រថយន្ត​ដឹក​ខ្សាច់​បើក​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់

127

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​រថយន្ត បែន​កង់​៦ ដឹក​ខ្សាច់​បើក​បុក​ពីក្រោយ​ម៉ូតូ​សេ​១២៥ កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ព្រៃ​កី​«​ខ​» សង្កាត់​ពងទឹក ខណ្ឌដង្កោ ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់គេច​ទៅ​បាត់​ដោយ​សុវត្ថិភាព​។

Loading...

ជន​រង​គ្រោះ​ស្លាប់​នៅ​កន្លែង ឈ្មោះ ចក់ សំណាង អាយុ​១៨​ឆ្នាំ មុខរបរ​ជា​សិស្ស​រៀន​ថ្នាក់​ទី​១២ វិទ្យាល័យ​ជម្ពូ​វ័ន មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ ក៏​ប៉ុន្តែ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល​។ ចំណែក​យុវជន​ម្នាក់​ទៀត រង​របួស​ធ្ងន់ធ្ងរ ពុំ​ស្គាល់ឈ្មោះ​គ្រាន់តែ​ដឹង​ថា​ជា​មិត្ត​ភ័​ក្រ ។ រីឯ​រថយន្ត​បង្ក​ត្រូវ​បាន​អ្នក​ភូមិ​អះអាង​ថា ប្រភេទ​បែន​កង់​៦ ដឹក​ខ្សាច់ ក្រោយ​កើតហេតុ​ភ្លាម បើក​រត់គេច​ទៅ​បាត់​ស្រមោល​។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HC-8435 ដោយ​យុវជន ចក់ សំណាង ជា​អ្នកបើកបរ ឌុ​ប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​បង្ក​បើក​បុក​ពីក្រោយ ហើយ​កិន​បន្ថែម​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួស​ធ្ងន់ធ្ងរ​ម្នាក់​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែក​សាកសព នៅ​កន្លែង​កើតហេតុ ឪពុក​ម្តាយ​យំសោក​បោក​ខ្លួន មិន​គួរ​ណា​វិល​មក​ពី​កន្លែង​បងប្អូន​លក់​ពង​ទា​កូន​វិញ មក​ជិត​ដល់​ផ្ទះ​ទៅ​ហើយ បែរជា​ជួប​គ្រោះ​អកុសល​បែប​នេះ​សោះ​៕ ដោយ ៖ យឹ​ម ឈឿ​ន