការ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​៥​នាក់ នៅ​ក្នុង​ចំណោម​៩​នាក់ ដែល​បាន​ហៅ​សាកសួរ​នោះ ក្នុង​នោះ​រួម​មាន ៖ ទី​១-​ឈ្មោះ សេង ឈិ​ន ទី​២-​ឈ្មោះ ផា​ន់ សុ​ឌី ជា​អ្នក​ប្តឹង​ឲ្យ​សមត្ថកិច្ច​ស្ទាក់​ចាប់ចោរ​។ ទី​៣-​ឈ្មោះ ជា ឡា​ឌី​ន មេ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​កំពង់​សឹ​ង្ហ ទី​៤-​ឈ្មោះ ជឹ​ម វិ​ន មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​កំពង់​សឹ​ង្ហ ទាំង​២​នាក់​ជា​អ្នក​ប្រើ​កាំភ្លើង​បាញ់ ទៅ​លើ​រថយន្ត ដែល​ជន​រង​គ្រោះ​កំពុង​ជិះ និង​ទី​៥-​ឈ្មោះ ភាព ផា​នី ជា​ប្រជាពលរដ្ឋ និង​ជា​អ្នក​ញុះញុង់ ឲ្យ​មានការ​ចេញ​បង្ក្រាប​រហូត​ដល់​មានការ​ផ្ទុះអាវុធ​ឡើង​។

ដោយឡែក​មន្ត្រី​ប៉ូលិស​ម្នាក់​ទៀត ឈ្មោះ ជឹ​ម រត​នះ នាយ​ផ្នែក​អន្តោប្រវេសន៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្តេច ដែល​ជា​ជន​ដៃដល់​ក្នុង​ការ បាញ់ប្រហារ ទៅ​លើ​រថយន្ត​សង្ស័យ​ដែរ​នោះ បាន​កំពុង​រត់គេច​ខ្លួន​។ ចំណែក​មនុស្ស​៤​នាក់​ផ្សេង​ទៀត ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច​ឃើញ​ថា ពុំ​មាន​ជាប់​ពាក់ព័ន្ធ សមត្ថកិច្ច​ក៏​សម្រេច​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ ផ្ទះ​វិញ​។ ទោះជា​យ៉ាងណា​ក៏​ដោយ មក​ដល់​រសៀល​ថ្ងៃ​ទី​២៦ មីនា​នេះ កោះសន្តិភាព នៅ​មិន​ទាន់​អាច សុំ​ការ​បំភ្លឺ​ណាមួយ ពី​កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ឬ​ស្នងការ​នគរបាល​ខេត្តព្រៃវែង​បាន​នោះ​ទេ ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​តាម​ទូរ​សព្ទ័​ថា កំពុង​ជាប់រវល់​លើ​ការងារ​នេះ ហើយ​មិន​ទាន់​អាច​ឆ្លើយ​បំភ្លឺ បាន​ទេ សុំ​ពេលធ្វើការ​ស្រាវជ្រាវ​ឲ្យ​លម្អិត​ជាង​នេះ​បន្តិចទៀត​សិន​៕ ដោយ ៖ សុំ ពៅ​ពិសិដ្ឋ