ចាប់​បាន​ហើយ ក្រុម​ចោរលួច​ព្រះ​បដិមា​(​ធ្វើ​អំពី​ស្ពាន់​)​នៅ​វត្ត​ព្រែក​ហូរ

145

ខេត្តកណ្តាល ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​ភ្នាក់ងារ កោះសន្តិភាព ឲ្យ​ដឹង​តាម​ប្រ​ព​ន្ធ័​អេ​ឡេ​ត្រូ​និ​ច Whatapp ឲ្យ​ដឹង​ថា ក្រុម​ចោរលួច​ព្រះ​បដិមា (​ធ្វើ​ពី​ស្ពាន់​) នៅ​វត្ត​ព្រែក​ហូរ ចាប់​បាន​ហើយ​គឺ​ចំនួន​បី​នាក់​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៩ នៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដែល​ហេតុការណ៍​នោះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០២​និង​០០​នាទី នៅ​ចំណុច​វត្ត​ព្រែក​ហូរ ស្ថិត​ក្នុង ភូមិប​ត្តាជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

Loading...

លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា​៖ ជនសង្ស័យ ០៣​នាក់ ទី​០១-​ឈ្មោះ ឃុន ម៉េ​ង​ហាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិប​ត្ដាជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្ដកណ្ដាល ទី​០២-​ឈ្មោះ រុន សុភាព ហៅ​ភើ​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្ដកណ្ដាល ទី​០៣-​ឈ្មោះ អេ​ង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ​។ វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖ រូប​ព្រះ​បដិមា​(​ធ្វើ​ពី​ស្ពាន់​)២៦​អង្គ​។

លោក​បាន​បញ្ជាក់​ថា​៖ នៅ​មុន​ពេល​កើតហេតុ គណៈកម្មការ​វត្ត បាន​យក​រូប​ព្រះ​បដិមា​ចំនួន​៥.០០០​អង្គ ដាក់​នៅ​ក្រោម​ប​ល្ល័​ង្គ​ព្រះ​ជា​យូរ​មក​ហើយ មិន​ដែល​មានការ​បាត់បង់​ឡើយ​។ លុះដល់​ថ្ងៃ​ទី​២៨ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​៧​យប់​ស្រាប់តែ​ឃើញ​ឈ្មោះ ខូ​វ ម៉េ​ង​ហាក់ ហៅ​សាក់ បាន​យក​រូប​បដិមា ចំនួន​២៦​អង្គ ដូច​បាន​ចាប់​យក​ខាងលើ មក​ប្រគល់​ឲ្យ​ឈ្មោះ មឿ​ន វាសនា ជា​កូនសិស្សលោក​ទើប​ដឹង​ថា មានការ​បាត់​រូប​បដិមា​ខាងលើ ហើយ​គណៈកម្មការ​បាន​រាយការណ៍​ជូន សមត្ថកិច្ច​ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ​។

ចំពោះ​លទ្ធផល​ស្រាវជ្រាវ​ស៊ើបអង្កេត​ចម្លើយ​សារភាព​របស់​ឈ្មោះ ឃុន ម៉េ​ង​ហាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​ចំនួន ៖ ០៣​លើក លើក​ទី​១ ៖ កាលពី​ថ្ងៃ​មិន​ចាំ ក្នុង​ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០១​ទៀប​ភ្លឺ ឈ្មោះ ឃុន​ម៉េ​ង​ហាក់ ហៅ សាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង ឈ្មោះ​រុន សុភាព ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ដែល​មាន​ទីលំនៅ ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល។

បាន​នាំ​គ្នា​ទៅ​ធ្វើ​សកម្មភាព​វាយ​បំបែក​កញ្ចក់​ទ្វារ កន្លែង​ទុក​ព្រះ​ពុទ្ធរូប បដិមា ស្ថិត​នៅ​ក្នុង​វត្ត​ព្រែក​ហូរ (​សង្កាត់​ព្រែក​ហូរ​) បាន​លួច​យក​ព្រះ​ពុទ្ធរូប​បដិមា​០៩​អង្គ (​មាន​តូច មាន​ធំ​) និង​យក​ទៅ​លក់​ឲ្យ​ឈ្មោះ លី​ន ចំនួន​០២​អង្គ ដែល​មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល បាន​ចំនួន​ទឹកប្រាក់​៦០​ដុ​លា្ល​រ (​ហុកសិប​ដុល្លារ​)​។

លើក​ទី​២៖ កាលពី​ថ្ងៃ​មិន​ចាំ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១​ទៀប​ភ្លឺ ឈ្មោះ ឃុន ម៉េ​ង​ហាក់ ហៅ​សាក់ និង​ឈ្មោះ អេ​ង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ បាន​នាំ​គ្នា​ទៅ​លួច​ព្រះ​ពុទ្ធរូប​ចំនួន​២៦​អង្គ យក​ទៅ​ទុក​នៅផ្ទះ​ឈ្មោះ អេ​ង សុ​ភ័​ក្រ​។

លើក​ទី​៣ ៖ កាលពី​ថ្ងៃ​មិន​ចាំ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១​ទៀប​ភ្លឺ ឈ្មោះ ឃុន ម៉េ​ង​ហាក់ ហៅ​សាក់ និង​ឈ្មោះ រុណ សុភាព ហៅ​ភឹ​ម បាន​នាំ​គ្នា​ទៅ​លួច​ម្ដងទៀត ប៉ុន្តែ​ពេល​នោះ ក៏​ត្រូវ​ព្រះ​ពុទ្ធរូប​បដិមា​ជ្រុះ​លាន់​ស្នូរ​សំឡេង​ឮ​ខ្លាំង​ក៏​នាំ​គ្នា​រត់​ចែកផ្លូវ​គ្នា​រៀង​ៗ​ខ្លួន លុះដល់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៩ ឈ្មោះ ឃុន ម៉េ​ង​ហាក់ ហៅ​សាក់ បាន​យក​ព្រះ​ពុទ្ធរូប​ចំនួន​២៦​អង្គ មក​ប្រគល់​ឲ្យ​កូនសិស្សលោក​ទុក​វិញ​។ ករណី​នេះ​សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ប៉ឹង ឆដា