ភ្លៀង​ធ្លាក់​១​មេ​លាយ​ខ្យល់​កន្ត្រាក់ របើក​ដំបូល និង​រលំ​ផ្ទះ​២៣​ខ្នង

125

ខេត្តកំពង់ចាម ៖ ភ្លៀង​បាន​បង្អុរ​ធ្លាក់​មក​លើ​ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​០១ មេ​សា ២០១៩ ដោយ​បាន​លាយឡំ​នឹង​ខ្យល់​ក​ន្ក្រា​ក់​នោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លំនៅ​ដ្ឋា​ន​របស់​ប្រជា​ពល​ដ្ឋ តូច​ធំ​ចំនួន​២៣​ខ្នង ត្រូវ​បាន​របើក​ដំបូល និង​ដួល​រលំ​រាប​ដល់​ដី ហើយ​ងាប់​គោ​១​ក្បាល​តែ​មិន​បាន​រងគ្រោះថ្នាក់ ដល់​មនុស្ស​នោះ​ទេ​។

Loading...

លោក អូត ឈាង​លី អភិបាលស្រុក​ជើងព្រៃ​បាន​ឲ្យ​ដឹង​ថា ក្នុង​រដូវប្រាំង​ស្រប​ពេល​ដែល អាកាសធាតុ​ក្តៅ​ផង​បាន​បង្ក​ផលវិបាក​ដល់​មនុស្ស និង​សត្វ ជាមួយ​នោះ​លោក​អភិបាលខេត្ត​ក៏​បាន​ចេញ សេចក្តីណែនាំ​ដល់​ប្រជា​កសិករ​មិន​ឲ្យ​បង្កបង្កើន​ផល​លើក​ទី​២ ឬ​ទី​៣ នៅ​តាម​តំបន់​មួយ​ចំនួន​ដែល​មិន​មាន ប្រភព​ទឹក ដើម្បី​ចៀសវាង​កុំ​ឲ្យ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​។

លោក​អភិបាលស្រុក​ជើងព្រៃ​បន្ត​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ខាងលើ​ស្រាប់តែ​មេឃ​បាន​បង្អុរ​ភ្លៀង ធ្លាក់​មួយ​មេ​មក​លើ​ឃុំ​ស្តើង​ជ័យ លាយឡំ​ដោយ ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​ក្នុង​នោះ​មាន ភូមិ​ខ្នារ ភូមិ​ក្តុ​យ និង​ភូមិ​ដំណាក់​អំពិល បាន​រង​ការ​ខូចខាត​ដោយ​បាន​របើក​ដំបូល និង​មួយ​ចំនួន​បាន​ធ្លាក់​ពីលើ​ជើង​តាង​សសរ ផង​ដែរ រន្ទះបាញ់​ងាប់​គោ​១​ក្បាល​។ ក្រោយ​ពី​មាន​គ្រោះ​ធម្មជាតិ​នេះ​កើតឡើង រូប​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ ស្រង់​ទិន្នន័យ​ការ​ខូចខាត ដើម្បី​រាយការណ៍​ជូន​លោក​អភិបាលខេត្ត និង​ត្រៀម​យក​អំណោយ​ទៅ​ចែក​ជូន​ដល់ ពួក​គាត់​។

ក្រោយ​ភ្លៀង តាម​អូរ​នៅ​ក្នុង​ស្រែ​មួយ​ចំនួន​មាន​ដក់​ទឹក ហើយ​ពលរដ្ឋ​ក្នុង​ឃុំ​ស្តើង​ជ័យ បាន​នាំ​គ្នា​ប្រើប្រាស់​ទឹកស្រះ​។ លោក ស៊ុ​យ សំអាត មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ជើងព្រៃ​វិញ បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០២ មេ​សា កម្លាំង​អាវុធហត្ថ​ស្រុក​ជាង​ច្រើន​នាក់ បាន​នាំ​គ្នា​ចុះ​ជួយ​រុះរើ​លំនៅ​ដ្ឋា​ន​របស់​ពលរដ្ឋ ដែល​បាន​រង​ការ​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់ តាម​ការ​ណែនាំ​របស់​លោក​អភិបាលស្រុក​ជើងព្រៃ ដើម្បី​ការ​សម្រាល​បន្ទុក​លំបាក​បាន​មួយ​ផ្នែក​របស់​ម្ចាស់ផ្ទះ​។ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​០២ មេ​សា អាជ្ញាធរ​ខេត្ត​បាន​ចុះ​មក​អំណោយ​ជូន​ដល់​ពលរដ្ឋ​ចំនួន​២៣​គ្រួសារ ក្នុង​នោះ​ក៏​មាន​វត្តមាន​តំណាងរាស្ត្រ​ចូលរួម​ដែរ ៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត