ប្រជាពលរដ្ឋ​១៨​គ្រួសារ រង​គ្រោះ​ដោយ​ការ​ដកហូត​ដី​ទាំង​បំពាន​របស់​អាជ្ញាធរ​ភូមិ​ឃុំ

94

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៩ បាន​ជួប​អ្នក​សារព័ត៌មាន​ជា​ថ្មី​ទៀត ឲ្យ​ជួយ​ផ្សព្វផ្សាយ​ដើម្បី​បានដឹង​ដល់​អា​ជ្ញ​ធរ​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​ដោះស្រាយ បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ផង​គ្រា​ដែល​ពួក​គាត់​បាន​ដាក់​ពាក្យបណ្ដឹង​ជា​ច្រើន​កន្លែង​ទៅ​ហើយ នៅ​មិន​ទាន់​ឃើញ​មានការ​ដោះស្រាយ នៅឡើយ​។ ស្ថិត​លើ​មាត់​រណ្ដៅ​ដី​របស់​ពួក​គាត់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​ចង់ ដកហូត​ដាក់​ជា​សម្បត្តិ​រួម​ភូមិ ពួក​គាត់​បាន​រៀបរាប់ ពី​ដំណើររឿង​ថា​៖ ដី​របស់​ពួក​គាត់​ម្នាក់​មាន​បន្តិចបន្តួច​ម្នាក់​ខ្លះ​មាន​កន្លះ​ហិ​កតា ខ្លះ​៣០​អា​។

Loading...

ពួក​គាត់​បាន​លក់ អាចម៍ដី ឬ​ហៅ​ថា លក់​គ្រួ​ស​ក្រហម ទៅ​ឱ្យឈ្មោះ មាស អ៊ុ​ល អតីត​ប្រធាន​ភូមិ ដំបូក​កកោះ​ចាស់ ហើយ​លោក​មេ​ភូមិ​បាន​លក់​អាចម៍ដី​នោះ ទៅ​ឲ្យ​ក្រុមហ៊ុន​ម៉ូ​ហិ​បា ដើម្បី​យក​ទៅ​កសាង​ផ្លូវជាតិ​លេខ ៥​។ ការ​លក់​អាចម៍ដី ឬ​លក់ ដី​គ្រួ​ស​ក្រហម ទៅ​ឲ្យ​អតីត​មេ​ភូមិ​ចាស់ មាន​កិច្ចសន្យា​ត្រឹមត្រូវ​រវាង​មេ​ភូមិ និង​ពួក​គាត់​ដែរ ដោយ​សន្យា​ថា​៖ រយៈពេល​៥​ឆ្នាំ​ក្រោយ នៃ​ការ​លក់​អាចម៍ដី នឹង​ប្រគល់​ដី​នោះ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ​។ ក្រោយមក​លោក​មេ​ភូមិ​ក៏​បាន​ស្លាប់​ទៅ ឯកសារ​លក់​ទិញ​ទាំងនោះ ត្រូវ​បាន​លោក មាស អ៊ុ​ល មុន​ពេល​ស្លាប់ បាន​ប្រគល់​ទៅ​ឲ្យ​កូន​គាត់ ហើយ​កូន​គាត់​ក៏​បាន​ប្រគល់​ឲ្យ​ពួក​គាត់​វិញ​អស់ហើយ​។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បន្ត​ថា​៖ នៅ​មុន​ពេល​បោះ​ឆ្នោត​សភា កាលពី​កន្លង​ទៅ​នេះ លោក​មេ​ភូមិ​ថ្មី​បាន​ហៅ​ប្រជាពលរដ្ឋ​ទៅ​ផ្ទះ​របស់​គាត់ ដោយ​ប្រាប់​ថា​៖ សូម​បងប្អូន​យក​ដី​នោះ​រៀង​ៗ​ខ្លួន​វិញ​ចុះ ហើយ​ពេល​បោះ​បង្គោលព្រំ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​កុំឱ្យ​ឈ្លោះ​គ្នា​តាម​ព្រំ​ដែនដី​។ ពួក​គាត់​ថា​៖ កាល​ណោះ​លោក​មេ​ភូមិ​ប្រហែល​ចង់បាន​សន្លឹក​ឆ្នោត​ពី​ប្រជាពលរដ្ឋ ទើប​និយាយ​បែប​នេះ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ក្រោយ​ពេល​បោះ​ឆ្នោត​ហើយ​មេ​ភូមិ​បាន​ប្រកាស​តាម​មេក្រូ​ថា​៖ គឺ​មិន​ប្រគល់​ដី​ទាំងនោះ​ឲ្យ​ពួក​គាត់​វិញ​ទេ ដោយ​ប្រាប់​ថា ថ្នាក់លើ​ជា​អ្នក​ហាមឃាត់​មិន​ឲ្យ​ប្រគល់ ដោយ​សុំ​ដក​ដី​នោះ​ជា​សម្បត្តិ​រួម​ភូមិ​។

ហេតុនេះ​ពួក​គាត់​មាន​តែ​សំណូមពរ​ដល់​សារព័ត៌មាន សូម​មេត្តា​ជួយ​ចុះ​ផ្សាយ ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់ ឲ្យ​បានដឹង​ដល់​ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ​ខេត្ត ពិសេស​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន សូម​មេត្តា​ជួយ​ពួក​គាត់​ផង​។ ជុំវិញ​បញ្ហា​នេះ​លោក យី ភួ​ន មេឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ កន្លង​ទៅ​ធ្លាប់​ប្រាប់​ថា​៖ គាត់​មិន​ទុក​ដី​នោះ​ធ្វើ​អី​ទេ បើ​ថ្នាក់លើ​សម្រេច​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ លោក​ប្រគល់​ភ្លាម​។

តែបើ​ថ្នាក់លើ​ទុក​ដី​នោះ​ជា​ដី​រួម លោក​ក៏​មិន​ហ៊ាន​ជំទាស់​ដែរ​។ យ៉ាងនេះ​ក្តី ដី​នៅ​តំបន់​ខាងលើ ត្រូវ​បាន​ប្រជាពលរដ្ឋ សង្ស័យ​ថា​៖ ត្រូវ​បាន​អាជ្ញាធរ​ភូមិ​ឃុំ លួច​លក់​ដី​អស់​មួយ​ចំនួន​ទៅ​ឲ្យ​ឈ្មួញ​ទៅ​ហើយ ព្រោះ​កន្លង​ទៅ​មាន​ដី​ប្រជាពលរដ្ឋ ដែល​មិន​បាន​លក់​អាចម៍ដី​ទៅ​ឲ្យ​ក្រុមហ៊ុន ម៉ូ​ហិ​បា ត្រូវ​បាន​ឈ្មួញ​ទៅ​ដក​បង្គោល​របស់​គាត់​ចេញ ពេល​ពួក​គាត់​សួរនាំ​ត្រូវ​បាន​ឈ្មួញ ប្រាប់​គ្នា​គេ​ថា កុំ​និយាយ​ជាមួយ​មនុស្ស​ថោកទាប ហើយ​ក៏​បាន​នាំ​គ្នា​ឡើង​ឡាន​ចេញ​ទៅ ។

ជុំវិញ​បញ្ហា​នេះ មន្ទីរ​ទំនាក់ទំនង​សភា​ព្រឹទ្ធសភា និង​អធិការកិច្ច​ដែល​បាន​ទទួល បណ្តឹង​ពី​ប្រជាពលរដ្ឋ សូម​មេត្តា​រួសរាន់​ទៅ​ជួយ​ដោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់​ផង ម្យ៉ាងវិញទៀត មន្ទីរ​នេះ​ក៏​ទទួល​បាន​លិខិត បង្គាប់ការ​មួយ​ពី​រដ្ឋបាល​សាលាខេត្ត ដែល​ចុះហត្ថលេខា ដោយ​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន តាំងពី​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ ឲ្យ​ចុះ​ទៅ​ពិនិត្យ និង​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ តែ​មក​ដល់​ពេល​នេះ​រយៈពេល​ជាង​១​ខែ​ហើយ មិន​ទាន់​ឃើញ​អង្គភាព​ពាក់ព័ន្ធ ដែល​មានឈ្មោះ​ក្នុង​លិខិត​បង្គាប់ការ របស់​អភិបាលខេត្ត​ចុះ​ទៅ​ជួយ​ដោះស្រាយ​នៅឡើយ​នោះ​ទេ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន